«2 brothers» របស់ពែកមី ធ្វើឱ្យកវីល្បីឈ្មោះ សុខ ចន្ទផល សើចហូរទឹកភ្នែក
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៦ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 28, 2014
- ប្រធានបទ: សំពត់ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈខ្សែភាគយន្តបែបកំប្លែងរឿង «2 brothers» ដែលជាស្នាដៃដំបូង របស់នាយពែកមី ទាំងក្នុងការនិពន្ធ ដឹកនាំ និងទាំងការសម្តែង កំពុងចាក់បញ្ចាំងនៅក្នុងរោងភាពយន្តនានានោះ ប្រិយមិត្តជាច្រើនដែលបានទស្សនា ខ្សែភាពយន្តរបស់តារាកំប្លែងរូបនេះ បានសរសើរថា រឿង «2 brothers»ល្អមើលតាំងពីរហូតដើមដល់ចប់។ ពីក្នុងចំណោមប្រិយមិត្តទាំងនោះ ក៏មានលោក សុខ ច័ន្ទផល កវីនិពន្ធដ៏ល្បីល្បាញមួយរូបផងដែរ។
ក្នុងទំព័រហ្វេសប៊ុករបស់លោក សុខ ច័ន្ទផល កវីល្បីឈ្មោះ ខាងរៀបរាប់ទំនុកស្នេហាឈឺចាប់ នៅក្នុងបទចម្រៀង បានសរសេរថា បានបង្ហាញចំណាប់អារម្មណ៍ ចំពោះខ្សែភាពយន្តខ្នាតធំ ដែលដឹកនាំសម្ដែង ជាលើកដំបូងដោយប្រធានក្រុមកំប្លែងស៊ីធីអ៊ិន នាយពែកមីថា៖ «ឡូយ ខ្ញុំចូលចិត្ត ធ្វើឱ្យខ្ញុំសើចតាំងពីដើមដល់ចប់ ហើយហូរទឹកភ្នែក តាមបទចម្រៀង នាយគ្រឿន ទៀត» ។
អ្នកនិពន្ធទំនុកច្រៀងរូបនេះ សរសេរសើរតារាកំប្លែងសំបូរវោហា មិនចេះរីងស្ងួតខាងលើ ដោយបានបញ្ជាក់ថា នាយពែកមី ផលិតខ្សែភាពបានល្អ តាមស្តង់ដារបស់ខ្មែរ គុណភាពមិនចាញ់ ខ្សែភាពយន្តខ្នាតធំរបស់បរទេសប៉ុន្មានទេ។ លោក សុខ ច័ន្ទផល បាននិយាយថា៖ «ខ្មែរឥឡូវ ផលិតបានខ្សែភាពយន្តខ្នាតធំប៉ុណ្ណឹង ស្ដង់ដាខ្មែរអ៊ីចឹង គេមើលហើយ ព្រោះគុណភាពមិនចាញ់ ខ្សែភាពយន្តខ្នាតធំ របស់របទេសប៉ុន្មានទេ!»។
ចំណែកប្រិយមិត្តមួយចំនួនទៀត ក៏សរសើរមិនដាច់ពីមាត់គ្រប់គ្នាដែរ ដោយសារតែខ្សែរភាពយន្ដ បានធ្វើឲ្យផ្ទុះសំណើចគ្រប់ៗគ្នា។ ទស្សនិកជនមួយរូប បានថ្លែងថា «គ្មានឈុតណាមិនសើចទេ ហើយចេះលេងពាក្យឱ្យត្រូវនឹងសាច់រឿង។ រីឯឈុតឆាកបែបកំសត់វិញ ធ្វើឱ្យអ្នកខ្លះ ស្ទើតែស្រក់ទឹកភ្នែកតាមទៀតផង។»
រឿង «2Brother (២នាក់បងប្អូន)» គឺជាខ្សែភាពយន្ដលើកទី១ របស់នាយពែកមី។ ខ្សែភាពយន្តនេះ លាយឡំទៅដោយសាច់រឿងបែបកំប្លែង និងការអប់រំសម្រាប់យុវវ័យ ជាពិសេសអ្នកដែលមានបំណងធ្វើចំណាកស្រុក។ នាយពែកមី បានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចគោលបំណងរបស់ខ្លួន ក្នុងនោះលោកជាអ្នកនិពន្ធផង ជាអ្នកដឹកនាំរឿងដោយផ្ទាល់ផង និងជាតួសម្តែងដ៏សំខាន់ ព្រមជាមួយប្អូនប្រុសរបស់លោកផង គឺនាយគ្រឿន។ ខ្សែភាពយន្តស្នាមដៃទី១នេះ លោកពែកមី បានសហការជាមួយផលិតកម្ម អ៊ិលឌី ភិកឈ័រ ក្នុងការផលិត ដើម្បីទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្តនេះ៕