ឆក់កាបូបមិនបានសម្រេច តែត្រូវអាជ្ញាធរ រួមនឹងពលរដ្ឋចាប់បានសម្រេច
- ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected])-ភ្នំពេញ ថ្ងៃទី២៨ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 28, 2014
- ប្រធានបទ: បទល្មើស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការលួចឆក់ប្លន់ ហាក់បានកម្រើកឡើងវិញ នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសនៅកណ្ដាលថ្ងៃ និងហ្វូងមនុស្សដោយស្រស់ៗតែម្ដង។ ហើយករណីខ្លះ ប្រសិនជាគ្មានប្រតិកម្មពីជនរងគ្រោះ ឬគ្មានការធ្វើអន្តរាគមន៍ ពីពលរដ្ឋនៅក្បែរខាងទេ ជនល្មើសច្បាស់ជាអាចគេចខ្លួនរួច ដោយ«សុវត្ថិភាព»។ ប៉ុន្តែករណីឆក់កាបូបមិនបានសម្រេចលើកនេះ ដែលបានកើតឡើងទៀតនៅកណ្ដាលរាជធានីភ្នំពេញ ជនសង្ស័យត្រូវបានកងកម្លាំងនគរបាលធ្វើអន្តរាគមន៍ភ្លាមៗ រួមជាមួយនឹងពលរដ្ឋនៅនឹងកន្លែងផង ព្រួតគ្នាតាមចាប់លុះត្រាសម្រេច។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា នៅលើកំណាត់ផ្លូវ៤៥៤ សង្កាត់ទួលទំពូងពីរ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សាក្សីនៅនឹងកន្លែងបានឲ្យដឹងថា សកម្មភាពនេះ បង្កឡើងដោយក្រុមក្មេងស្ទាវមួយក្រុមមានគ្នាពីរនាក់ ម្នាក់ឈ្មោះ ចាន់ សុភក្រ័ មានទីលំនៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ សៀកស៊ី កុសល រស់នៅសង្កាត់បឹងកេងកង ក្នុងខណ្ឌចំកាមន។
ដំបូងឡើយ ក្មេងស្ទាវទាំងពីនេះ បានធ្វើសកម្មភាព«ឆក់កាបូប» ដោយជិះម៉ូតូម៉ាក ស៊ុយសាគីនិច ពាក់ស្លាកលេខ ភ្នំពេញ 1CH5587 នៅលើកំណាត់ផ្លូវលេខ១៦៣ ត្រង់ចំណុចក្រោយរោងជួសជុលរថយន្ដ។ ប៉ុន្តែសកម្មភាពនេះ មិនបានសម្រេចទេ ដោយស្ត្រីជនរងគ្រោះបានទាញ យកកាបូបរបស់ខ្លួនមកវិញ និងថែមទាំងបង្កឲ្យមានការផ្អើលឆោឡោ ពីពលរដ្ឋនៅម្តុំនោះ និងដឹងឮដល់នគរបាលសង្កាត់ ហើយក៏បាន រួមគ្នាធ្វើអន្តរាគមន៍ប្រដេញមួយ ដើម្បីចាប់ជនទាំងពីរ។ នេះបើតាមការអះអាងរបស់ អ្នកឃើញហេតុការណ៍ម្នាក់ទៀត។
យុវជនទាំងពីរ បានជិះម៉ូតូគេចខ្លួនចេញពីផ្លូវ ១៦៣ ហើយបានជិះចូលទៅផ្លូវ ៤៥៤ ដែលជាផ្លូវទាល់ ទើបបណ្ដាលឲ្យជនទាំងពីរអស់លក្ខណ៍ ត្រូវនគរបាល និងពលរដ្ឋរួមគ្នាចាប់ខ្លួនបានដោយជោគជ័យ។
មកដល់ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ លោក ថេន តារ៉ា មេប៉ុស្តិ៍នគរបាលសង្កាត់ទួលទំពូងទីពីរ បានបំភ្លឺឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ខាងប៉ុស្តិ៍របស់លោក បានបញ្ជូនខ្លូនជនល្មើសទាំងពីរ និងសំនុំរឿងទៅកាន់នគរបាលខណ្ឌរួចរាល់ហើយ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