ហ្គោហ្គ័ល ចង់​ធ្វើ​ជា​អ្នក​អង្កេត​លើ​ទូរសារ​អេឡិកត្រូនិក របស់​យើង​គ្រប់​គ្នា

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក ចង់បង្កើតសាលាកប័ត្រទៅលើកម្មសិទ្ធបញ្ញាមួយ ដែលនឹងត្រួតពិនិត្យទៅលើ​ភាព​ស្របច្បាប់ នៃបណ្ដាទូរសារអេឡិកត្រូនិក (E-mails) ទាំងឡាយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនជាចាំបាច់ ហ្គោហ្គ័ល (Google) នឹងរាយការណ៍ពីទូរសារដ៏គួរអោយសង្ស័យនេះ នៅមុនទូរសារត្រូវបានផ្ញើរចេញនោះទៅទៀត។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: May 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក ចង់បង្កើតសាលាកប័ត្រទៅលើកម្មសិទ្ធបញ្ញាមួយ  ដែលនឹងត្រួតពិនិត្យទៅលើ​ភាព​ស្របច្បាប់ នៃបណ្ដាទូរសារអេឡិកត្រូនិក (E-mails) ទាំងឡាយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនជាចាំបាច់ ហ្គោហ្គ័ល (Google) នឹងរាយការណ៍ពីទូរសារដ៏គួរអោយសង្ស័យនេះ នៅមុនទូរសារត្រូវបានផ្ញើរចេញនោះទៅទៀត។

នៅខែតុលាមុន អាជ្ញាធរនៃសហគមន៍អ៊ឺរ៉ុបទាំង២៧ប្រទេស ផ្នែកគាំពារទិន្នន័យ បានដាស់តឿនហ្គោហ្គ័ល អោយធ្វើការ​ផ្លាស់ប្ដូ លក្ខត្តិកៈនៃនយោបាយរក្សាការសម្ងាត់របស់ខ្លួន ដើម្បីឲ្យសមស្របទៅនឹង ទិសដៅដ៏សំខាន់នៃពត៌មាន និង​សេរីភាពនៅលើជីវិតឯកជន ដែលត្រូវបានការពារយ៉ាងខ្លាំងជាទីបំផុតនៅអ៊ឺរ៉ុប។ នៅដើមខែមេសានេះ ប្រទេសអ៊ឺរ៉ុប​ចំនួន៦ បានបើកការវាយលុកលើក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យាមួយនេះ ពីបទមិន«គោរព»លើការណែនាំខាងលើ។

មិនត្រឹមតែមិនបានដកថយ ពីអ្វីដែលខ្លួនបានធ្វើកន្លងមក ហ្គោហ្គ័ល បានបន្ថែមការត្រួតពិនិត្យថ្មីៗផ្សេងទៀត ទៅលើអ្នក​ប្រើប្រាស់របស់ខ្លួន។ ហ្គោហ្គ័ល នឹងចូលទៅធ្វើដឹងធ្វើលឺ នៅក្នុងទំនាក់ទំនងទាំងឡាយ ដែលអ្នកប្រើប្រាស់មាន នៅពេល​បានប្រើសេវាកម្មផ្ដល់ដោយហ្គោហ្គ័ល។

គេហទំព័រជំនាញខាងព័ត៌មានវិទ្យាមួយរបស់បារាំង (01Net) បានរាយការណ៍ថា ក្រុមហ៊ុនអាមេរិកាំង បានដាក់តម្កល់​កម្មសិទ្ទបញ្ញា​នៅថ្ងៃទី០២ខែឧសភា នូវការត្រួតពិនិត្យរាល់ទូរសារអេឡិកត្រូនិក របស់អ្នកប្រើប្រាស់ និងតាមដានរកអោយ​ឃើញពីភាពស្របច្បាប់ របស់ទូរសារទាំងនោះ ទាក់ទងនឹងច្បាប់ប្រទេស លក្ខត្តិកៈនៃក្រុមហ៊ុនឯកជន ឬកិច្ចសន្យាការងារ​របស់អ្នកប្រើប្រាស់។ សូម្បីតែទូរសារទាំងនោះ មិនទាន់បានផ្ញើរចេញ ក៏ហ្គោហ្គ័លនឹងរាយការណ៍ ពីភាពមិនប្រក្រតី ទៅ​កាន់សមត្ថកិច្ច ឬម្ចាស់ក្រុមហ៊ុន។

