សង្គ្រាម​ផ្ទុះ រវាង​ចរាចរណ៍​ក្រុង និង​ផែង វណ្ណៈ រឿង​«កូន​ស្រី​ញៀន​ថ្នាំ»

ព្រឹត្តិការណ៍ប្រចាំថ្ងៃ!!! ជាការប្រកាសសង្គ្រាម រវាងលោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីល្បាញ ជាមួយមន្ត្រី​នគរបាលចរាចរណ៍​ជើងគោក រាជធានីភ្នំពេញ បន្ទាប់​ពីហេតុការណ៍ឃាត់រថយន្ដ បើកបរដោយយុវតីម្នាក់ ដែលគេស្គាល់ថា ជាកូនស្រីលោក ផែង វណ្ណៈ កាលពីម្សិលម៉ិញ និងបន្ទាប់ពីទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ«​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី» បានសរសេរ​ហៅ​យុវតីរូបនោះ ថា«ឈ្លើយ» និង​​​ជាអ្នក«ញៀនថ្នាំ»។
សង្គ្រាម​ផ្ទុះ រវាង​ចរាចរណ៍​ក្រុង និង​ផែង វណ្ណៈ រឿង​«កូន​ស្រី​ញៀន​ថ្នាំ»
រូបឆ្វេង៖ លោក ផែង វណ្ណៈ និងកូនប្រុស-ស្រី របស់លោក។ រូបស្ដាំ៖ លោក ចេវ ហាក់ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 28, 2017
  • ប្រធានបទ: ជម្លោះមន្ត្រី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមពាក្យសំដី រវាងមន្ត្រី និងមន្ត្រី បានផ្ទះឡើងហើយ!!! លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីល្បាញ បានចាត់ទុកទង្វើ របស់ក្រុមភ្នាក់ងារនគរបាលចរាចរណ៍ «មួយចំនួន» ថាបានធ្វើឡើង ដូចជា«ក្រុមចោរ» ដែលលួចពួកស្ទាក់ ចាប់ឃាត់យានយន្ដ នៅតាមដងផ្លូវ និងហៅក្រុមមន្ត្រីមានសមត្ថកិច្ចទាំងនោះ ថាជាក្រុមមន្ត្រី«ចរាចរណ៍ថោកទាប»។ ខណៈក្រុម(ស្និត)មន្ត្រីចរាចរណ៍រាជធានីវិញ បានហៅយុវតី ដែលជាកូនស្រីលោក ផែង វណ្ណៈ ថាជាមនុស្ស«ញៀនថ្នាំ» និងហៅលោក ផែង វណ្ណៈ ថាកំពុង«កាង» កូនស្រី«ល្មើស»របស់ខ្លួន។

រឿងរ៉ាវចាប់ផ្ដើមឡើង តាំងពីព្រឹកម្សិលម៉ិញ វេលាម៉ោង ១០ និង០៥នាទី បន្ទាប់ពីយុវតី ផែង ពិសី ដែលជាកូនស្រីរបស់លោក ផែង វណ្ណៈ បានបើក​រថយន្ដ​បត់ឆ្វេង ល្មើសផ្លាក​សញ្ញាចរាចរណ៍ «ហាមបត់ឆ្វេង»​ ហើយត្រូវបាន​ក្រុមនគរបាលចរាចរណ៍ ដែលឈរជើង នៅត្រង់ចំណុចផ្លូវសុធារស​ «មុខ​ ប៊ីលប្រាយ» ឃាត់ឲ្យឈប់។ លោក ផែង វណ្ណៈ បានយកហេតុការណ៍នេះ មកបង្ហោះ ដោយសំដែងក្ដីក្រេវក្រោវ នឹងកាយវិការរបស់មន្ត្រីចរាចណ៍ ដែលលោកអះអាងថា បានវាយរថយន្ដកូនស្រីលោក «ចង់ក្រពឹត»។

មន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក ដែលសម្បូរដោយអ្នកតាមដានថា៖ «ធ្លាប់តែឃើញ ប្រជាពលរដ្ឋប្ដឹង ថានគរបាល​ចរាចរណ៍ក្រុង​ខ្លះ​​សាហាវៗ​ ពេលនេះ ខ្ញុំឃើញផ្ទាល់ភ្នែក ពិតជាសាហាវ ដូចគេថាមែន​។​ គ្រាន់​តែឡានបើកបត់ឆ្វេង ខុសស្លាកសញ្ញា​ហាមឃាត់​ ព្រោះតែក្មេងបើក​មិនដឹង​ ស្រាប់តែអាមន្ត្រីចរាចរណ៍​ក្រុង​ថោកទាប ស្ទុះមកវាយឡាន​ចង់ក្រពឹត​។​ ស្ដាយដែរ កូនមិនឈប់ឡាន​ បើឈប់ឡាន ចុះទៅទះកំផ្លៀងអាថោកហ្នឹងម្ដង​។​ ពួនស្ទាក់ដូចចោរ​ បើឃើញគ្នាខុស ហៅគ្នាឲ្យឈប់ទៅ​ បែជាស្ទុះមកវាយឡាន​ ពិតជាថោកណាស់ អាថោក​។»។

