ម៉ែនញូ ព្រមតែងតាំង ដេវីដ ម៉យ ជាគ្រូបង្វឹកថ្មី ក្នុងកិច្ចសន្យា៦ឆ្នាំ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីបំផុតក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅថា «ម៉ែនញូ» បានយល់ព្រមតែងតាំងលោក ដេវីដ ម៉យ (David Moyes) ក្នុងដំណែងជាគ្រូបង្វឹកថ្មីរបស់ពួកគេហើយ ក្នុងកិច្ចសន្យារយះពេល៦ឆ្នាំ។
លោកអាឡិច ហ្វឺកឺសិន (ខាងឆ្វេង) ចាប់ដៃលោកដេវិដ ម៉យ។
បុរសវ័យ៥០រូបនេះ នឹងមកកាន់ទឹកដី អូលត្រាហ្វដ (Old Trafford) នៅថ្ងៃទី០១ ខែកក្កដា បន្ទាប់ពីចំណាយពេលពេញមួយរដូវកាល ជាមួយក្រុមអេវើតុន (Everton)។
ម៉យ នឹងមកជំនួសដំណែងលោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) ដែលនឹងត្រូវចូលនិវត្តន៏ក្រោយចប់រដូវកាលនេះ ហើយការប្រកួតសំខាន់លើកដំបូងរបស់គាត់ នឹងត្រូវប្រកួតក្នុងពានរង្វាន់ ខមម៉ូញ៉ូនីធី ស្ស៊ៀល (Community Shield) ដែលត្រូវជួបក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ឬក្រុមវីកែន (Wigan) ក្នុងកីឡាដ្ឋានវ៊ែមប្លី (Wembley) នាថ្ងៃទី១១ ខែសីហា។
លោក ម៉យ ដែលបានចំណាយពេល១១ឆ្នាំ ជាមួយនឹងក្រុមអេវើតុន បាននិយាយថា «វាជាកិត្តិយសមួយដ៏អស្ចារ្យ សម្រាប់ខ្ញុំ ដែលបានក្លាយជាគ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត។ ខ្ញុំដឹងថា លោកសឺអាឡិច ជាអ្នកណែនាំឲ្យខ្ញុំនូវការងារមួយនេះ។ ខ្ញុំសូមគោរពដឹងគុណ និងអរគុណ សម្រាប់អ្វីៗគ្រប់យ៉ាងដែលគាត់បានធ្វើ និងផ្តល់ឲ្យក្លឹបមួយនេះ។»
អនាគតគ្រូបង្វឹកក្រុមបីសាចក្រហមរូបនេះ បានបន្តថា «ខ្ញុំដឹងថា វាពិតជាពិបាក ក្នុងការធ្វើឲ្យដូចគ្រូបង្វឹកដែលល្អបំផុត (ហ្វឺកឺសិន) ប៉ុន្តែឱកាសមកដឹកនាំក្រុមម៉ែនញូ ជារឿងដែលមិនងាយកើតឡើងញឹកញាប់នោះទេ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើបានល្អនៅរដូវកាលក្រោយ។»
បុរសសញ្ជាតិស្កុតឡែន បានបន្តថា «ខ្ញុំមានកិច្ចការដ៏ល្អមួយ ជាមួយក្រុមអេវើតុន និងមានទំនាក់ទំនងដ៏ល្អជាមួយម្ចាស់ក្លឹប អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ និងកីឡាករទាំងអស់។ ចាប់ពីពេលនេះ រហូតដល់ចប់រដូវកាល ខ្ញុំនឹងខិតខំធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យក្រុមមួយនេះស្ថិតនៅចំណាត់ថ្នាក់មួយ ល្អបំផុត។»
គាត់បានបន្ថែមថា «អ្នកគាំទ្ររបស់ក្រុមអេវើតុន ជាផ្នែកមួយដ៏ធំ ក្នុងរយះកាលដែលខ្ញុំនៅក្នុងទឹកដី ហ្គូឌីសិនផាក (Goodison Park) ដែលបានធ្វើឲ្យខ្ញុំរីករាយ ខ្ញុំនឹងចងចាំនូវទឹកចិត្តរបស់ពួកគេទាំងអស់ ដែលបានគាំទ្រដល់ខ្ញុំ និងក្រុមកីឡាករកន្លងមក។ អេវើតុន នឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំអស់មួយជីវិត។»
លោក ហ្វឺកឺសិន ដែលបានធ្វើជាគ្រូបង្វឹកក្រុមបីសាចក្រហម អស់រយះពេលជិត២៧ឆ្នាំនោះ បាននិយាយថា «នៅពេលដែលយើងពិភាក្សា ពីបេក្ខជនដែលត្រូវមកដឹកនាំបន្តនោះ យើងដឹងថា ដេវីដ ម៉យ ជាបុគ្គលដ៏សាកសម្យ ជាមួយនឹងការងារដ៏ធំធេងនេះ»។
លោកបានបន្តថា «ខ្ញុំពេញចិត្តការងាររបស់គាត់យូរហើយ ហើយខ្ញុំក៏ធ្លាប់ចង់បានរូបគាត់ មកធ្វើជាជំនួយការនៅទីនេះម្តងដែរ កាលពីឆ្នាំ១៩៩៨។ គាត់ជាបុរសវ័យក្មេងមួយរូប ដែលបានចាប់ផ្តើមអាជីព ជាគ្រូបង្វឹក ហើយបន្ទាប់មកក៏ធ្វើបានយ៉ាងល្អ ជាមួយក្រុមអេវើតុន។ វាពិតជាគ្មានមន្ទិលសង្ស័យអ្វីទេសម្រាប់ខ្ញុំ ព្រោះគាត់មានសមត្ថភាពគ្រប់យ៉ាងទាំងអស់ ដែលក្លឹបយើងត្រូវការ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