បារាំង៖ រដ្ឋមន្ត្រីយុត្តិធម៌លាចេញពីតំណែង ព្រោះជំទាស់ប្រធានាធិបតី
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៧ មករា ២០១៦
- កែប្រែចុងក្រោយ: January 27, 2016
- ប្រធានបទ: នយោបាយបារាំង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីប្រកាសព័ត៌មានមួយ របស់វិមានប្រធានាធិបតីបារាំង បានឲ្យដឹងថា (អតីត) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង អ្នកស្រី គ្រីស្យាន តូបៀរ៉ា (Christiane Taubira) បានលាឈប់ពីតំណែង ជារដ្ឋមន្ត្រីរបស់អ្នកស្រី ជាស្ថាពរហើយ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០១៦នេះ។ តំណែងជារដ្ឋមន្ត្រីយុត្តិធម៌បារាំង នឹងត្រូវបានជំនួសដោយតំណាងរាស្ត្រ មកពីគណបក្សសង្គមនិយម (និន្នាការឆ្វេងនិយម) មួយរូបទៀត គឺលោក ហ្សង់ហ្សាក់ អៀវ៉ាស (Jean-Jacques Urvoas)។
ជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបារាំង...
អ្នកស្រី តូបៀរ៉ា បានថ្លែងជំទាស់ ជាញ៉យដង ទៅនឹងគម្រោងរបស់រដ្ឋាភិបាលបារាំង (ដែលអ្នកស្រីខ្លួនឯង ជាសមាជិក) ស្នើរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋបារាំង ដែលចង់បញ្ឈប់ ឲ្យមានការកាន់សញ្ជាតិពីរ នៅពេលដែលពលរដ្ឋបារាំងណាម្នាក់ មានជាប់ទាក់ទង នឹងបណ្ដាញភេរវកម្ម។ សេចក្ដីប្រកាសព័ត៌មាន របស់វិមានប្រធានាធិបតី បានឲ្យដឹងទៀតថា៖ «ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) និង(អតីត)រដ្ឋមន្ត្រីយុត្តិធម៌ អ្នកស្រី គ្រីស្យាន តូបៀរ៉ា បានព្រមព្រៀង ពីភាពចាំបាច់ ដើម្បីដាក់បញ្ចប់នូវតំណែងរបស់អ្នកស្រី នៅខណៈពេលដែលការពិភាក្សា ទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំពុងធ្វើនៅរដ្ឋសភាជាតិ ក្នុងថ្ងៃនេះ ដោយគណៈកម្មការច្បាប់»។
«ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានសម្ដែងអំណរគុណ ពីសកម្មភាពកន្លងមករបស់អ្នកស្រី ក្នុងនាមជារដ្ឋមន្ត្រី ទៅកាន់អ្នកស្រី គ្រីស្យាន តូបៀរ៉ា។ អ្នកស្រីបានសម្រេច ប្រកបដោយឆន្ទះយ៉ាងមុតស្រួច ទិសដៅច្បាស់លាស់ និងទេពកោសល្យខ្ពស់ នូវកំណែទម្រង់ផ្នែកយុត្តិធម៌ ហើយអ្នកស្រីបានដើរតួរយ៉ាងសំខាន់ ក្នុងការជំរុញឲ្យមានការអនុម័ត្រ នូវច្បាប់អាពាហ៍អាពិពាហ៍ សម្រាប់គ្របគ្នា (ឬហៅម្យ៉ាងទៀត អាពាហ៍ពិពាហ៍ សម្រាប់ភេទដូចគ្នា - Editor's Not)។» នេះបើតាមការបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែល។
ធូរស្រាលសម្រាប់ប្រទេសបារាំង?
ការលាឈប់របស់ (អតីត) រដ្ឋមន្ត្រីយុត្តិធម៌ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាទូទៅ នៅព្រឹកថ្ងៃពុធនេះ។ មជ្ឈដ្ឋាននយោបាយបារាំង បានសម្ដែងប្រតិកម្មខុសៗគ្នា ដោយក្រុមអ្នកនយោបាយឆ្វេងនិយម បានសម្ដែងការអបអរសាទរថា ជាការសម្រេចចិត្តដ៏ល្អមួយ ខណៈក្រុមអ្នកនយោបាយស្ដាំនិយម បានបរិហាថា ជាការលាលែង ដែលធ្វើឲ្យមានការធូរស្រាល សម្រាប់ប្រជាជាតិបារាំង។ ប្រធានគណបក្សស្ដាំនិយមជ្រុល អ្នកស្រី ម៉ារីន ឡឺពេន (Marine Le Pen) បានហៅការលាលែងនេះ ជាដំណឹងល្អ និងបានចាត់ទុកថា អ្នកស្រី តូបៀរ៉ា បានដឹកនាំសកម្មភាព ដ៏អាក្រក់មួយ សម្រាប់ប្រទេសបារាំង។
ចំពោះអ្នកស្រី តូបៀរ៉ា ខ្លួនឯងវិញ បានថ្លែងនៅក្នុងពិធីប្ដូរតំណែង វេលារសៀលថ្ងៃពុធដដែល នៅក្នុងក្រសួងយុត្តិធម៌ថា ការលាលែងរបស់អ្នកស្រី ដោយសារអ្នកស្រីមិនយល់ស្រប នឹងនយោបាយជាមូលដ្ឋានគ្រឹះមួយ។ អ្នកស្រីបានថ្លែងថា៖ «ខ្ញុំបានជ្រើសរើស ភាពស្មោះត្រង់នឹងខ្លួនខ្ញុំ ទៅនឹងគោលការណ៍ ទៅនឹងការតស៊ូរបស់ខ្ញុំ និងអ្វីដែលខ្ញុំមាន ជាមួយមនុស្សទាំងអស់។ (...) គ្រោះថ្នាក់ ដែលកើតមកពីភេរវកម្ម មានទំហំធំ និងមិនអាចស្មានដឹង។ តែយើងអាចបំបាក់វាបាន យើងអាចដឹងពីអ្វី ដែលអាចប្រយុទ្ធប្រឆាំងនឹងវា (...) ប៉ុន្តែយើងមិនត្រូវឲ្យវា (ភេរវជន) ទទួលបាននូវជ័យជំនះ ទោះជាតាមរយៈយោធា ការទូត ឬតាមរយៈជានិមិត្តរូបក្ដី។»៕