ប្រកាស​ថា​«ការ​បាត់​យន្ដហោះ MH370 ជា​ឧប្បត្តិ​ហេតុ» មាន​អាថ៌កំបាំង?

ការប្រកាសជាផ្លូវការ របស់រដ្ឋាភិបាលម៉ាឡេស៊ី កាលពីចុងខែមករាកន្លងទៅ បានបង្កឲ្យអ្នកជំនាញ ផ្នែកស៊ើបអង្កេត ខាងគ្រោះថ្នាក់យន្ដហោះជាច្រើន មានការសង្ស័យ ថាជាការប្រកាស ដែលប្រកបដោយអាថ៌កំបាំង។ តើអ្នកជំនាញទាំងនោះ យោងទៅលើទឡ្ហីករណ៍អ្វីខ្លះ?
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ០៧ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 07, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ក្នុងក្ដីរន្ធត់ដក់ជាប់ក្នុងបេះដូង និងក្ដីក្រៀមក្រំក្រៃលែង ដែលយើងសូមប្រកាសជាផ្លូវការ ក្នុងនាមរដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី ថាយន្ដហោះ នៃភ្ជាប់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ បានជួបគ្រោះថ្នាក់ ដោយឧប្បត្តិហេតុមួយ»។ នេះជាការថ្លែងរបស់ ប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ាឡេស៊ី កាល​ពីថ្ងៃទី២៩ ខែមករាកន្លងមក នៅចំពោះមុខអ្នកសារព័ត៌មាន មកពីគ្រប់ទិសទី ក្នុងពិភពលោក។

ការប្រកាសនេះ អនុញ្ញាតឲ្យគេអាចបិទ សំនុំរឿងស៊ើបអង្កេត ទាក់ទងនឹងការបាត់ខ្លួន យ៉ាងអាថ៌កំបាំង នៃយន្ដហោះ​ប៊ូអីង (Boeing 777) ជាមួយនឹងអ្នកដំណើរ ទាំង២៣៩នាក់ នៅលើយន្ដហោះ កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤​កន្លង​ទៅ។ តែការប្រកាស ដែលដូចជាបានចាត់ទុក ថាគ្មានរឿងអ្វីកើតឡើងនេះ បង្កឲ្យមានសង្គ្រាមពាក្យសម្ដី បានផ្ទុះ​ឡើង។ សម្រាប់គ្រួសារនៃជនរងគ្រោះ ការប្រកាសរបស់អាជ្ញាធរ ម៉ាឡេស៊ី វាប្រៀបបាននឹងយកសាំង មកចាក់​បន្ថែម​នៅលើភ្លើង ខណៈអ្នកជំនាញ ផ្នែកស៊ើបអង្កេត ខាងគ្រោះថ្នាក់យន្ដហោះ បានចង្អុលដាក់កំហុស ទៅលើអាជ្ញាធរ​ម៉ាឡេស៊ី ថាជាការប្រកាស ដែលមានគោលបំណងផ្សេង។

១- រកយន្ដហោះមិនទាន់ឃើញ

គ្មានតួយន្ដហោះ គ្មានភស្ដុតាង។ តើអាជ្ញាធរម៉ាឡេស៊ី អាចធ្វើសេចក្ដីសន្និដ្ឋាន ថាជា«ឧប្បត្តិហេតុ»យ៉ាងដូចម្ដេច ខណៈ​ការរុករក ដែលសម្របសម្រួល ដោយប្រទេសអូស្ត្រាលី មិនទាន់បង្ហាញឲ្យដឹងពីអ្វីផងនោះ? សម្រាប់អ្នកស្រី អានសូភី ជីឡេ (Anne-Sophie Gillet) ប្រធានសមាគមជនរងគ្រោះ នៃយន្ដហោះ MH370 ក្នុងប្រទេសបារាំង បាន​ថ្លែងរិះគន់ ការប្រកាសជាផ្លូវការនោះថា ថាគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវ។

