ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ «ភ្នំមួយមិនអាចមានខ្លាពីរ»
- ដោយ: អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ កក្កដា ២០១៣
- កែប្រែចុងក្រោយ: July 06, 2013
- ប្រធានបទ: ថ្ងៃ៥-៦កក្កដា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រឹត្តិការណ៍ឆ្នាំ១៩៩៧ បានបន្ថែមទំព័រថ្មីមួយ ទៅឲ្យប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដែលពេលនោះ វាជាព្រឹត្តិការណ៍បង្ហូរឈាមគ្នាមួយ កណ្តាលរាជធានីភ្នំពេញ រវាងកងទ័ពដែលស្មោះត្រង់ នឹងនាយករដ្ឋមន្រ្តីពីររូប៖ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទីមួយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទីពីរ ដោយសារតែភាពមិនចុះសម្រុង នៅក្នុងឆាកនយោបាយ ដូចពាក្យមួយឃ្លាលើកឡើងថា «ភ្នំមួយមិនអាចមានខ្លាពីរ»។
ក្រោយបន្ទាប់ពីព្រឹត្តិការណ៍ ដែលបង្កឲ្យមានការភ័យខ្លាចពេញរាជធានីកម្ពុជា និងបានបង្អើលទូទាំងពិភពលោកនោះមក គេបាលមើលឃើញពីការពង្រឹកអំណាចទ្វេឡើងរបស់នាយករដ្ឋមន្ត្រីទីពីរ លោកហ៊ុន សែន ដែលចាញ់ឆ្នោតក្នុងឆ្នាំ១៩៩៣ មកពីគណបក្សប្រជាជនកម្ពុជា និងការធ្លាក់ចុះដុនដាប នៃអំណាចរបស់នាយករដ្ឋមន្ត្រីទីមួយ ដែលឈ្នះឆ្នោត មកពីគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ អំណាចរបស់លោកហ៊ុន សែន ដែលបន្តឈានឡើង ដល់កម្រិតកំពូល និងបានផ្ទុយពីអំណាច របស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលបានធ្លាក់សឹង តែដល់ចំនុច«សូន្យ» ក្នុងពេលបច្ចុប្បន្ន។
តែទោះជាព្រឹត្តិការណ៍នេះ បានកើតឡើងបួនឆ្នាំ ក្រោយការបោះឆ្នោត ដែលរៀបចំឡើង ដោយអង្គការសហប្រជាជាតិនៅកម្ពុជា និងបានធ្វើឲ្យមានការកាប់សម្លាប់គ្នា យ៉ាងល្វីងជូរចត់ សម្រាប់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ីនប៉ិច ដែលជាគណបក្សឈ្នះឆ្នោតនោះក៏ដោយ ក៏រហូតមកទល់នឹងពេលនេះ គេកម្រនឹងឃើញប្រតិកម្ម របស់មន្ត្រីគណបក្សហ៊្វុនស៊ីនប៉ិច ថ្លែងទាក់ទងនឹងព្រឹត្តិការណ៍នេះណាស់។ ក្រុមមន្ត្រីទាំងនោះ គ្រាន់តែបានថ្លែងបន្តិចបន្តួច ទៅកាន់ក្រុមអ្នកកាសែតដោយប្រុងប្រយ័ត្ន ទាក់ទងនឹងការប្រារព្ធពិធីបុណ្យរំលឹកខួប អ្នកដែលបានពលី នៅក្នុងព្រឹត្តិការណ៍នោះតែប៉ុណ្ណោះ។
អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច លោកញឹក ប៊ុនឆៃ កាលពីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៣ បានប្រកាសជាថ្មីថា មិនប្រារព្ធខួបអ្នកដែលបានស្លាប់ ក្នុងព្រឹត្តិការណ៍នៃទេ ដោយបញ្ជាក់ថា បញ្ហានេះ បានកំណត់ដាក់ក្នុងរបៀបវារៈ នៃអង្គប្រជុំ របស់គណៈកម្មការនាយក របស់គណបក្សហើយ កាលពីឆ្នាំ២០១២ នឹងយកថ្ងៃទីមួយ នៃពិធីបុណ្យភ្ជុំបិណ្ឌ និងថ្ងៃបុណ្យចូលឆ្នាំ ជាថ្ងៃឧទ្ទិសកុសល ជូនដល់សមាជិកសមាជិការ ឬអ្នកគាំទ្រ ដែលបានបូជាអាយុជីវិត ក្នុងរយៈកាលកន្លងមក ជាជំនួសវិញ។ ឆ្លើយតបនឹងការចោទប្រកាន់ ដែលថាគណបក្សបានបំភ្លេចព្រឹត្តិការណ៍ និងអ្នកដែលបានពលី ដើម្បីគណបក្សនោះ លោកបាននិយាយថា គណបក្សហ្វុនស៊ីនប៉ិច មិនដែលភ្លេចថ្ងៃដ៏សំខាន់នេះឡើយ។
