គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភា បង្កើតមកដើម្បីឲ្យល្អមើល? (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៧ វិច្ឆិការ ២០១៤
- កែប្រែចុងក្រោយ: November 30, 2014
- ប្រធានបទ: វិភាគ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីលោក បានដឹកនាំក្រុមការងាររបស់លោក ទៅជួបពិភាក្សា ជាមួយគណៈកម្មការទី១០ នៃរដ្ឋសភាថា «មានតែអង្គភាពប្រឆាំងអំពើពុករលួយតែមួយគត់ ដែលមានសមត្ថកិច្ច ស៊ើបអង្គេតបញ្ហាអំពើពុករលួយ។ ស្ថាប័នផ្សេងទៀត ដឹងពីបញ្ហាអំពើពុករលួយ ត្រូវប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយ មិនអាចយករឿងអំពើពុករលួយ ទៅបើកស៊ើបអង្កេតដោយខ្លួនឯងបានទេ។ នេះយើងច្បាស់ជាមួយគ្នា។»
ថ្លែងនៅចំពោះ លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយរបស់រដ្ឋសភា លោក ឱម យិនទៀង បានពន្យល់បន្ថែមទៀតថា ស្ថាប័នប្រឆាំងអំពើពុករលួយរបស់លោក ត្រូវបានបង្កើតឡើងតែមួយគត់ដោយច្បាប់ ហើយមានអាជ្ញានុសិទ្ធិ ឲ្យទទួលពាក្យបណ្ដឹង ឬបើកការស៊ើបអង្កេត ទៅលើសំនុំរឿងពុករលួយ។ លោកបានថ្លែងឲ្យដឹងថា៖ «សូម្បីតែស្ថាប័នតុលាការ ក៏មិនអាចធ្វើការស៊ើបអង្កេតរឿងនេះបានដែរ ត្រូវតែឃ្វាលចេញ និងប្តឹងបកមកអង្គភាពប្រឆាំងអំពើពុករលួយ»។
ការថ្លែងខាងលើរបស់លោក បានធ្វើឡើងបន្ទាប់ពីជំនួប«ពិភាក្សា»មួយ ក្នុងវិមានរដ្ឋសភា កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ជាមួយនឹងផ្នែកមួយនៃអង្គការនិតិបញ្ញត្តិ ដែលលោក ឱម យិនទៀង ចាត់ទុកថាជាស្ថាប័ន«ពៅ»ជាងស្ថាប័នរបស់លោកទៅទៀត។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះ បានលើកឡើងថា នេះជាជំនួបលើកដំបូង របស់អង្គភាពរបស់លោក ដែលជាអង្គភាពពៅគេ ទើបបង្កើតបានតែបីឆ្នាំ ជាមួយនឹងគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ដែល«ពៅ»ជាងអង្គភាពរបស់លោក កើតមិនទាំងបានបួនខែ ស្រួលបួលផង។
ទំនងជាទទួលស្គាល់នូវការលើកឡើង របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងផ្ទុយពីការចោទសួរហូរដូចទឹក ពីសំណាក់អ្នកសារព័ត៌មាន ទៅលើសំនុំរឿងពុករលួយដ៏រសើបជាច្រើននោះ លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០ បានថ្លែងពន្យល់ថា ជំនួបពិភាក្សាជាមួយគ្នានៅថ្ងៃនេះ គ្រាន់តែដើម្បីចែករំលែក បទពិសោធឲ្យគ្នាទៅវិញទៅមក និងធ្វើសហប្រតិត្តិការជាមួយគ្នា តែពុំមានការសួរដេញដោល លើបញ្ហាណាមួយនោះឡើយ។
តើលោក ហូរ វ៉ាន់ ស្គាល់ពីសំនុំរឿងពុករលួយអ្វីខ្លះ?