សូមអានការពន្យល់របស់ 01Net ពីអ្វីដែលហ្គោហ្គ័លចង់ធ្វើ នៅក្នុងបច្ចេកវិទ្យាថ្មីរបស់ខ្លួន ដូចខាងក្រោម៖

ឧទាហរណ៍ថា អ្នកកំពុងសរសេរទូរសារ ឬមែលមួយ។ រំពេចនោះ ខណៈដែលសាររបស់អ្នក មិនទាន់ត្រូវបាន​សរសេរ​ចប់​ស្រួលបួលផង ប្រអប់ព័ត៌មានមួយទៀតបានលោតរំលេចឡើង នៅពីលើប្រអប់សរសេរទូរសារនោះ ដើម្បីប្រាប់អ្នកពីអ្វី​ដែលអ្នកកំពុងសរសេរ នឹងអាចខុសពីលក្ខត្តិកៈនៃក្រុមហ៊ុនដែលអ្នកកំពុងធ្វើការ ឬខុសពីចំនុច​ដែលមាន​ចែង​នៅក្នុង​កិច្ចសន្យាការងាររបស់អ្នក។ ក្នុងពេលជាមួយគ្នានោះ ផ្នែកត្រួតពិនិត្យនៃម្ចាស់ក្រុមហ៊ុនរបស់អ្នក ក៏ទទួលបានការ​ជូន​ដំណឹងនេះដូចគ្នា ជាអាថ៌ដូចជា «លោកសុខ ទំនងជាកំពុងបំពានច្បាប់នេះ ឬច្បាប់នោះ។ល។»

ហ្គោហ្គ័លបានបញ្ជាក់នៅក្នុង ពាក្យស្នើសុំសាលាកប័ត្រទៅលើកម្មសិទ្ធបញ្ញា យ៉ាងដូច្នេះថា «វាជាប្រយោជន៍ ទៅដល់​ក្រុមហ៊ុនឯកជនទាំងឡាយ ដើម្បីដឹងពីការរំលោភច្បាប់ និងការរំលោភលក្ខត្តិកៈ នៅក្នុងរង្វង់ការងាររបស់ពួកគេ»។ បច្ចេកវិទ្យាថ្មី ដែលហ្គោហ្គ័លដាក់ឈ្មោះអោយ ជាភាសាអង់គ្លេសថា«Policy Violation Checker»នេះ មានសមត្ថភាព​អាច​ស្គាល់ដឹង ពីរាល់ឃ្លាឬទម្រង់ឃ្លាទាំងឡាយ ដែលគួរឲ្យសង្ស័យទាំងនោះ ហើយនឹងដាក់បន្ថែមជារឿយៗ នូវទិន្នន័យថ្មីៗ នៃ«ឃ្លាសង្ស័យ»​ដែលទើបនឹងកើតផ្សេងៗទៀត ទៅក្នុងឃ្លាំងផ្ទុករបស់ខ្លួន។

បើបច្ចេកវិទ្យាដ៏«អស្ចារ្យ»នេះ ត្រូវបានយកមកអនុវត្តន៍មែននោះ បុគ្គលិកកម្មករទាំងឡាយ ត្រូវតែត្រៀមខ្លួនឲ្យហើយ​ពី​ឥឡូវនេះទៅ ... ថាតើចង់ឲ្យថៅកែរបស់ក្រុមហ៊ុន ឆាប់ដេញខ្លួនចោល ឬត្រូវទ្រាំធ្វើការទាំងបិតមាត់ជិតរហូតនោះ៕

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...