២- ទំនាក់ទំនងជាមួយយន្ដហោះ ត្រូវបានកាត់ផ្ដាច់

នៅព្រឹកព្រហាម ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤ សារទំនាក់ទំនងចុងក្រោយ របស់ជំនួយការបើកយន្ដហោះ ត្រូវបានផ្ញើរ​ចេញ នៅម៉ោង ១ និង២១នាទីរំលងអាធ្រាត  តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះ បានងើបខ្លួនចេញ ពីព្រលាន​យន្ដហោះអន្តរជាតិ នៃរដ្ឋធានីកូឡាឡំពួរ របស់ប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីពេលនេះ ជំនួយការយន្ដហោះដដែល ត្រូវ​បញ្ជូនសារទំនាក់ទំនងដដែលមួយនេះ ទៅកាន់ការិយល័យត្រួតពិនិត្យដៃនអាកាស របស់ប្រទេសវៀតណាម ដើម្បី​សុំ​ឲ្យយន្ដហោះ MH370 របស់ខ្លួន អាចហោះកាត់លំហមេឃ របស់ប្រទេសមួយនេះបាន។

ប៉ុន្តែជំនួយការបើកបរយន្ដហោះ មិនទាន់បានបញ្ជូនសារនេះនៅឡើយ ព្រោះប្រព័ន្ធទំនាក់ទំនង របស់យន្ដហោះប៊ូអីង ត្រូវបានបិទ (ឬកាត់ផ្ដាច់) នៅក្រោយសារទាក់ទងលើកទីមួយ ត្រូវបានផ្ញើរចេញ តែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ការផ្ដាច់​ប្រព័ន្ធ​ទាក់ទងនេះ មានលក្ខណៈមិនប្រក្រតី ហើយប្រទេសម៉ាឡេស៊ីខ្លួនឯង ក៏ធ្លាប់ទទួលស្គាល់ដែរ ជាការ«ប៉ុនប៉ង»​មួយ ដែលមានកម្មវត្ថុច្បាស់លាស់។ បើតាមអ្នកបើកបរយន្ដហោះធុននេះជាច្រើន បានបញ្ជាក់ថា បើការបិតប្រព័ន្ធ​ទាក់​ទងនេះ ត្រូវបានធ្វើយ៉ាងស្រួលដូច្នេះ លុះត្រាតែនរណាម្នាក់ ស្គាល់យន្ដហោះនោះច្បាស់ ដូចបាតដៃ។

៣- ទូរទស្សន៍បារាំងប៉ុស្ដ៍លេខ៣ រកឃើញថា យន្ដហោះបានហោះក្នុងរយៈពេល៧ម៉ោងទៀត

ការផ្ដាច់ប្រព័ន្ធទាក់ទង របស់យន្ដហោះ អាចជាការចៃដន្យ តែការរកឃើញថ្មីមួយ ដែលបង្កឲ្យមាន​ការសង្ស័យ​កាន់តែ​ខ្លាំងឡើង នោះគឺយន្ដហោះប៊ូអីង ដែលបាត់ខ្លួននោះ បានបន្តហោះ ក្នុងយៈពេល៧ម៉ោងទៀត នៅក្នុងទិសដៅ​មួយ​ផ្សេង ដែលមិនមែនជាទិសដៅដើម (ទិសដៅដើម ដែលឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង)។ សហគ្រាសគ្រប់គ្រង ផ្កាយ​រណប អ៊ីម៉ាសាត់ (Immasat) និងការិយល័យស៊ើបអង្កេត គ្រោះថ្នាក់យន្ដហោះ (AAIB) របស់ប្រទេសអង់គ្លេស សុទ្ធតែ បានបញ្ចាក់ថា យន្ដហោះ MH370 បានបន្តជើងហោះហើររបស់ខ្លួន ជាបន្តទៅទៀត នៅកាន់ភាគខាងត្បូង នៃមហា​សមុទ្រ​ឥណ្ឌា។

នាយកក្រុមហ៊ុនអាកាសចរណ៍ អេមៀរ៉ាត់ (Emirates Airlines) លោក ធីម ក្លាក (Tim Clark) ក៏បាននិយាយដែរថា៖ «យន្ដហោះដែលបាត់ខ្លួន បានស្ថិតក្រោយការបញ្ជា រហូតដល់នាទីចុងក្រោយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...