អ្នកជំនាញ​ថា ប្រជាជន​កម្ពុជា​២៧% កើត​ជំងឺ​ផ្លូវ​ចិត្ត

អ្នកជំនាញ ដែលធ្វើការទៅសេវាសុខភាពផ្លូវចិត្ត បានឱ្យដឹងថា នៅកម្ពុជា ក្នុងចំណោមមនុស្ស៥នាក់ មាន២នាក់ មាន​ជំងឺ​ផ្លូវ​ចិត្ត ដូច្នេះវាទិន្ទន័យមួយដ៏ច្រើន ដែលទាមទារឱ្យមានសេវាព្យាបាល ឱ្យបានគ្រប់គ្រាន់ ដែល​បញ្ហា​នេះ បណ្តាល​មក​ពី​កត្តា​សង្គម និងគ្រួសារ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១០ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 11, 2014
  • ប្រធានបទ: វិបត្តិសង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ២៧% មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​នេះ​ជា​ចំនួន​ដ៏​ច្រើន ដែល​ក្នុង​មួយ​ឆ្នាំៗ តែង​មាន​ការ​កើន​ឡើង​ជានិច្ច។ នេះ​បើ​តាម​ការ​អះអាង របស់​សាស្រ្តាចារ្យ​ផ្នែក​ចិត្ត​វិទ្យា នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក កៅ សុវណ្ណតារា បន្ទាប់​ពី​លោក ធ្លាប់​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​កន្លង​មក។

លោក​បាន​ពន្យល់​ថា៖ «យើង​មើល​បញ្ហា​ផ្លូវ​ចិត្ត នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន។ មាន​ច្រើន​ដោយ​សារ​អី? មាន​ច្រើន ដោយ​សារ​តែ​គាត់​អត់​ដឹង​ថា មាន​បញ្ហា​ទេ ដោយ​សារ​តែ​គាត់​អត់​យល់។ (...) បញ្ហា​សម្លាប់​ខ្លួន មាន​៤២នាក់ ក្នុង​ចំណោម​ដប់​ម៉ឺន​នាក់ ដែល​សម្លាប់​ខ្លួន​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត។» សាស្រ្តាចារ្យ​ផ្នែក​ផ្លូវ​ចិត្ត​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា ជន​រងគ្រោះ​ក្រោម​សម័យ​ខ្មែរ​ក្រហម ប្រហែល​៧,៦% ដែល​មាន​ជំងឺ​បាក់​ស្បាត ដោយ​សារ​ទទួល​រង​ឥទ្ធិពល ក្រោយ​សម័យ​ខ្មែរ​ក្រហម ។

បណ្ឌិតផ្នែកចិត្តវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ខេ វីន ក៏បានឱ្យដឹងដែរថា មូលហេតុដែលនាំ​ឱ្យ​មានបញ្ហាប៉ះទង្គិចផ្លូវចិត្ត ដោយសារបញ្ហាជីវភាពក្រក្រី ជំងឺទូទៅប្រចាំរាងកាយ អំពើហិង្សាក្នុងគ្រួសារ និង​ផលប៉ះពាល់ពីរបបខ្មែរក្រហមជាដើម។

បន្ថែមលើសនេះ លោក ស៊ាង លាប អ្នកផ្តល់ប្រឹក្សាផ្នែកផ្លូវចិត្ត នៃអង្គការចិត្តសង្គមអន្តរវប្បធម៌ ដែលហៅ​កាត់ថា (TPO) បានបញ្ជាក់ថា ក្រៅបញ្ហាខាងលើនេះ វាក៏អាចបណ្តាលមកពីកត្តាគីមីជីវសាស្រ្ត ដែលមាន​សារធាតុគីមីក្នុងខួរក្បាល ធ្វើឱ្យយើងមានបញ្ហា មួយទៀត គឺបញ្ហាប្រឈមនៅក្នុងព្រឹត្តការណ៍ជីវិត ដែលធ្វើ​ឱ្យមនុស្សដានតឹងផ្លូវចិត្ត និងតាមរយៈតំណពូជ។

បើតាមលោក កៅ សុវណ្ណតារា បានប្រាប់ឱ្យដឹងថា រោគសញ្ញានៃជំងឺនេះ ដំបូងអាចបណ្តាលឱ្យអាការៈ​ធុញ​ថប់ តានតឹងនៅក្នុងខ្លួនឬស្រ្តេស បញ្ហាស្រ្តេសនេះហើយ ដែលនាំឱ្យវិវត្តទៅជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ង។ «តានតឹង​ចិត្ត​យូរទៅ វិវត្តទៅជាធ្លាក់ទឹកចិត្ត ដែលឈានទៅដល់សម្លាប់ខ្លួន ដែលយើងឃើញហើយ មានលោតទឹក​សម្លាប់​ខ្លួន លេបថ្នាំសម្លាប់ខ្លួន អាហ្នឹងហើយដែលបណ្តាលមកបញ្ហាផ្លូវចិត្ត» លោកកៅ សុវណ្ណតារា បន្ថែម។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ាង លាប បានឱ្យដឹងថា ក្នុងមួយថ្ងៃៗ មានមនុស្សជាច្រើន ដែលទៅរកសេវា​ប្រឹក្សាផ្លូវចិត្ត នៅអង្គការ TPO។ លោកបន្តថា អ្នកដែលមករកសេវាប្រឹក្សាផ្លូវចិត្ត ភាគច្រើន មនុស្សវ័យ​កណ្តាល និងវ័យចំណាស់ ដោយឡែកសម្រាប់យុវវ័យមិនសូវមាននោះទេ លុះត្រាតែគាត់ប៉ះទង្គិចធ្ងន់ធ្ងរ ទើបអាណាព្យាបាលបញ្ជូនមក។ លោកថា ការផ្តល់សេវាផ្លូវចិត្តនៅកម្ពុជា មិនទាន់មានគ្រប់គ្រាន់នោះ ដែល​បណ្តាល មកពីកង្វះធនធានមនុស្ស។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១០ខែតុលា ឆ្នាំ២០១៤ មានស្ថាប័ន១៣ បាននាំគ្នាការប្រារព្ធទិវាសុខភាព​ផ្លូវ​ចិត្ត និងយុវជន ដែលត្រូវបានរៀបចំឡើង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួម​និស្សិត​ប្រមាណជាង៥០០នាក់ ដើម្បីចែករំលែកព័ត៌មានសំខាន់ៗ អំពីវិស័យសុខភាពផ្លូវចិត្តនៅកម្ពុជា និង​ក្នុង​គោល​បំណង ដើម្បីលើកកម្ពស់ការយល់ដឹង ពីបញ្ហាសុខភាពផ្លូវចិត្ត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...