«ប្រសើរជាង!» សំណើចខ្លីៗ
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី០៧ មិនា ២០១៥
- កែប្រែចុងក្រោយ: March 08, 2015
- ប្រធានបទ: រឿងខ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ត្រឡប់មកពីផ្សារ ទិញម្ហូបចំណីពេញដៃ យួរមកដល់ផ្ទះ ដោយក្ដីនឿយហត់ អ្នកស្រី សាឡាឡា បានផ្ទុះការក្ដៅក្រហាយជាខ្លាំង ព្រោះចូលមកក្នុងផ្ទះខ្លួនវិញ ឃើញផ្ទះស្ថិតក្នុងសភាពរាយប៉ាយ គ្មានសណ្ដាប់ធ្នាប់។ អ្នកស្រី សាឡាឡា បានហៅនាង កាតុ អ្នកបម្រើដែលរស់នៅក្នុងផ្ទះជាមួយ មកសួរ។
- កាតុ! ហេតុអ្វីបាននាងឯង មិនរៀបចំបោសសម្អាតផ្ទះ ទុកឲ្យផ្ទះគគ្រិចដូច្នេះ?
- ម្ចាស់ស្រី សួរចំពេលល្អណាស់ ព្រោះខ្ញុំក៏កំពុងចង់និយាយ ជាមួយម្ចាស់ស្រីដែរ។
- មានរឿងអ្វី និយាយមក អញរង់ចាំស្ដាប់។
- ខ្ញុំចង់សុំម្ចាស់ស្រី តម្លើងប្រាក់ខែឲ្យខ្ញុំ...
- យី ការងារមិនធ្វើ ទុកផ្ទះឲ្យរាយប៉ាយ... រួចមកចង់ទារតម្លើងប្រាក់ខែ!
- ច៎ា ម្ចាស់ស្រី ខ្ញុំមិនបានបោសផ្ទះ តែថ្ងៃនេះទេ ព្រោះចង់និយាយ ជាមួយម្ចាស់ស្រីសិន។ ប៉ុន្តែមូលហេតុសំខាន់នោះ គឺខ្ញុំធ្វើការសព្វគ្រប់បែបយ៉ាង បានប្រសើរជាងម្ចាស់ស្រី។ ឧទាហរណ៍ ដូចជាការដាំស្លជាដើម...
- ហើយនរណា ប្រាប់នាងឯង ថានាងឯងដាំស្លគ្រាន់បើជាងអញ?
- គឺលោកម្ចាស់ ដែលជាស្វាមីម្ចាស់ស្រី។ រីឯខាងការបោកគក់ អ៊ុតខោអាវ ក៏ខ្ញុំធ្វើបានប្រសើរជាងម្ចាស់ស្រីដែរ...
- យី! នរណាប្រាប់នាងឯង ថានាងឯងបោកគក់ អ៊ុតខោអាវ បានគ្រាន់បើជាងអញ?
- គឺលោកម្ចាស់ ដែលជាស្វាមីម្ចាស់ស្រី។ មិនត្រឹមតែប៉ុណ្ណឹង ខាងរួមរ័កភិសម័យ ក៏ខ្ញុំធ្វើបានប្រសើរជាងម្ចាស់ស្រី ដ៏សម្បើមដៃដែរ...
- ហើយនរណា ប្រាប់នាងឯង ថានាងឯងធ្វើអីៗនៅលើគ្រែ គ្រាន់បើជាងអញ?
- អ្នកបើករថយន្ដឲ្យម្ចាស់ស្រី!
អ្នកស្រី សាឡាឡា ក្រហមមុខ ហើយឆ្លើយតប ទ្រង់បែបឆ្លេឆ្លាថា៖
- ពិតជាប្រសើរជាងមែន! បាន... ចាំអញតម្លើងប្រាក់ខែ ឲ្យច្រើនជាងមុន៕