តបទៅនឹងការបង្ហោះសារ និងរូបភាពខាងលើ របស់លោក ផែង វណ្ណៈ ទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ «ការិយាល័យចរាចរណ៍​ផ្លូវគោក​ រាជធានីភ្នំពេញ» បានប្រតិកម្មតបវិញ ដោយចាត់ទុកការលើកឡើង របស់មន្ត្រីក្រសួងមហាផ្ទៃរូបនេះ ថាជាការ«កាង»កូនស្រី ដែល«ឈ្លើយ» និង«ញៀនថ្នាំ»។ ទំព័រនោះ បានសរសេរតបទៅវិញ ដូច្នេះថា៖ «ផែង វណ្ណៈ កាងកូន ជម្លើយ ញៀនថ្នាំ រិៈគន់ Police ចរាចរណ៍ក្រុង ដែលខ្លួនជា Police ក្រសួង ក្រោមមេតែមួយ ហេតុដោយសារទឹកចិត្តឪពុក។ កូនឡប់យ៉ាងណាា ក៏ឡប់តាមកូនដែរ។ សូមពិចារណាឡើងវិញ បើអ្នកឯងល្អ រឺកូនអ្នកឯងល្អ គ្មានអ្នកណាទៅរករឿងទេ។ សុភាសិត និយាយថា ទះដៃម្ខាង វាមិនឮទេ។»។

រឿងរ៉ាវ ដែលឈានដល់ការវាយតប់ ទៅលើរថយន្ដនេះ ត្រូវបានមន្ត្រីចរាចរណ៍ម្នាក់អះអាងថា ព្រោះកូនស្រីរបស់លោក ផែង វណ្ណៈ មិនបានឈប់រថយន្ដ តាមការឃាត់ របស់ក្រុមភ្នាក់ងារចរាចរណ៍ ហើយបែរជាបើករថយន្ដ តម្រង់មន្ត្រីចរចរណ៍តែម្ដង។ មន្ត្រីចរាចរណ៍ម្នាក់នោះ ដែលស្និតក្នុងហេតុការណ៍ បានអះអាងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ប្រសិនជាភ្នាក់ងារនគរបាលរូបនោះ មិនគេចខ្លួនចេញទេ ច្បាស់ជាត្រូវរថយន្ដកូនស្រីលោក ផែង វណ្ណៈ បុកសម្លាប់ ឬបុកឲ្យរបួស ជាក់ជាមិនខាន។

«លោករដ្ឋមន្ត្រី Facebook»

ពាក្យសំដីរបស់លោក ផែង វណ្ណៈ ក៏ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ច្រើននាក់ សំដែងប្រតិកម្ម និងការអាក់អន់ស្រពន់ចិត្តដែរ។ មន្ត្រីម្នាក់ឈ្មោះ ចាន់ វាសនា បានហៅលោក ផែង វណ្ណៈ ថាជា«លោករដ្ឋមន្ត្រី Facebook» ដោយសំដែងក្ដីទោមនស្ស តាមគណនេយ្យហ្វេសប៊ុករបស់លោកថា៖ «ទើបតែដឹងថា ការងាររបស់ខ្ញុំថោកនៅថ្ងៃនេះ ធ្វើជាមន្រ្តីនគរបាលលចរាចរណ៍ ជិត១០ឆ្នាំហើយ។ អរគុណលោក ផែង វណ្ណៈ។ តែចង់ប្រាប់លោកថា ការងារខ្ញុំថោកមែន តែខ្ញុំពលីកម្លាំងកាយចិត្ត បំពេញការងារ គ្មានថ្ងៃឈប់សម្រាក ដូចការងារលោកឯងទេ។ ធ្វើការក្រោមកម្ដៅថ្ងៃ ទោះមេឃភ្លៀងយ៉ាងណា ក៏មិនឈប់សម្រាក ស៊ូដើម្បីប្រយោជន៍អ្នកប្រើប្រាស់ដងផ្លូវ តែលទ្ធផលទទួលបានមកវិញ គឺពាក្យជេរប្រមាថ មើលងាយ មិនអោយតម្លៃ។»។

លោក ចាន់ វាសនា បានសួរឡើងថា៖ «តើនេះឬជាអ្វី ដែលនគរបាលចរាចរណ៍ទទួលបាន? កូនលោកឯងមិនគោរពច្បាប់ លោកឯងជាឳគេ បែជាមកជេរ​មន្រ្ដី​​នគរបាល​ចរាចរណ៍ ដែលអនុវត្តច្បាប់។ តើលោកឯងធ្វើនេះ គិតថាត្រឹមត្រូវហើយឫ ? លោករដ្ឋមន្រី Facebook។»។

មន្ត្រីខ្លះទៀត ដូចយ៉ាងលោក ម៉ិច ភីរុណ បានបង្ហោះរូបភាពមួយចំនួន ជាមួយពាក្យពេជន៍ថា៖

ដាក់ពាក្យបណ្ដឹងទៅ«ថ្នាក់លើ»...

