គ្រូបង្វឹកម៉ែនញូសុំទោស បន្ទាប់ពីប្រកួតចាញ់ក្រុមបាល់ទាត់នៅអាស៊ី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) បានធ្វើការសុំទោសដល់ក្លិប និងអ្នកគាំទ្រទាំងអស់ ខណៈដែលការប្រកួតមិត្តភាពកន្លងមក ក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ មានភាពអន់ខ្សោយមែនទែន។ ប៉ុន្តែលោកម៉យ បានលើកឡើងថា កត្តាទាំងនោះដោយសារតែប៉ះក្រុមខ្លាំងៗរបស់ជប៉ុន។
លោកដេវីដ ម៉យ គ្រូបង្វឹងរបសើក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត
នៅពេលដែលសួរថា តើគាត់មានការបារម្មណ៏ដែរទេ ចំពោះលទ្ធផលចាញ់ និងស្មើ នៅតំបន់អាស៊ី គ្រូបង្វឹកវ័យ៥០ឆ្នាំ បាននិយាយថា គាត់គ្មានការបារម្មណ៏ទេ តែផ្ទុយទៅវិញ គាត់មានការសប្បាយចិត្ត។
គាត់បាននិយាយថា៖ «វាគ្រាន់តែជាការប្រកួតមិត្តភាព ត្រៀមបើករដូវកាល ហើយយើងទើបតែចាប់ផ្តើមស្វែងយល់ពីក្រុម។ យើងបានលេងជាមួយក្រុមខ្លាំងរបស់ជប៉ុនចំនួន២ក្រុម។ យើងនឹងធ្វើឲ្យល្អជាងនេះ។ ខ្ញុំបានមើលឃើញពីចំណុចល្អមួយចំនួនហើយ ហើយខ្ញុំគិតថា វានឹងរីកចំរើន។»
បុរសសញ្ជាតិស្កុតឡែនរូបនេះ បានបន្តថា៖ «យើងនឹងត្រៀមខ្លួនរួលរាល់ មុនពេលរដូវកាលថ្មីចាប់ផ្តើម ហើយក៏គ្មានបញ្ហាទៀតដែរ។ ខ្ញុំពេញចិត្តដំណើរទេសចរណ៏មិត្តភាពនេះ ហើយនេះជាដំណើរដ៏ល្អរបស់ក្លិបម៉ែនញូ។ ចំនួនអ្នកគាំទ្រ មួយភាគធំនៅជុំវិញពិភពលោក អាចនឹងចំណាយពេលបន្តិតទៀត ដើម្បីជឿជាក់លើខ្ញុំ។»
ក្នុងរជ្ជកាលថ្មី ដែលដឹកនាំដោយលោក ដេវីដ ម៉យ ម៉ែនញូ បានចាញ់សឹង្ហាអលស្តា (Singha All Stars) ១-០ នៅក្នុងទីក្រុងបាងកក។ ប៉ុន្តែក្រុមរបស់គាត់អាចស្តារដើមបានវិញ នៅពេលប៉ះក្រុម អេលីក អលស្តា (A-League All Stars)។
ក្រុមបីសាចក្រហម បានលត់ក្រុមអូស្ត្រាលី ៥-១ នៅក្នុងទីក្រុងស៊ីដនី មុនពេលដែលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ប៉ះក្រុម យ៉ូកូហាម៉ា អេហ្វម៉ារីណូស (Yokohama F-Marinos) ប៉ុន្តែពេលនោះ ពួកគេធ្វើមិនបានល្អទេ ខណៈដែលម៉ែនញូចាញ់ ៣-២។ ហើយបន្ទាប់មកទៀតស្មើ ២-២ ជាមួយក្រុម សេរ៉េស្ស៊ូ អូសាកា (Cerezo Osaka)។
ប្រកួតបន្ទាប់របស់ម៉ែនញូ នឹងត្រូវប៉ះក្រុម ឃីតឈី អេហ្វស៊ី (Kitchee FC) របស់ហុងកុង នៅថ្ងៃច័ន្ទ ទី២៩ ខែកក្កដានេះ។ ការប្រកួតនឹងមានផ្សាយបន្តផ្ទាល់ តាមរយះកញ្ចក់ទូរទស្សន៏ខ្សែកាបរាជធានីភ្នំពេញ ភីភីស៊ីធីវី ស្ពត (Ppctv Sport) ផងដែរ នៅវេលាម៉ោង ០៧៖០០នាទីយប់ (ភ្នំពេញ)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