អាមេរិក៖ យន្ដហោះអាស៊ីមួយគ្រឿងឆេះ បន្ទាប់ពីខកខានការចុះចត (VDO)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: July 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះប៊ូអ៊ីញ ៧៧៧ (Boeing 777) នៃក្រុមហ៊ុនអាកាសចរណ៍ អាស៊ីយ៉ាណា អ៊ែរឡាញ (Asiana Airlines) របស់កូរ៉េខាងត្បូង បានឆាបឆេះជាអណ្ដាតភ្លើង នៅប្រលានយន្ដហោះអន្តរជាតិ នៃទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ បន្ទាប់ពីយន្ដហោះនេះ បានខកខានក្នុងចុះចតកាលពីថ្ងៃសៅរ៍ទី០៦ខែកក្កដា វេលាម៉ោង១១និង៣០នាទី(ម៉ោងក្នុងស្រុក) ដែលបានធ្វើឲ្យមួយផ្នែកនៃតួរបស់យន្ដហោះ ត្រូវបានភ្លើងឆេះទៅជាធ្យូង។
ផ្សែងត្របាញ់ឡើងលើ ព្រោះយន្ដហោះរបស់អាស៊ីយ៉ាណា អ៊ែរឡាញ ចុះចតមិនស្រួលបណ្ដាលឲ្យឆេះ។
តាមព័ត៌មានដំបូង ដែលផ្ដល់ដោយអាជ្ញាធរអាកាសចរណ៍អាមេរិក (FAA) មានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលរងគ្រោះនឹងភ្លើងឆេះរលាក ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុត តាមឧទ្ធម្ភាគចក្រ។ ប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់ បានរាយការណ៍ថា មានអ្នករបួសស្រាលច្រើនជាង១០នាក់។ អាជ្ញាធរបានបញ្ជាក់ថា នៅមុនហេតុការណ៍នេះ យន្ដហោះបានផ្ទុកអ្នកដំណើរប្រមាណជា ២៩១នាក់ និង១២នាក់ផ្សេងទៀតជាអ្នកបម្រើការលើយន្ដហោះ។ គ្រប់ជើងហោះហើរចេញពី និងឆ្ពោះទៅព្រលានយន្ដហោះ នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ត្រូវបានលប់ចោល ហើយព្រលានយន្ដហោះ ត្រូវបានបញ្ជាឲ្យបិតនៅក្នុងរយៈពេលនោះ។
សាក្សីជាច្រើនបានអះអាងថា កន្ទុយយន្ដហោះបានបុកបោក ទៅនឹងផ្លូវយន្ដហោះ។ អាជ្ញាធរអាកាសចរណ៍អាមេរិក ក៏បានបញ្ជាក់ពីហេតុការណ៍នេះដែរ នៅពេលដែលយន្ដហោះកំពុងចុះចត។ សាក្សីម្នាក់ឈ្មោះស្តេហ្វិន ឌៀរ (Stephen Dear) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «មុខរបស់យន្ដហោះ បានងើយឡើងខ្ពស់ខុសពីធម្មតា សម្រាប់យន្ដហោះទាំងឡាយដែលបម្រុងនឹងចុះចត។ ខ្ញុំមានអារម្មណ៍ថា ដូចជាចំលែកណាស់។ (...) ខ្ញុំឃើញកន្ទុយរបស់វា បុកកកិតទៅនឹងដី។»
អគ្គិដែលបានឆាបឆេះបន្ទាប់មកនោះ ត្រូវបានគេពន្លត់។ បើគេមើលរូបភាពផ្សាយតាមទូរទស្សន៍ប្រចាំតំបន់ តួយន្ដហោះមួយចំហៀង ត្រូវបានភ្លើងអគ្គិឆេះទៅជាធ្យូង និងតួយន្ដហោះឈប់សំចតនៅលើដី ដែលស្របនឹងផ្លូវយន្ដហោះចុះចតនោះដែរ។ កន្លែងដែលយន្ដហោះចុះចតហើយបោកខ្លួននឹងផ្លូវនោះ មានចម្ងាយពីកន្លែងដែលយន្ដហោះឈប់នេះប្រមាណជា១០០ម៉ែត្រ ហើយត្រូវបានគេសង្កេតឃើញមានស្នាមរបេះ និងបំណែកជាច្រើន ដែលទំនងជាកន្ទុយរបស់យន្ដហោះ៕
សូមទស្សនារូបភាព និងវីដេអូដូចខាងក្រោម៖
វីដេអូ៖
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