ទិវា៨មិនា នៅសាកលវិទ្យាល័យស្វាយរៀង និយាយពីការលុបបំបាត់អំពើហិង្សា
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី០៧ មិនា ២០១៥
- កែប្រែចុងក្រោយ: March 07, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាមួយនឹងការចូលរួម របស់និស្សិត សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ប្រមាណជាង២០០នាក់ សាកលវិទ្យាល័យស្វាយរៀង បានប្រារព្ធទិវាសិទ្ធនារី អន្តរជាតិ ៨មិនា នៅថ្ងៃទី០៧ ខែមិនាឆ្នាំ២០១៥ ដោយផ្តោតសំខាន់ទៅលើ ការលុបបំបាត់អំពើហិង្សាលើស្រ្តី និងកុមារ។កម្មវិធី ដែលចាប់ផ្ដើម ពីម៉ោង៩ព្រឹក និងបិទបញ្ជប់នៅម៉ោង១១និង៣០នាទី នេះ ក៏មានការប្រកួតប្រជែង សួរឆ្លើយទាក់ទងនឹងសិទ្ធិស្ត្រី ចូលរួមដោយនិស្សិត១២ក្រុម ដើម្បីទទួលរង្វាន់អនុស្សាវរីយ៍ នៅថ្ងៃដ៏វិសេសវិសាលរបស់ស្ត្រីនេះដែរ។
សាកលវិទ្យាធិការលោក គង់ សារ៉ាវុទ្ធ បានថ្លែងឲ្យដឹង ពីការដឹងគុណ និងភាពវិសេសវិសាល របស់ស្រ្តីក្នុងលោក ដែលមានចំណុច ដែលបុរសមិនអាចធ្វើបាន តែនាងអាចធ្វើបាន។ ក្នុងនោះ លោកបានពន្យល់ណែនាំគរុនិស្សិត ដែលនឹងត្រូវចេញទៅបង្រៀន នៅតាមមូលដ្ឋាន នាថ្ងៃអនាគត ឲ្យផ្តោតទៅលើបញ្ហាស្រ្តី ជាពិសេសឲ្យរូបភាពទាំងនេះ ស្តែងចេញតាមរយៈការអប់រំ។
និស្សិតឆ្នាំទីបីម្នាក់ ផ្នែករដ្ឋាបាលសារធារណៈ លោក នួន ណាត ដែលចូលរួមក្នុងក្រុមប្រកួតប្រជែង បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា បន្ទាប់ពីការចូលរួម នៅកម្មវិធីមួយនេះ លោកហាក់ទទួលបាន នូវភាពយល់ដឹងថ្មីមួយ ពាក់ព័ន្ធនឹងសិទ្ធនារី។ លោកថា ទោះជាទិវានេះ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំក៏ដោយ ក៏ការរំលោភបំពាន និងការប្រើអំពើហឹង្សាទៅលើស្រ្តី និងកុមារនៅតែមាននៅក្នុងសង្គម។ លោកបន្ថែមថា សកម្មភាពទាំងនេះ បានបង្ហាញឲ្យកាន់តែច្បាស់ ទៅលើអ្វីដែលមានស្រាប់។
និស្សិតរូបនេះ បានបញ្ជាក់ទៀតថា រាល់អ្វីដែលលោកទទួលបាន លោកនឹងធ្វើកាបញ្ជ្រាប (ធ្វើឲ្យជ្រាប) ទៅដល់មូលដ្ឋានរបស់លោក ជាពិសេសគឺបុរស ឲ្យបានដឹងច្បាស់ ពីសិទ្ធរបស់ស្រ្តីបន្ថែម លើសពីអ្វីដែលពួកគេមាន។ លោក នួន ណាត ក៏មិនបានភ្លេច ថ្លែងប្រាប់ទស្សនាវដ្ដីដែរថា ពីក្នុងចំណោមក្រុមទាំង១២ នោះ គឺក្រុមរបស់លោក ជាអ្នកទទួលជ័យលាភីលេខ១។
នៅពេលបិទបញ្ជប់ នៃទិវាស្ត្រីអន្តរជាតិ ស្ដីពីការបំបាត់«អំពើហឹង្សា លើស្រ្តី និងកុមារ»នេះ នាយកសាកលវិទ្យាល័យ បានធ្វើការចែកជូន នូវវត្ថុអនុស្សាវរីយ៍មួយចំនួន ទៅដល់អ្នកចូលរួមទាំ២០០នាក់។ សូមរំលឹកដែរថា ទិវាសិទ្ធនារីអន្ដរជាតិ ថ្ងៃ០៨ ខែមីនា ឆ្នាំ២០១៥ ឆ្នាំនេះ ជាខួបលើកទី១០៤។ ទិវានេះ ត្រូវបានប្រទេសកម្ពុជា ប្រារព្ធធ្វើ សឹងតែជារៀងរាល់ឆ្នាំ៕