ISIS ផ្សាយវីដេអូថ្មី «សម្លាប់ពួកវាទាំងអស់ នៅទីណាដែលអ្នកជួប»
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៥ មករា ២០១៦
- កែប្រែចុងក្រោយ: January 26, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការភេរវកម្ម នៃក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) បានផ្សាយជាផ្លូវការ នូវវីដេអូថ្មីមួយ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ ដែលមានរយៈពេល១៧នាទី ព្រមានបណ្ដាប្រទេសសម្ព័ន្ធមិត្ត ក្នុងការវាយប្រហារទៅលើក្រុមខ្លួន នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់ ដោយលើកយក ការវាយប្រហារភេរវកម្ម កណ្ដាលរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងមក មកធ្វើជាឈុតឆាក កាត់តដើម្បីធ្វើអត្ថាធិប្បាយ។
ផ្សាយចេញ ពីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលមានឈ្មោះជាផ្លូវការថា «Al-Hayat media center»វីដេអូលើកនេះនៅតែបានបង្ហាញ ពីឈុតឆាកមួយចំនួន ដែលមានលក្ខណៈសាហាវឃោឃៅ នៃការកាត់កដោយកាំបិត និងការប្រហារជីវិត ដោយបាញ់សម្លាប់ ទៅលើមនុស្សច្រើននាក់ ដែលទំនងជាចំណាប់ខ្មាំង របស់ក្រុមរដ្ឋអ៊ីស្លាម។
«យុទ្ធជនរាជសី»ទាំង៩...
មានចំណងជើងថា «សម្លាប់ពួកវាទាំងអស់ នៅទីណាដែលអ្នកបានជួប» វីដេអូបាននិយាយ ពីជនស្ម័គ្រប្រយុទ្ធ ទាំង៩នាក់ មានបួននាក់ជាជនជាតិប៊ែលហ្សិក ៣នាក់ជាជនជាតិបារាំង និង២នាក់ជាជនជាតិអៀរ៉ាក់ ដែលសុទ្ធសឹងជាអ្នកធ្វើការវាយប្រហារ នៅក្នុងភេរវកម្មកណ្ដាលរដ្ឋធានី កាលពីខែវិច្ឆិកា ដែលធ្វើឲ្យមនុស្ស១៣០នាក់ស្លាប់ និងច្រើនរយនាក់របួស។ ជនទាំង៩នាក់ ត្រូវបានក្រុមរដ្ឋអ៊ីស្លាម ចាត់ទុកនៅក្នុងវីដេអូ ថាជា«យុទ្ធជនរាជសី» ដែលបានដាក់ប្រទេសបារាំង ឲ្យ«លុតជង្គង់»។
អ្នកធ្វើអត្ថាធិប្បាយ នៅក្នុងវីដេអូ ជាភាសាអារ៉ាប់ និងភាសាបារាំង បានថ្លែងយ៉ាងមុតមាំនូវសារព្រមាន របស់ក្រុមរបស់ខ្លួន សំដៅទៅគ្រប់ប្រទេសទាំងអស់ ដែលចូលរួមក្នុងយុទ្ធនាការសិក ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីវាយលុយកំទេចក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់ រាប់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤។
នៅក្នុងវីដេអូ គេបានឃើញមានរូបភាព (រូបខាងលើ) របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីដ កាមឺរូន (David Cameron) ដោយអមដោយឃ្លាមួយ ជាភាសាអង់គ្លេស មានន័យថា៖ «នរណាក៏ដោយ ដែលស្ថិតនៅជាមួយពួក"ឈើឆ្កាង" នឹងក្លាយជាទិសដៅ នៃចុងដាវរបស់យើង»៕