លោកតំណាងរាស្ត្រ ហូរ វ៉ាន់ មកពីគណបក្សសង្គ្រោះជាតិ បានបន្តបកស្រាយទៀតថា គណកម្មការរបស់លោក គ្រាន់តែចង់ដឹង ពីសកម្មភាពការងារ របស់អង្គភាពប្រឆាំងអំពើពុករលួយកន្លងមក ទទួលបានលទ្ធផលយ៉ាងណា និងចង់ដឹងពីទិសដៅ អនុវត្តការងារអនាគត របស់អង្គភាពប្រឆាំងអំពើពុករលួយ ពីព្រោះស្ថាប័ន«និតិបញ្ញត្តិមានតួនាទី តាមឃ្លាំមើលការអនុវត្តច្បាប់នានា របស់ស្ថាប័ននីតិប្រតិបត្តិ»។
ប្រទេសកម្ពុជា មានកេរ្ត៍ឈ្មោះយ៉ាងល្បី និងជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខមួយ នៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងអំពើពុករលួយ។ បើសូម្បីតែប្រទេសភូមា ដែលទើបចាប់ផ្ដើមកំណែទម្រង់ តែក៏នៅមានកេរ្ត៍ឈ្មោះពិរោះពិសារ ជាងព្រះរាជាណាចក្រអច្ឆរិយៈមួយនេះដែរ។ នេះបើតាមរបាយការណ៍មួយ ចេញផ្សាយកាលពីចុងឆ្នាំ២០១៣ ដោយអង្គការតម្លាភាពពិភពលោក ដែលមានទីតាំងនៅក្នុងប្រទេសអាល្លឺម៉ង់។
អំពើពុករលួយបានចាក់ឬស ដល់ខួរឆ្អឹងសង្គមកម្ពុជា រាប់តាំងពីថ្នាក់កំពូលដែលខ្ពស់ជាងមេឃ ចុះមកមន្ត្រីរាជការធម្មតា បើសូម្បីតែគ្រូបង្រៀន។ ទោះអង្គភាពប្រឆាំងអំពើពុករលួយ បានអនុវត្តវិធានការចាប់ចងមួយចំនួន ទៅលើមន្ត្រីគ្រាក់ៗខ្លះហើយក៏ដោយ តែចំណាត់ការមិនបានធ្វើឲ្យឈើ ដែលពុកស្អុយរលួយទៅហើយ ងើបដុះមកវិញ ដោយងាយៗនោះឡើយ។ ក្រុមអ្នកឃ្លាំមើលមួយចំនួន ថែមទាំងបានរិះគន់រាល់ចំណាត់ការទាំងនោះ ថាគ្រាន់តែជាការ«អេះមិនចំកន្លែងរមាស់» ឬ«អេះថើរៗបង្អើលចាប»ប៉ុណ្ណោះ។
ដូច្នេះ សំនុំរឿង«ពុករលួយ» មានច្រើនកៀរនឹងជើង។ តែបើសួរថា តើលោក ហូរ វ៉ាន់ ស្គាល់សំនុំរឿង«ពុករលួយ» បានអ្វីខ្លះនិងប៉ុណ្ណានោះ គ្មាននរណាដឹងចម្លើយជាងលោក ហូរ វ៉ាន់ ខ្លួនលោកទេ។ នៅមុននេះប៉ុន្មានសប្ដាហ៍ សំនុំរឿងពុករលួយ និងបក្សពួកនិយមក្នុងរដ្ឋសភា ក៏ទើបនឹងត្រូវបានបើកកកាយដែរ។ ការបើកកកាយនោះ មិនមែនត្រូវបានធ្វើឡើង ដោយគណកម្មការទី១០ ឬដោយលោក ហូរ វ៉ាន់ ទេ តែដោយតំណាងរាស្ត្រមួយរូបផ្សេង ពីគណបក្សសង្គ្រោះជាតិ លោក សុន ឆៃ ទៅវិញ។ សូមបញ្ជាក់ដែរថា លោក ហូរ វ៉ាន់ គឺជាបេក្ខជនទីបី របស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីបេក្ខជនពីររូបទៀត គឺលោក យឹម សុវណ្ណ និងលោកស្រី មូរ សុខហួ មិនត្រូវបានក្រុមតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤កន្លងទៅ ឲ្យជាប់ធ្វើជាប្រធានគណកម្មាការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយរបស់រដ្ឋសភានេះ៕
ទស្សនាការផ្ដល់កិច្ចសម្ភាសន៍ របស់លោក ហូរ វ៉ាន់ និងលោក ឱម យិនទៀង ទៅឲ្យអ្នកសារព័ត៌មាន៖
(វីដេអូមិនទាន់រួចរាល់)