ប៉ុន្តែការហៅកូនស្រីលោក ផែង វណ្ណៈ ថា«ឈ្លើយ» និង«ញៀនថ្នាំ» ពីសំណាក់ទំព័រហ្វេសប៊ុក ដាក់ឈ្មោះ «ការិយាល័យចរាចរណ៍ផ្លូវគោករាជធានី» បានរងប្រតិកម្មមកវិញ យ៉ាងចាស់ដៃ ពីសំណាក់លោក ផែង វណ្ណៈ ផ្ទាល់ និងក្រុមគ្រួសារ ព្រមទាំងអ្នកគាំទ្រលោកមួយចំនួនផង។ លោក ផែង វណ្ណៈ បានប្រកាសមិនអត់អោន ឲ្យការិយាល័យរដ្ឋ​ខាងលើ និងបានប្រើប្រាស់សំណេរ បែប«នយោបាយ» វាយបកទៅវិញ។

អ្នកប្រើប្រាស់បណ្ដាញសង្គម ស្និតនឹងគណបក្សកាន់អំណាចរូបនេះ បានសរសេរថា៖ «ពិតជាថោកទាបណាស់ ទង្វើបែបនេះហើយ ដែលពលរដ្ឋចង់ដូរ។ វ៉ៃឡានកូនខ្ញុំហើយ ចោទកូនខ្ញុំថា ជាមនុស្សញៀនថ្នាំទៀត។ កូនខ្ញុំជានិស្សិតពេទ្យឆ្នាំទី ៦ ជិតចូលទី ៧ទៅហើយ ពួកអាអង្គភាពថោកទាប ក្រោមការដឹកនាំ របស់ ចេវ ហាក់ មកចោទកូនខ្ញុំបែបនេះ។ ខ្ញុំនឹងមិនលើកលែង ឲ្យអង្គភាពថោកទាបនេះទេ។ កូនខ្ញុំផង នៅវាចោទសម្លាប់ទាំងរស់ ចុះកូនពលរដ្ឋស្លូតត្រង់ វាចោទយ៉ាងម៉េចទៅ?»។

នៅមុននេះបន្តិច លោក ផែង វណ្ណៈ បានអះអាងថា លោក​ ចេវ​ ហាក់​ ប្រធាន​ការិយាល័យ​នគរបាលចរាចរណ៍ ​ផ្លូវ​គោក ​រាជធានី​ បានទូរស័ព្ទ​មកលោក ដើម្បីចង់ជួបលោក ទៅតាមបញ្ជារបស់លោកស្នងការនគរបាល (ថ្នាក់​ជាតិ ឬថ្នាក់រាជធានី?)។ តែលោកបានបដិសេធ «មិនជួប» និងថែមទាំង​ព្រមានដាក់ពាក្យបណ្ដឹង ឡើងទៅ«ថ្នាក់លើ» ដើម្បីរកយុត្តិធម៌ឲ្យកូនស្រីលោក។ មន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានសរសេរបញ្ជាក់ថា៖ «ពួកអ្នកឯងចោទកូនខ្ញុំ ថាជាមនុស្សញៀនថ្នាំ​ អ្នកឯងរកភស្តុតាងមក ចាំខ្ញុំទៅជួប​។​ បើគ្មានភស្តុតាងទេ​ ខ្ញុំនឹងដាក់ពាក្យបណ្ដឹង ទៅថ្នាក់លើឲ្យរកយុត្តធម៌ឲ្យកូនស្រីខ្ញុំ ដែលជានិស្សិតពេទ្យឆ្នាំទី​ ៦​ មិនឲ្យពួកអ្នកឯង ដើរចោទតាមអំពើចិត្ត​។​»។

សង្គ្រាមពាក្យសំដីខាងលើ ទំនងជានឹងមិនបញ្ចប់ទៅ ដោយងាយៗទេ ដោយហេតុថា លោក ផែង វណ្ណៈ ព្រមានបន្តភាគចេញវីដេអូរិះគន់ ជាបន្តបន្ទាប់ និងប្រកាស​ប្រមូលវីដេអូ​ទាំងឡាយណា ដែលថតឲ្យឃើញ​ពីសកម្មភាព «អសកម្ម របស់មន្ត្រីនគរបាលចរាចររាជធានី» ដើម្បីបង្ហោះផ្សាយជាសាធារណៈ នៅលើបណ្ដាញសង្គម៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...