ការ​​លាង​សំអាត​របស់​ ឈាង វុន ជា​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ឬ​តាម​ប្រព័ន្ធ​កុម្មុយនីស?

ប្រជាពលរដ្ឋកម្ពុជាមួយចំនួន បានធ្វើការរិះគន់ទៅលើការបកស្រាយ របស់លោក ឈាង វុន មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលបានលាងសម្អាតឲ្យប្រធានរដ្ឋសភា លោក ហេង សំរិន ថាបានធ្វើស្របតាមរដ្ឋធម្មនុញ្ញនោះ គឺ​ជា​ការ​អនុវត្ត​តាមប្រព័ន្ធកុម្មុយនីស ដ៏ចាស់ដុះស្លែមួយ និងជាការ«រិតត្បិតសេរីភាព»ដ៏ធ្ងន់ធ្ងរនៅកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 26, 2014
  • ប្រធានបទ: សឬខ្មៅ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ម្សិលម៉ិញនេះ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន បានចាត់ទុកសារាចរណ៍ ដែលចេញដោយប្រធានរដ្ឋសភា កាលពីថ្ងៃទី១២ ខែកញ្ញា មិនមានឃាត់ឃាំងសិទ្ធិ និងសេរីភាពអ្នកណា​ម្នាក់​ឡើយ។ ក្នុងនោះរួមទាំង ប្រជាពលរដ្ឋ សង្គមស៊ីវិល ពិសេសតំណាងរាស្ត្រសភាទាំងមូល ដែលស្រប​​តាម​បទ​បញ្ជាផ្ទៃក្នុង និងរដ្ឋធម្មនុញ្ញកម្ពុជា។

កាលពីថ្ងៃទី១២ ខែកញ្ញា ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បានចេញសារាចរណែនាំមួយ ទៅដល់​គណៈកម្មការនានានៃរដ្ឋសភាទាំង១០ ដោយតម្រូវឲ្យគណៈកម្មាការទាំងនោះ សុំការអនុញ្ញាតពីលោក​ជា​មុន​សិន មុននឹងកោះហៅសង្គមស៊ីវិល និង ប្រជាពលរដ្ឋចូលជួបក្នុងសភានោះ។ សារាចរនេះត្រូវបានគេ​មើល​ឃើញថា បានរឹតត្បិតសិទ្ធសេរីភាព និងការងារឯករាជ្យរបស់តំណាងរាស្ត្រ ក្នុងការបំពេញ​មុខងារ​របស់​ខ្លួន។

ប៉ុន្តែអ្វីដែល លោក ឈាង វុន បានសង្គត់ធ្ងន់លើការចេញសារាចរនេះ នៅត្រង់ថា (វា)ជាសិទ្ធិ និងករណីកិច្ច​របស់ប្រធានរដ្ឋសភា ដែលមានតួនាទីទទួលខុសត្រូវក្នុងសភាទាំងមូល។ «សម្តេចប្រធានធ្វើខុសនឹង​ច្បាប់​ត្រង់​ណា បើច្បាប់ចែងមកអញ្ចឹង?»។

លោក ឈាង វុន បានចោទប្រកាន់លើការសរសេរលិខិត កោះហៅរដ្ឋមន្ត្រី មន្រ្តីនានា ឬសង្គមស៊ីវិលចូល​សភា ដោយមិនមានការអនុញ្ញាត ពីប្រធានរដ្ឋសភា ថាជាការខុសច្បាប់។ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន​រូបនេះ ចាត់ទុក «រដ្ឋសភាមិនមែនជាកន្លែង ដែលនរណាក៏ដោយ អាចចេញចូលស្រេចតែចិត្ត ដោយគ្មានការ​អនុញ្ញាត​នោះទេ»។

ការលាងសំអាតឲ្យប្រធានរដ្ឋសភា ដោយលោក ឈាង វុន នេះ ត្រូវបានលោក ធី សំណាង គ្រូកម្មសិក្សា​នៃ​សកលវិទ្យាល័យច្បាប់មួយ នារាជធានីភ្នំពេញ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លើកជា​ចំណោទថា តើរដ្ឋសភាដែលបានកើតឡើងតាំងពីឆ្នាំ១៩៩៣មក មានដែលគិតគូររឿងករណីនេះទេ? ចុះ​ហេតុអ្វីក៏ទើបតែមកគិតគូរ ក្នុងពេលនេះ? លោកបានផ្តល់ជាចម្លើយមកវិញថា ដោយសារពេលមុន «គ្មាន»​ការចូលរួមក្នុងរដ្ឋសភា ដោយមន្រ្តីនៃបក្សប្រឆាំង និងធ្លាប់មានតែតំណាងរាស្រ្ត នៃគណបក្សកាន់អំណាច​តែ​មួយ​​គត់ ដែលតែងតែធ្វើខ្យល់ ធ្វើព្យុះ និងភ្លៀងស្រេចតែអំពើចិត្ត។

