តើគួរចាប់ផ្តើមសន្ទនា ជាមួយប្រធានបទល្អ ដោយរបៀបណា?
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: November 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចង់រាប់អាន និងចង់ស្គាល់អ្នកដទៃ ជាសកម្មភាពដ៏សំខាន់មួយ ក្នុងការរស់នៅរបស់យើង។ ប៉ុន្តែនៅពេលដែលអ្នក បានជួបមនុស្សដែលអ្នកពេញចិត្ត តើអ្នកធ្លាប់គិតទេថា អ្នកគួរជ្រើសរើសយកប្រធានបទអ្វី ដើម្បីឲ្យការសន្ទនារបស់អ្នកបានល្អ និងកុំឲ្យដៃគូរបស់អ្នកមានការធុញទ្រាន់។
ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយលោកអ្នកបាន៖
១. ចាប់ផ្តើមជជែកពីអ្នកដទៃ៖
អ្នកអាចចាប់ផ្តើមនិយាយពីមនុស្សណាម្នាក់សិន ដូចជាមានហេតុការណ៏អ្វីប្លែកកើតឡើងនៅពេលនោះ ហើយពួកគេធ្វើអ្វី ដូច្នេះវាការសន្ទនាមួយដ៏សាមញ្ញ តែអាចមានអារម្មណ៏ល្អ។
២. ការចាប់ផ្តើមប្រធានបទមានពីរប្រភេទ៖
• មនុស្សដែលអ្នកធ្លាប់ស្គាល់៖ សួរគេពីការសុខទុក្ខ មានអ្វីខុសប្លែកទេថ្មីៗនេះ ការងារ ការសិក្សា កម្មវិធីទូរទស្សន៏ល្អៗ ឬក៏ខ្សែភាពយន្តណាដែលចាប់អារម្មណ៏។ល។
• មនុស្សអ្នកធ្លាប់ស្គាល់ ប៉ុន្តែខានជួបគ្នាយូរ៖ អ្នកអាចសួរ មានអ្វីកើតឡើង ចាប់ពីខ្ញុំបានឃើញអ្នកលើកចុងក្រោយ។ នៅធ្វើការកន្លែងដដែល ឬសិក្សានៅសាលាដដែលទេ។
៣. ត្រូវដឹងពីអ្វីដែលមិនគួរនិយាយ៖
ច្បាប់ចាស់តែនៅតែមានប្រយោជន៏ដដែល អ្វីដែលអ្នកមិនគួរជជែកមានដូចជាៈ សាសនា នយោបាយ លុយកាក់ បញ្ហាស្នេហា បញ្ហាគ្រួសារ ឬបញ្ហាផ្លូវភេទ ជាមួយនឹងមនុស្សដែលអ្នកមិនទាន់ស្គាល់ស្និទស្នាល។
៤. ស្វែងយល់អ្វី ដែលគេចាប់អារម្មណ៏៖
អ្នកអាចសួរនូវសំនួរមួយចំនួន ដើម្បីដឹងពីចំណង់ចំនូលចិត្តរបស់គេ។ ឧទាហរណ៏ដូចជាៈ តើអ្នកចូលចិត្តលេងកីឡាទេ? តើអ្នកចូលចិត្តតន្ត្រីបែបណា? តើអ្នកចូលចិត្តហ្គេមប្រភេទណា? ឬសំនួរផ្សេងៗទៀត។
៥. អាចសួរនាំពីគ្រួសារគេបន្តិចបន្តួច៖
អ្នកអាចសួរពីស្ថានភាពគ្រួសាររបស់គេ ជាទូទៅបាន និងជាអ្វីដែលយើងគួរដឹង។ ឧទាហណ៏ៈ តើអ្នកមានបងប្អូនទេ? មានប៉ុន្មាននាក់? ពួកគេមានឈ្មោះអ្វីខ្លះ? តើកាលពីតូចអ្នកនៅឯណា?
៦. សួរពីដំណើរកំសាន្តរបស់គេ៖
អ្នកអាចសួរ តើគេធ្លាប់បានទៅទីកន្លែងកម្សាន្តណាខ្លះ ប៉ុន្តែបើគេមិនដែលបានទៅទីកន្លែងណាទេ? អ្នកអាចសួរថា តើទីកម្សាន្តណាមួយ ដែលអ្នកតែងស្រម៉ៃចង់ទៅ? នៅពេលអ្នកសួរគេពីចំណាប់របស់គេដូចនេះ គេនឹងមានអារម្មណ៏រីករាយ។
៧. អាចជជែកពីចំណីអាហារ៖
អាហារជាប្រភេទប្រធានបទល្អមួយ ក្នុងការសន្ទនា ព្រោះមនុស្សភាគច្រើនមានរបបអាហារប្លែកៗពីគ្នា និងមានចំណង់ចំណូលចិត្តខុសគ្នា។ ដូច្នេះអាចសួរដូចជា តើអ្នកចូលចិត្តចំអិនអាហារទេ? តើអាហារអ្វី ដែលអ្នកចូលចិត្ត? តើអ្នកចូលចិត្តភេសជ្ជៈអ្វី? នៅពេលអ្នកសួរនូវសំនួរដូចនេះ នោះគេនឹងរីករាយក្នុងការសន្ទនា។
៨. សួរពីបញ្ហាការងារ៖
ចំណុចនេះ គេអាចនឹងមានការធុញទ្រាន់បើអ្នកសួរច្រើន ប៉ុន្តែបើអ្នកសួរនូវសំនួរខ្លីៗ និងមានភាពស្រទន់នោះ វាជារឿងដ៏ល្អវិញ។ ឧទាហរណ៏ៈ តើអ្នកធ្វើការអ្វីសព្វថ្ងៃនេះ? កាលពីអ្នកនៅវ័យក្មេង តើអ្នកមានបំណងចង់ធ្វើអ្វីដែរ?
៩. ស្វែងរកប្រធាន ដែលនៅជុំវិញអ្នក និងរូបគាត់ ខណៈពេលនោះ៖
បើអ្នក និងគាត់ឬនាង កំពុងតែស្ថិតក្នុងព្រឹត្តិការណ៏អ្វីមួយ អ្នកគួរតែចាប់ផ្តើមសន្ទនាគ្នា ដោយស្នាមញញឹម និងមានភាពរីករាយ។ ឧទាហរណ៏ៈ អ្នកនឹងគាត់ឬនាង កំពុងតែមើលការប្រកួតបាល់ទាត់ ដូច្នេះអ្នកគួរតែជជែកពីការប្រកួតនោះ និងជួយគាំទ្រក្រុមណាមួយដូចគ្នា ដោយក្តីរីករាយ។
១០. ផ្តល់នូវការសរសើរអ្វីមួយដល់គាត់៖
អ្នកអាចសង្កេតមើលសកម្មភាពរបស់គាត់ ថាតើគាត់មានអ្វីគួរឲ្យស្ងប់ស្ងែងដែរទេ បើមាន អ្នកគួរតែសរសើរគាត់ តែបើគ្មានទេ អ្នកអាចសរសើរអ្វីផ្សេងលើរូបរាង្គគាត់។ ឧទាហរណ៏ៈ បើគាត់កំពុងលេងព្យាណូ អ្នកគួរនិយាយថា ខ្ញុំចូលចិត្តសម្លេងព្យាណូរបស់អ្នកណាស់ តើអ្នកចេះលេងវា រយះពេលប៉ុន្មានដែរ បានជាលេងបានពិរោះដូចនេះ?
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