តែផ្ទុយ ពីការប្រកាសរបស់គណបក្សហ៊្វុនស៊ិនប៉ិចនេះ គណបក្សសង្គ្រោះជាតិ បាននិមន្តព្រះសង្ឃចំនួនដប់ប្រាំមួយអង្គ រៀបចំពិធីបង្សុកូលជូនជនរងគ្រោះ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍នោះ កាលពីថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៣ នៅចំពេលដែលប្រទេសទេសកម្ពុជា កំពុងធ្វើការឃោសនា សម្រាប់ការបោះឆ្នោតសកល នាប៉ុន្មានសប្ដាហ៍ខាងមុខ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បាននិយាយថា លោកមានការសោកស្តាយ ចំពោះអ្នកស្នេហាជាតិជាច្រើន ដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ «រដ្ឋប្រហារ»ថ្ងៃទី៥-៦ ខែកក្ដដា ឆ្នាំ១៩៩៧។ នេះជាមូលហេតុសំខាន់ ដែលគណបក្សសង្គ្រោះជាតិរៀបចំពិធីបង្សុកូល ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធ និងជាការដឹងគុណ ចំពោះការពលី របស់អ្នកទាំងនោះ។ អ្នកនាំពាក្យរូបនេះ បន្តថា ការរំឭកខួបនេះ ដើម្បីឲ្យមេដឹកនាំនយោបាយទាំងអស់ ជ្រើសរើសការតស៊ូមតិ ការកសាងសង្គម តាមប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ក្នុងការរៀបចំ ឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ជៀសវាងការយកមធ្យោបាយហិង្សាគ្រប់ប្រភេទ មកធ្វើជាការតស៊ូមតិ ផ្នែកនយោបាយនោះ។
ផ្ទុយពីការអះអាង របស់មន្ត្រីគណបក្សប្រឆាំង សម្រាប់រដ្ឋាភិបាលវិញបានរិះគន់ថា ការៀបចំពិធីបង្សុកូលនេះ មានបំណងញុះញង់ និងចង់បំបែកបំបាក់ប្រជាជាតិកម្ពុជាតែប៉ុណ្ណោះ ហើយក៏ជាការកេងចំណេញផ្នែកនយោបាយដែរ ដែលគេចាត់ទុកថាជា«ត្រីងៀតឆ្លៀតពង»។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបកស្រាយថា គណបក្សសង្គ្រោះជាតិ មិនចង់ឲ្យមានសាមគ្គីភាពរ ស្ថេរភាព និងសន្តិភាពនយោបាយ វាងគណបក្សប្រជាជនកម្ពុជា ជាមួយនិងគណបក្សហ៊្វុនស៊ិនប៉ិចនោះទេ។
ព្រឹត្តិការណ៍ដ៏អាក្រក់នេះ បានដាស់អង្រួនប្រជាជនកម្ពុជា ពីភាពភ័យខ្លាច នឹងការវិលត្រឡប់ ចូលទៅរកសង្គ្រាមសារជាថ្មី បន្ទាប់ពីពួកគេបានទទួល នូវក្ដីសង្ឃឹមដ៏តិចតួចមួយ នៅក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣នោះមក។ មតិជាតិ និងអន្តរជាតិមួយចំនួន បានចាត់ទុក ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ថាជា«រដ្ឋប្រហារ»ដែលធ្វើឡើង ដោយលោក ហ៊ុន សែន ដើម្បីបណ្តេញព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ចេញពីអំណាច និងដើម្បីបានបន្ត«គ្រប់គ្រងប្រទេសកម្ពុជា» រហូតមកដល់សព្វថ្ងៃ ដែលមានរយៈពេល ជាងសាមសិបឆ្នាំមកហើយ រាប់ចាប់តាំងពីឆ្នាំ១៩៧៩មក។