គ្រូកម្មសិក្សារូបនេះ បានបន្ថែមថា៖ «ដល់ពេលមានការចូលរួម ពីគណបក្សប្រឆាំងក្នុងរដ្ឋសភា ហើយត្រូវ​បាន​មន្រ្តី​នៃគណបក្សនេះ អនុវត្តតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដោយហៅមន្រ្តីមកពីគណបក្សកាន់អំណាច ដែល​ខ្លួនអនុវត្តការងារនាពេលកន្លងមក ពោរពេញដោយភាពអសកម្ម បែរជារដ្ឋសភាចេញសារាចរ ហាមឃាត់ នូវសិទ្ធិ និងសេរីភាពក្នុងការអនុវត្តតាមច្បាប់ទាំងនេះ។ (….) មន្រ្តីនៃបក្សកាន់អំណាចទាំងនោះ អៀនខ្លួនឯង ដែល​ពីមុនមកមិនដែលបាន កោះហៅរដ្ឋមន្រ្តី ឬមន្រ្តីដែលគេមើលឃើញថា មានភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្តការងារ និងតួនាទីរបស់ខ្លួននាពេលកន្លងមក។»

ចំណែកលោក វ៉ាន់ សាម៉ន មន្រ្តីចូលនិវត្តនៃក្រសួងអប់រំ បានបរិហាការបកស្រាយរបស់លោក ឈាង វុន ថា​មិនបានអនុវត្តតាមលិទ្ធិប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញឡើយ ហើយលោក ឈាង វុន កំពុងអនុវត្ត​ច្បាប់​បែប«កុម្មុយនីស» ក្នុងប្រទេស(ប្រហែល)ប្រជាធិបតេយ្យ។ លោកបានបន្ថែមថា ការបកស្រាយនេះ មិនបាននាំប្រទេសកម្ពុជាទៅរក«នីតិរដ្ឋ»នោះទេ។ លោកបានពន្យល់ថា៖ «ខ្ញុំមិនដឹងថា តើលោក ឈាង វុន យល់​ថាអ្វីដែលហៅថានីតិរដ្ឋ យ៉ាងណានោះទេ។ តែតាមគំនិតខ្ញុំ នីតិរដ្ឋ មានន័យថា ជាប្រទេសដែលមាន​ច្បាប់ យ៉ាងច្បាស់លាស់ ហើយច្បាប់ទាំងនោះ ក៏ត្រូវបានផ្តល់អត្ថប្រយោជន៍ទូទៅ ដល់មនុស្ស សង្គម និង​ប្រទេសជាតិ។»

អតតីតមន្ត្រីរាជការរូបនេះ បានលើកជាបញ្ហាថា តើដើម្បីបាននីតិរដ្ឋទាំងនេះ ទៅដល់សង្គមជាតិមួយត្រូវ​ធ្វើ​យ៉ាងណា? លោក វ៉ាន់ សាម៉ន បានបន្តថា ដូច្នេះត្រូវមាន ការអនុវត្តន៍ច្បាប់យ៉ាងពិតប្រាកដ និងមាន​ប្រសិទ្ធិភាព។ បើមើលថាប្រទេសមួយនេះ មាននីតិរដ្ឋ ឬគ្មាននោះ គេត្រូវមើលលើការអនុវត្តន៍ច្បាប់ និងមាន​ប្រសិទ្ធិភាព។ ការអនុវត្តនេះ រាប់ចាប់ពី ព្រះមហាក្សត្រ, នាយករដ្ឋមន្រ្តី, សមាជិករដ្ឋាភិបាល, មន្ត្រីរាជការ
រហូត​ដល់ប្រជារាស្រ្តសាមញ្ញ។ ច្បាប់មានអំណាចពេញលេញ អាចដាក់ជាទណ្ឌកម្ម និងពិន័យបុគ្គលណា​បានប្រពឹ្រត្តិខុសមិនថាមន្រ្តី ឬរាស្រ្តឡើយ ត្រូវមានភាពស្មើគ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...