ចង់រួមរ័កជាមួយស្រីសក់មាស ស្អែកឡើងបាត់«ប្លោកមួយគូ»
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស ថ្ងៃទី០៨ មិនា ២០១៥
- កែប្រែចុងក្រោយ: March 08, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើគ្រាប់ស្វាយចន្ទីមួយគូនេះ ត្រឡប់មកផ្ទះវិញមិនទាន់ ឬយ៉ាងណា? មិនអញ្ចឹងទេ។ តែវាត្រូវបានគេបេះយកទៅបាត់ យ៉ាងអាណោចអាធម។
តារាសម្ដែងល្ខោន លោក ឌមៀទ្រី នីកូឡៅ (Dmitry Nikolaev) ក្នុងវ័យ៣០ឆ្នាំ បានចូលទៅផឹកស៊ី នៅក្នុងអាហារដ្ឋានមួយកន្លែង បន្ទាប់ពីបានសម្ដែង នៅក្នុងរោងល្ខោនតូចមួយ នារដ្ឋធានីមូស្គូ។ នៅកន្លែងផឹកស៊ីនោះ តារាសម្ដែងបានជួបជាមួយនារីវ័យក្មេង សក់មាសមួយរូប ប្រកបដោយរូបឆោម លោមពណ៌ល្អឥតបី និងបានផឹកជជែកគ្នា អស់មួយស្របក់។ នេះបើតាមរបាយការណ៍របស់ សារព័ត៌មានអង់គ្លេស Daily Mail។
ទំនងជាលង់ស្នេហ៍ ជាមួយនារីរូបស្អាតនេះ លោក ឌមៀទ្រី ដែលរៀបការរួចហើយ បានសម្រេចចិត្តទៅតាមការបបួល របស់នារីវ័យក្មេង ចូលទៅសប្បាយ ពេលយប់ជាបន្ត នៅក្នុងបន្ទប់ចំហាយមួយ។ តែជាការសម្រេចចិត្ត ដែលធ្វើឲ្យលោក សោកស្ដាយអស់មួយជីវិត ព្រោះនៅទីនោះ តារាសម្ដែង ឌមៀទ្រី បានផឹកស្រាបៀររបស់នារីរូបស្រស់ មួយកែវជាលើកចុងក្រោយ មុននឹងលោកលែងដឹងខ្លួន រហូតមកមកទល់ថ្ងៃស្អែកឡើង។
លោក ឌមៀទ្រី បានថ្លែងរៀបរាប់ថា៖ «ខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង នៅក្នុងចំណតរថយន្ដក្រុងមួយកន្លែង ជាមួយនឹងខោ ដែលប្រលាក់ដាបទៅដោយឈាម ជាពិសេសខ្ញុំមានអារម្មណ៍ថា បានឈឺចុកចាប់យ៉ាងខ្លាំង នៅចន្លោះជើងទាំងពីរ»។ លោកនៅចាំបាន ត្រឹមតែថា នារីរូបស្អាតនោះ បានបបោសអង្អែលលោក យ៉ាងត្រេកត្រអាល មុននឹងឲ្យលោក ក្រេបស្រាបៀរក្នុងកែវ រហូតទាល់តែអស់។
បន្ទាប់ពីបានដឹងខ្លួនឡើងវិញ លោកត្រូវបានដឹកបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែអ្វីៗ បានហួសផុតអស់ទៅហើយ ដោយហេតុថា «ប្លោកទាំងគូ»របស់លោក ត្រូវបានកាត់ផ្ដាច់ យកទៅបាត់។ គ្រូពេទ្យដែលទទួលខុសត្រូវ ក្នុងការព្យាបាលតារាសម្ដែង បានបង្ហាញការជឿជាក់ថា៖ «ការកាត់ផ្ដាច់នេះ ប្រាកដជាត្រូវបានធ្វើ ដោយអ្នកជំនាញ ឬដោយនរណាម្នាក់ ដែលទទួលការហ្វឹកហាត់ផ្នែកវេជ្ជសាស្ត្រ ព្រោះវាជាការវះកាត់ តាមក្បួនខ្នាតត្រឹមត្រូវ។ អ្វីដែលបានបន្សល់ទុកឲ្យឃើញ ដូចជាស្នាមកាត់ជាដើម មានសភាពស្អាតបាតណាស់។»
នគរបាលនៃរដ្ឋធានីមូស្គូ បានថ្លែងអះអាងដែរថា ស្រាបៀរដែលលោក ឌមៀទ្រី បានផឹក ទំនងជាមានថ្នាំសណ្ដំយ៉ាងខ្លាំងមួយ ដែលធ្វើតារាសម្ដែង បានបង់ស្មារតីយ៉ាងនេះ។ នគរបាល បានសង្ស័យទៀតថា នេះអាចជាករណី រត់ពន្ធគ្រឿងក្នុងមនុស្ស ដោយក្រុមម៉ាហ្វីយ៉ា (Mafia) រ៉ូស្សី។ ប្រភពមួយពីនគរបាល បានបញ្ជាក់ប្រាប់សារព័ត៌មានអង់គ្លេសថា៖ «ប្លោករបស់តារាសម្ដែង ច្បាស់ជាត្រូវបានកាត់ផ្ដាច់ ដើម្បីយកទៅលក់ នៅលើទីផ្សារងងឹត»។
រឿងដែលសំខាន់សម្រាប់លោក ឌមៀទ្រី នីកូឡៅ នៅពេលនេះ គឺត្រូវពន្យល់ករណីដ៏អាណោចអាធម ប្រាប់ទៅភរិយារបស់លោក... ភរិយាជាទីស្រឡាញ់ ដែលតារាសម្ដែងគិតថា នឹងអភ័យទោសឲ្យលោក ពីករណី«ផិតក្បត់»ដ៏អាក្រក់មួយ៕