«ឆ្នាំណា ទើបខ្ញុំបានចូលរៀននយោបាយ» ដូច ធី សុវណ្ណថា?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 28, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានក្លាយ ជាសមាជិកគណបក្សប្រជាជនកម្ពុជា តើចាំបាច់ត្រូវកញ្ញា ធី សុវណ្ណថា «ចៅតា» ចូលរៀន«វគ្គអប់រំនយោបាយ» ហ្វឹកហ្វឺនដោយអតីតគណបក្សកុម្មុយនីស្ដមួយនេះឬ? បើទោះជាចាំបាច់ ឬមិនចាំបាច់ក៏ដោយ ក៏វគ្គអប់រំនយោបាយនេះ មិនបានបើកទ្វា សម្រាប់សមាជិកផ្សេងទៀត របស់គណបក្សកាន់អំណាច នោះឡើយ។
ដូចយ៉ាង លោក ផែង វណ្ណៈ ដែលគេស្គាល់ថា ជាមន្ត្រីក្រសួងមហាផ្ទៃ ដែលស្និតនឹងគណបក្សប្រជាជនកម្ពុជា ជាយូរមកនោះ បានសំដែងចម្ងល់របស់លោក នៅចំពោះ«វគ្គអប់រំនយោបាយ» របស់គណបក្ស ដែលបានបើកទ្វា សម្រាប់សមាជិកថ្មីថ្មោង ដូចជាកញ្ញា «ចៅតា» ជាដើម តែហាក់មិនបានខ្វាយខ្វល់ ចំពោះរូបលោក ដែលខំធ្វើការ«បម្រើបក្ស» អស់ជិតពាក់កណ្ដាលអាយុ ទៅហើយនោះទេ។
លោក ផែង វណ្ណៈ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម ដ៏ល្បីឈ្មោះ បានយកព័ត៌មានមួយ ស្ដីពីវត្តមានរបស់កញ្ញា ធី សុវណ្ណថា នៅក្នុង«វគ្គអប់រំនយោបាយ លើកទី១៧»នេះ មកបង្ហោះ ជាមួយនឹងសំនួរឡើងថា «ឆ្នាំណា ទើបខ្ញុំបានចូលរៀន នឹងគេហ្ន ?» មុននឹងពន្យល់បន្តថា «ខ្ញុំបំរើបក្ស អស់ជិតពាក់កណ្ដាលអាយុទៅហើយ គេមិនដែលបាន [ឲ្យ]ទៅក្បែរស្នាក់ការបក្សធំផង ពាក្យ គ៨៥ លឺតែគេថា តែមិនដែលដឹងទេ។ ពេលខ្លះ មានអារម្មណ៍គិតខ្លួនឯងថា តើខ្ញុំកំពុងខំដើម្បីអ្នកណា បើគេមិនទទួលស្គាល់ផង?»។
កញ្ញា ធី សុវណ្ណថា ដែលគេស្គាល់ខ្លាំង នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត ឆ្នាំ២០១៣ ដោយសារនាង ធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិនោះ ត្រូវបានអនុញ្ញាត ឲ្យចូលរៀនវគ្គអប់រំនយោបាយ របស់គណបក្ស ជាមួយមន្ត្រីជាច្រើនទៀត។ វគ្គអប់រំនយោបាយនេះ ចាប់ផ្ដើមធ្វើ ពីថ្ងៃទី២៦ ខែកក្កដា និងមានរយៈពេល៦ថ្ងៃ នៅក្នុងស្នាក់ការគណបក្ស សាខារាជធានីភ្នំពេញ។
នៅចំពោះ«វគ្គអប់រំ»នេះ ប្រិយមិត្តជាច្រើនរបស់លោក ផែង វណ្ណៈ បានសំដែងចម្ងល់ដូចគ្នា និងខ្លះទៀតបានចំអកកញ្ញា«ចៅតា»យ៉ាងចាស់ដៃ។ ដូចនាង គីម វ៉ានលី បានសរសេរឡើងថា «ទោះយ៉ាងណា លោកពូមិនអាចរៀនបានទេ ព្រោះលោកពូជាប់សញ្ញាប័ត្រ បាក់ឌុប» ខណៈនាង លី ខេត បានលើកឡើងសួរត្រឡប់ទៅវិញថា «ឆ្ងល់ណាស់ តើក្មេងម្នាក់នេះ ជាគ្រាប់ពេជ្រមែនទេ បានបក្សមួយៗលើកកប់ពពក ដណ្ដើមគ្នាសុីយ៉ាងនេះ អត់យល់?»។
លោក ផែង វណ្ណៈ បានឆ្លើយទៅវិញថា៖ «គាត់ជាវិរៈនារីស្នេហាជាតិ គួរអោយគោរពណាស់ គាំទ្រគាត់ទៅ»៕