បំណែក​ថ្មី​រើស​បាន​ពី​សមុទ្រ​នៅ​ថៃ មិន​មែន​មក​ពី​យន្ដហោះ MH370

កាកសំណល់ ឬបំណែកយន្ដហោះ ដែលបានរកឃើញនៅលើឆ្នេរសមុទ្រ ភាគនារតីនៃប្រទេសថៃ កាល​ពី​ចុង​សប្ដាហ៍​មុន មិនមែន​ជា​ផ្នែក​មួយ នៃយន្ដហោះម៉ាឡេស៊ី «MH370» ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង កាលពីឆ្នាំ២០១៤ កន្លង​មក​នោះ​ទេ។ នេះបើតាមការអះអាង ក្នុងជំហ៊ានដំបូង របស់អ្នកជំនាញខាង​យន្ដហោះ និង​ត្រូវ​បាន​អះអាង​បន្ថែម ដោយ​ប្រទេស​ម៉ាឡេស៊ី​ខ្លួនឯង។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មករា ២០១៦
  • កែប្រែចុងក្រោយ: January 27, 2016
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសម៉ាឡេស៊ី បានអះអាងនៅថ្ងៃអង្គារ ថាបំណែកដែកដ៏ធំមួយ ដែលត្រូវបានស្រង់បាន នៅលើឆ្នេរ​សមុទ្រ​ភាគនារតី នៃប្រទេសថៃ កាលពីថ្ងៃសៅរ៍មុន ថាមិនមែនជាបំណែកមួយ របស់យន្ដហោះ «MH370» ដែលបាន​បាត់ខ្លួនយ៉ាងអាថ៌កំបាំង កាលពីជិត២ឆ្នាំមុននោះទេ។

បំណែកដ៏ធំនោះ ត្រូវបានរកឃើញ ដោយអ្នកនេសាទថៃជាច្រើននាក់ នៅក្នុងខេត្ត ណាក់ខន ស៊ីធម្មារាត ដែល​មានចំងាយមិនតិចជាង ៨០០គីឡូម៉ែត្រ ពី​ខាង​ត្បូង​នៃ​រាជធានីបាងកក។ ប៉ុន្តែបើតាមអ្នកជំនាញ បានឲ្យ​ដឹងថា បំណែក​នោះ អាចជាកាកសំណល់មួយ នៃកាំជ្រួចផ្កាយរណបរបស់ប្រទេសជប៉ុន ដែលត្រូវបានបាញ់ចេញ​ពីដី ហើយ​បាន​បំបែកខ្លួន នៅក្នុងអាកាស មុននឹងបំណែកនេះ បានធ្លាក់ចូលក្នុងសមុទ្រ។

កាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះ ក្រុមហ៊ុនផលិតកាំជ្រួចផ្កាយរណប «Mitsubishi Heavy Industries» របស់​ប្រទេស​ជប៉ុន ក៏បានអះអាងដែរថា បំណែកដែលរកឃើញ នៅលើឆ្នេរសមុទ្រ នៃប្រទេសថៃ មាន​លក្ខណៈ​ដូច​គ្នា​ទាំង​ស្រុង ទៅនឹងផ្នែកមួយ នៃកាំជ្រួច «H-IIA» ឬកាំជ្រួច «H-IIB» ដែលត្រូវបានបាញ់ចេញ ពីភាគខាងត្បូង​នៃ​ប្រទេស​ជប៉ុន​ កាលពីពេលកន្លងមក។

រដ្ឋមន្ត្រីដឹកជញ្ជូន នៃប្រទេសម៉ាឡេស៊ី លោក «Liow Tiong» បាននិយាយនៅក្នុង សេចក្ដីប្រកាស​ព័ត៌មាន​មួយ នៅថ្ងៃអង្គារនេះថា បំណែកដែលរកឃើញខាងលើ ត្រូវបានយកមកសិក្សា ដោយអ្នកជំនាញ ដែលបាន​បញ្ចប់​ទៅ ដោយការសន្និដ្ឋានថា បំណែកនេះ មិនមែនជាផ្នែកមួយ នៃយន្ដហោះប៊ូអីង (Boeing 777) ដែល​បាន​បាត់​ខ្លួន​នោះទេ។

យន្ដហោះប៊ូអីង ដែលមានជើងហោះហើរលេខ «MH370» បានហោះភ្ជាប់រដ្ឋធានីកូឡាឡំពួរ របស់ប្រទេស​ម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង របស់​ប្រទេសចិន ប៉ុន្តែបានបាត់ខ្លួននៅមួយម៉ោង ក្រោយពីហោះងើបខ្លួន ពីព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤ ដោយបាននាំទៅជាមួយ នូវបុគ្គលិក​អ្នកបម្រើការ១២នាក់ និង​អ្នក​ដំណើរ ២២៧នាក់ ដែលក្នុងនោះ២ភាគ៣ ជាជនជាតិចិន។ បើទោះជាការរុករក បានធ្វើឡើងយ៉ាងខ្លាំងក្លា នៅកណ្ដាលមហាសាគរ អស់រយៈពេលជាច្រើនខែក៏ដោយ តែជាលទ្ធផលនៅតែ អះអាង​ពីភាពអាថ៌កំបាំង នៃការបាត់ខ្លួនរបស់យន្ដហោះនេះដដែល។

អ្វីដែលគេបានរកឃើញ រហូតមកដល់ម៉ោងនេះ គឺបំណែកយន្ដហោះមួយចំនួន ដែលបានអណ្ដែត ទៅ​ដល់​​កោះ​រ៉េអ៊ុយញ៉ុង (Réunion - ទឹកដីបារាំង ក្នុងមហាសមុទ្រឥណ្ឌា ខាងលិច) កាលពីចុងខែកក្កដាកន្លងទៅ។ ប៉ុន្តែ​សួរ​ថា តើយន្ដហោះ​នៃក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ មួយនេះទាំងមូល កំពុងស្ថិតនៅទីណា​នោះ គ្មាន​នរណាម្នាក់ហ៊ានអះអាង​ឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...