បើគ្មានប្រាក់សងតម្លៃកាងឡានថ្មីទេ នឹងយកម៉ូតូ«កញ្ចាស់»ទាំងមូល!
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញថ្ងៃទី២៦ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 26, 2014
- ប្រធានបទ: គ្រោះថ្នាក់ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប៉ះទង្គិចគ្នានេះបង្កឡើង ដោយរ៉ឺម៉ក់ម៉ូតូមួយគ្រឿង ដែលមានដឹកបន្លែ បានទៅប៉ះនឹងឡានម៉ាកនីសាន់ពាក់ផ្លាកលេខ ភ្នំពេញ 2AA-6071 បើកបរដោយស្រ្តីម្នាក់ដែលមានវ័យជិត៣០ឆ្នាំ។ ការប៉ះទង្គិចគ្នានេះមិនបង្កឱ្យ ការខូចខាតធំដុំអ្វីនោះទេ តែអ្វីដែលគួឲ្យចាប់អារម្មណ៍នោះ នៅត្រង់ថា ស្រ្តីអ្នកបើកឡាន ទាមទារឲ្យម្ចាស់រ៉ឺម៉កដែលជាជនក្រីក្រ សងកាងឡានថ្មីជាជំនួស និងកាងចាស់ដែលបានប៉ះឱ្យក្រពឹតនោះ។
ម្ចាស់រថយន្តនោះ បានទាមទារឱ្យម្ចាស់ម៉ូតូដាច់ខាតត្រូវតែសង នូវតម្លៃកាងរថយន្តដែលបានប៉ះទង្គិចនោះ បើទោះបីជាមិនបានទាំងអស់ ក៏ត្រូវតែសងពាក់កណ្តាលដែរ។ ដោយឡែកម្ចាស់រ៉ឺម៉កម៉ូតូអ្នកស្រី ស្មា សុផាន មានអាយុ៣១ឆ្នាំ បានលើកដៃសុំទោស និងសុំការអធ្យាស្រ័យពីម្ចាស់ឡានម៉ាកនីសាន់ ព្រោះអ្នកស្រីគ្មានលុយដ៏ច្រើនតាមការទាមទារ ឱ្យសងនូវតន្លៃកាងរថយន្តនោះទេ។ សម្រាប់ម្ចាស់រថយន្ត បានបញ្ជាក់ថា ទោះយ៉ាងណាក៏ត្រូវតែសងដែរ បើគ្មានលុយសងទេ គឺ«ត្រូវតែយកម៉ូតូកញ្ចាស់»នេះទៅ។
អ្នកដែលត្រូវបានម្ចាស់រថយន្តទាមទារឱ្ យសងថ្លៃខូចខាចតអ្នកស្រី ស្មា សុផាន ដែលមានមុខរបរជាអ្នកលក់បន្លែនៅមុខរោងចក្រ បានរៀបរាប់ថា ម៉ូតូដែលមានរ៉ឺម៉កសណ្តោងពីក្រោយ បើកបរដោយកូនប្រុសរបស់អ្នកស្រី មុនដំបូងគឺគេចផុតហើយ ប៉ុន្តែគាត់មិនដឹងថា រថយន្តម៉ាកនីសាន់នេះឈប់នៅនឹងមុខម៉ូតូរបស់កូនអ្នកស្រីនោះទេ ដែលជាហេតុបណ្តាល ឱ្យជ្រុងរ៉ឺម៉កប៉ះនឹងកាងឡានផ្នែកខាងក្រោយតែម្តងទៅ។
ស្រ្តីម្ចាស់ម៉ូតូរូបនេះរៀបរាប់បន្តថា អ្នកស្រីគ្មានលុយសងនោះទេ មានតែលើកដៃសុំទោសម្ចាស់រថយន្តតែប៉ុណ្ណោះ ព្រោះនៅជាប់ខ្លួនរបស់អ្នកស្រី មានលុយតែ១ម៉ឺន៥ពាន់រៀលប៉ុណ្ណោះ។ ហើយរាល់ថ្ងៃនេះ គាត់មានដើមទុនតែ៨ម៉ឺនរៀលនោះទេ សម្រាប់ទិញបន្លែលក់ប្រចាំថ្ងៃនៅមុខរោងចក្រ គ្រាន់និងបានប្រាក់ចំណេញបន្តិចបន្តួចចិញ្ចឹមជីវិត។ បើសិនម្ចាស់រថយន្តនោះយកម៉ូតូគាត់ទៅ តើគាត់មានអ្វីសម្រាប់រកស៊ីចិញ្ចឹមកូនៗ។
សម្រាប់ម្ចាស់រថយន្តវិញ នៅតែប្រកាន់ជំហរទាមទារ ឱ្យមានដំណោះស្រាយដ៏សមរម្យ។ ស្រ្តីដែលជាម្ចាស់រថយន្តនីសាន់នោះ និយាយថា៖ «គាត់មានតិចតួចឱ្យខ្ញុំ ក៏ខ្ញុំព្រមដែរ តែគាត់កុំនិយាយឡើងថាអត់មានសោះ អត់មានសោះ និយាយមកបញ្ហាអីអាហ្នឹង! ទោះក្រយ៉ាងណា ខ្ញុំក៏ធ្លាប់ក្រដែរ រឿងថាអត់មានសោះ គឺថាអត់មានទេ! តែសំខាន់មានការប៉ះពារគ្នាហើយ ត្រូវតែមានការដោះស្រាយគ្នាបន្តិច។»។
តាមសាក្សីដែលនៅកន្លែងកើតហេតុបានអះអាងថា ដើមឡើយឡាននោះបានបើកក្នុងល្បឿនមួយ ឯរ៉ឺម៉កម៉ូតូបានបើកពីក្រោយ។ លុះមកដល់កន្លែងកើតហេតុឡាននោះ ក៏ស្រាបតែចាប់ហ្វ្រាំងភ្លាមៗឈប់នៅកន្លែងតែម្តង ដែលជាហេតុធ្វើឱ្យម៉ូតូចាប់ហ្វ្រាំងមិនទាន់ ខំប្រឹងបរគេចដែរ តែរ៉ឺម៉កខាងក្រោយ មិនអាចជៀសផុត ហើយទើបបណ្តាលឱ្យក្រពឹតកាងឡានផ្នែកក្រោយនោះទៅ។ ប្រភពដដែលបានបញ្ជាក់ថាកាងរថយន្តនោះ មានតម្លៃប្រហែល២០០ដុល្លា៕