អតីតរដ្ឋមន្ត្រីមហាផ្ទៃបារាំង ជាប់ចោទពីបទ«លាងប្រាក់»
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ០៧ មិនា ២០១៥
- កែប្រែចុងក្រោយ: March 08, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ក្លូដ ហ្គេអង់ (Claude Guéant) ត្រូវបានចៅក្រមស៊ើបអង្កេតបារាំង ចោទប្រកាន់ក្នុងជំហានដំបូង កាលពីយប់ថ្ងៃសៅរ៍នេះ ដើម្បីសាកសួរចម្លើយ ពីបទ«កុហក លាងសម្អាតការលួចបន្លំប្រាក់បង់ពន្ធ និងបន្លំប្រាក់បង់ពន្ធ»។ នេះបើតាមសម្ដីផ្ទាល់ របស់លោក ហ្វីលីព ប៊ូឆេ អែល-ហ្គូហ្សី (Philippe Bouchez el-Ghozi) មេធាវីការពារក្ដីឲ្យលោក ក្លូដ ហ្គេអង់។ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតដៃស្ដាំ របស់អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី ត្រូវបានចៅក្រមសាកសួរ នៅក្នុងថ្ងៃដដែល និងត្រូវបានឃាត់ខ្លួន កាលពីថ្ងៃម្សិលម៉ិញ ដោយនគរបាលយុត្តិធម៌បារាំង។
នគរបាលបារាំង កំពុងធ្វើការអង្កេត ទៅលើសំនុំរឿងសង្ស័យមួយ ទាក់ទងនឹងការផ្ដល់ថវិការ ពីសំណាក់អតីតមេដឹកនាំរបបផ្ដាច់ការ លោក មូអាម៉ា ហ្គាដាហ្វី (Mouammar Kadhafi) នៅប្រទេសលីប៊ី មកផ្គត់ផ្គង់យុទ្ធនាការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី របស់បេក្ខជនលោក នីកូឡា សាកូហ្សី ក្នុងឆ្នាំ២០០៧។ បុរសអ្នកជំនួញដ៏ធំម្នាក់ទៀត ជាតិអារ៉ាប៊ី សាអ៊ូឌីត ក៏ត្រូវបានចៅក្រមស៊ើបអង្កេតបារាំង ចោទប្រកាន់ក្នុងជំហានដំបូង នៅក្នុងសំនុំរឿងដដែលនេះដែរ។
ចៅក្រមស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុ នៃរដ្ឋធានីបារីស បានសង្ស័យជាពិសេស ទៅលើការរកឃើញថា មានការផ្ទេរប្រាក់ចូល មកក្នុងគណនីធនាគារបស់លោក ក្លូដ ហ្គេអង់ នូវចំនួនទឹកប្រាក់ដ៏សម្បើមមួយ ប្រមាណជា ៥ សែនអ៊ឺរ៉ូ។ ទឹកប្រាក់នេះ ត្រូវបានអតីតរដ្ឋមន្ត្រីមហាផ្ទៃ អះអាងថា ជាទឹកប្រាក់ដែលលោកបានលក់ ផ្ទាំងគំនូរចំនួនពីរ ទៅឲ្យមេធាវីជាតិម៉ាឡេស៊ីមួយរូប។ ប៉ុន្តែតម្លៃនៃផ្ទាំងគំនូរទាំងពីរនេះ ត្រូវបានអ្នកជំនាញបដិសេធថា មានតម្លៃយ៉ាងច្រើនបំផុតត្រឹមតែ ១៤០ ពាន់អ៊ឺរ៉ូប៉ុណ្ណោះ។
សំនុំរឿងផ្គត់ផ្គង់ថវិកា ដើម្បីធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០០៧ ត្រូវបានបែកធ្លាយឡើង នៅឆ្នាំ២០១២ នៅក្នុងពេលដែលលោក នីកូឡា សាកូហ្សី ប្រធានាធិបតីផុតអាណត្តិ កំពុងតទល់ជាមួយនឹងលោក ហ្វ្រង់ស៊័រ ហូឡង់ បេក្ខជនជាប្រធានាធិបតីមកពីគណបក្សសង្គមនិយម។ នៅពេលនោះ សារព័ត៌មានតាមបណ្ដាញអ៊ិនធើណែត Mediapart បានយកឯកសារ ជាកិច្ចព្រមព្រៀងមួយ របស់ប្រទេសលីប៊ី ដើម្បីផ្ដល់ថវិកានេះ មកចុះផ្សាយ បង្កឲ្យរឿងអាស្រូវបានផ្ទុះឡើង។
បន្ទាបពីបានដើរចេញ ពីឆាកនយោបាយហើយ លោក ក្លូដ ហ្គេអង់ ក្នុងវ័យ៧០ឆ្នាំ ត្រូវបានជាប់ឃុំបណ្ដោះអាសន្ន ចំនួនបីដងហើយ បើគិតមកទល់នឹងពេលនេះ។ ការជាប់ឃុំលើកទីមួយ នៅឆ្នាំ២០១៣ ក្នុងសំនុំរឿងប្រហាក់ប្រហែល និងលើកទីពីរ ដោយសារមានជាប់ទាក់ទង នឹងការលូកដៃចូល ក្នុងបញ្ហារវាងធនាគារមួយ នឹងអ្នកជំនួញបារាំងដ៏ល្បីមួយរូប លោក ប៊ែណា តាពី (bernard tapie)៕