ម៉ៃឃើល ចាកសុន ជាប់ចោទជាថ្មីពីទំនាក់ទំនងផ្លូវភេទ ជាមួយអនិតិជន
អ្នករៀបចំក្រឡារាំ សញ្ជាតិអូស្ត្រាលី លោក វ៉ាឌី រ៉ូបស៊ុន (Wade Robson) បានប្ដឹងឡើងទៅតុលាការចោទប្រកាន់ អតីតស្ដេចចម្រៀងប៉ុប ដែលបានស្លាប់តាំងពីឆ្នាំ២០០៩ ពីបទ«បំពានផ្លូវភេទលើកុមារ»។ ពាក្យបណ្ដឹងនេះ បង្កអោយមានការក្ដៅក្រហាយយ៉ាងខ្លាំង ពីសំណាក់អ្នកស្នងមរតករបស់ ម៉ៃឃើល ចាក់ស៊ុន (Michael Jackson) នៅចុងសប្ដាហ៍នេះ។
ស្ដេចចម្រៀងប៉ុប ម៉ៃឃើល ចាក់ស៊ុន កាលពេលលោកនៅរស់។
នៅក្នុងពាក្យបណ្ដឹងដែលដាក់ប្ដឹងដោយមេធាវីរបស់វ៉ាឌី រ៉ូបស៊ុន ទៅកាន់តុលាការនៃទីក្រុងឡូស អេនជឺឡេស តាំងពីថ្ងៃទី០១ខែឧសភាមកនោះ លោកវ៉ាឌី រ៉ូបស៊ុន បានស្នើសុំទៅចៅក្រម នូវសំណងខូចខាតជាច្រើន ដែលត្រូវកាត់ចេញពីមរតករបស់អតីតស្ដេចចម្រៀងប៉ុប។ នៅក្នុងសំនុំរឿងក្ដីលើកមុនតាំងពីឆ្នាំ២០០៥កន្លងមក លោកវ៉ាឌី រ៉ូបស៊ុន ធ្លាប់បានប្រកាសថា តារាចម្រៀងដ៏ល្បីមិនបានប៉ះពាល់រូបរាងកាយលោកទេ ខណៈពេលនោះ លោកស្ថិតនៅក្នុងវ័យជំទង់នៅឡើយ។
សម្រាប់មេធាវីខាងការពារក្ដី វាជាការចោទប្រកាន់«ធ្វើឲ្យរបួស និងគួរឲ្យអាណិត» !
មេធាវីរបស់វ៉ាឌី រ៉ូបស៊ុន បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា «ម៉ៃឃើល ចាក់ស៊ុន ជាបីសាចមួយ ហើយនៅក្នុងបេះដូងរបស់គាត់ នរណាៗក៏បានដឹងដែរ»។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយទៀត មានបញ្ជាក់ថា វ៉ាឌី រ៉ូបស៊ុន បានរងនូវគំនាបខាងផ្លូវចិត្ត កាលពីឆ្នាំកន្លងទៅ។ លោកមេធាវីបានបន្តយ៉ាងដូច្នេះថា «វ៉ាឌីបានបាក់ស្ប៉ាត ដោយសារភាពតឹងតែងក្នុងក្បាល និងទារុណកម្មផ្លូវភេទ ដែលវ៉ាឌី បានទទួលក្នុងរយៈពេល៧ឆ្នាំ ខណៈពេលដែលវ៉ាឌី នៅក្មេងនៅឡើយ។ វ៉ាឌី បានរងនូវការលាងខួរក្បាល ពីសំណាក់ជនកំណាចឃោឃៅខាងផ្លូវភេទ រហូតដល់បញ្ហាទាំងនេះធ្លាក់សង្កត់លើវ៉ាឌី មែនទែនងើបលែងរួច។»
ជាការឆ្លើយតបវិញ មេធាវីម្នាក់នៃអ្នកស្នងមរតករបស់អតីតអ្នកចម្រៀងម៉ៃឃើល ចាក់ស៊ុន បាននិយាយថា «រឿងតាក់តែងឡើងដោយលោក រ៉ូបស៊ុន វាបានធ្វើឲ្យរបួស និងជារឿងគួរឲ្យអាណិត។ នេះហើយជាយុវជនម្នាក់ ដែលបានចូលខ្លួនទៅធ្វើជាសាក្សីពីរដង ជាមួយនឹងពាក្យសម្បថតាំងពី២០ឆ្នាំកន្លងមក។ យុវជននេះ ថែមទាំងបានផ្ដល់កិច្ចសម្ភាស ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើន ថាម៉ៃឃើល ចាក់ស៊ុន មិនដែលធ្វើអ្វីដែលមិនត្រឹមត្រូវនោះទេ។ តែនៅថ្ងៃនេះ ៤ឆ្នាំក្រោយមរណភាពរបស់ម៉ៃឃើល សាច់រឿងដ៏គួរអោយស្រក់ទឹកភ្នែក និងមិនសូវពិតនេះ ត្រូវបានតាក់តែងឡើង។ យើងប្រាកដណាស់ ថាតុលាការនឹងដឹងថាវាជាអ្វី។»
គួររំលឹកថា ម៉ៃឃើល ចាក់ស៊ុន ធ្លាប់ត្រូវបានគេប្ដឹងជាច្រើនឆ្នាំ ពីបទរំលោភបំពានខាងផ្លូវភេទ ទៅលើកុមារមិនទាន់គ្រប់អាយុរ ប៉ុន្តែសំនុំរឿងបានបិទទៅវិញ ដោយមានការព្រមព្រៀងជាមួយដើមបណ្ដឺងនៅឆ្នាំ២០០៥។ ប៉ុន្តែស្ដេចចម្រៀងប៉ុប បានស្លាប់ទៅដោយនាំទាំងហេតុការណ៍ទាំងអស់ទៅជាមួយ កាលពីថ្ងៃទី២៥មិថុនាឆ្នាំ២០០៩ ក្នុងមូលហេតុប្រើប្រាស់ថ្នាំលើសកំណត់ ក្នុងអាយុ៥០ឆ្នាំ៕
-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