លោក ហ៊ុន សែនខ្លួនឯង ធ្លាប់បានប្រកាស នៅបន្ទាប់ពីព្រឹត្តិការណ៍នោះថា ប្រតិបត្តិការយោធារបស់លោក ក្នុងបំណងទប់ស្កាត់ពួកជ្រុលនិយម ដែលប៉ុនប៉ងនាំរបបខ្មែរក្រហម ត្រឡប់មកកម្ពុជាវិញ។ លោកថែមទាំងបានអួតអាងថា «គេថាខ្ញុំវ៉ៃខ្លាំងដូចម៉ៃថៃស៊ុន។ តែម៉ៃថៃស៊ុនលេងខាំស្លឺកត្រជៀក ចំណែកខ្ញុំ វ៉ៃដោយតម្លាភាព។» លោកមិនដែលបានចោទថា នោះជាព្រឹត្តិការណ៍រដ្ឋប្រហារ បង្កដោយកងទ័ពស្និតនឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នោះទេ។
តែនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតនៃបណ្ឌិតសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក ហ៊ុន សែន បានបញ្ជាក់សារជាថ្មី និងជាសាធារណៈ ច្រានចោល នូវរាល់ការចោទប្រកាន់ទាំងឡាយ ដែលថាព្រឹត្តិការណ៍ថ្ងៃ៥-៦ខែកក្កដា ឆ្នាំ១៩៩៧ ជា«រដ្ឋប្រហារ» ជាមួយនឹងការចោទប្រកាន់ដូច្នេះថា គឺហ្វុនស៊ីនប៉ិចទេ ដែលជា«អ្នកធ្វើរដ្ឋប្រហារ» តែដល់បរាជ័យ បែរជាចោទគេថា ធ្វើរដ្ឋប្រហារទៅវិញ។
ក្នុងកិច្ចសម្ភាសមួយ របស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៨ ជាមួយលោក ប៊្រែដ អាដាមស៍ (Brad Adams) នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ទទួលបន្ទុកក្នុងតំបន់អាស៊ី និងជាអតីតមន្ត្រីជាន់ខ្ពស់ នៃការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ដែលបានតាមដានព្រឹត្តិការណ៍ ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ យ៉ាងដិតដល់ លោកបានហៅព្រឹត្តិការណ៍នោះ ថាជា«រដ្ឋប្រហារ»របស់លោកហ៊ុន សែន និងមិនមែនជារដ្ឋប្រហារ របស់គណបក្សប្រជាជនទេ។ លោកបានឲ្យដឹងទៀតថា នៅមុនព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដានោះ អ្នកស្និទ្ធនឹងនាយករដ្ឋមន្ត្រីទាំងសងខាង បានពង្រឹងកងទ័ពរបស់ខ្លួន ដើម្បីជាប្រយោជន៍ក្រុមតែរៀនខ្លួន ជាជាងផលប្រយោជន៍របស់រដ្ឋ ក្នុងនោះ មានចរចារអូញទាញកម្លាំងខ្មែរក្រហម និងការនាំអាវុធយុទ្ធភណ្ឌ ចូលមកជាដើម។ ឯកម្លាំងទ័ពខ្មែរក្រហម ដែលបានចូលរួមប្រយុទ្ធ នៅក្នុងព្រឹត្តិការណ៍នោះ ភាគច្រើនបានប្រយុទ្ធ ដើម្បីនាយរដ្ឋមន្រ្តីទីពីរ លោក ហ៊ុន សែន។
តែលោក ញឹក ប៊ុនឆៃ ដែលសព្វថ្ងៃជាឧបនាយករដ្ឋមន្ត្រីមួយរូប នៃរដ្ឋាភិបាលរបស់លោកហ៊ុន សែននោះ បានចាត់ទុកថ្ងៃ៥-៦ ខែកក្កដានេះ ជាព្រឹត្តិការណ៍ដែលកើតចេញ ពីការមិនទុកចិត្តគ្នាតែប៉ុណ្ណោះ មិនមែនជារដ្ឋប្រហារទេ។ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឯណោះវិញ រហូតមកដល់ពេលបច្ចុប្បន្ន ក៏ទ្រង់មិនបានសម្ដែងប្រតិកម្មអ្វី ជាសាធារណៈនោះដែរ។
ការប្រយុទ្ធនៃគូរភាគីទាំងសងខាង ដែលចាប់ផ្ដើម ពីពេលថ្ងៃត្រង់នៃថ្ងៃទី៥ និងបានបញ្ចប់នៅថ្ងៃទី៦ខែកក្កដា ឆ្នាំ១៩៩៧ បានបណ្ដាលឲ្យមានកងទ័ពដែលស្មោះត្រង់ នឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ជាងពីររយនាក់ ក្នុងនោះឧត្តមសេនីយ៍ជាច្រើននាក់ ដែលសុទ្ធសឹង ជាអ្នកធ្លាប់ចូលរួមចលនាតស៊ូ ដើម្បីរំដោះជាតិខ្មែរ ក្រោយឆ្នាំ១៩៧៩មកនោះ ត្រូវបានសម្លាប់ក្រៅប្រព័ន្ធច្បាប់។ រហូតមកទល់សព្វថ្ងៃ គេនៅមិនទានរកឃើញថា តើនរណាពិតប្រាកដ ជាអ្នកនៅពីក្រោយ ការកាប់សម្លាប់ទាំងនោះនៅឡើយ៕