បាយឺនម៉ូនិជ ត្រៀមជាង៤០លានផោន ដើម្បីទិញដេវីដ ល្វីស
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអធិរាជ នៅអាឡឺម៉ង់ បាយឺន ម៉ូនិជ () បានត្រៀមចំនួនកញ្ចប់ទឹកប្រាក់ប្រមាណជាង ៤០លានផោន ដើម្បីទិញយកខ្សែការពារកណ្តាលរបស់ក្រុម ឆែលស៊ី (Chelsea) ដេវីដ ល្វីស (David Luiz)។
ខ្សែការពារកណ្តាល ដេវីដ ល្វីស របស់ក្រុម ឆែលស៊ី។ (រូបថត Chelsea FC)
គ្រូបង្វឹកបាយឺន លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) បានមើលឃើញកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ជាតំបន់មួយ ដែលគាត់ចាំបាច់ត្រូវតែពង្រឹងបន្ថែម ស្របពេលដែលក្លិបម្ចាស់ជើងឯកអ៊ឺរ៉ុប ក៏ធ្លាប់ចង់បានល្វីស ច្រើនលើកច្រើនសារដែរនោះ។
ខ្សែការពារក្រុមតោខៀវ វ័យ២៦ឆ្នាំ ដែលទើបតែបន្តកិច្ចសន្យារយះពេល ៥ឆ្នាំទៀត កាលពីខែកញ្ញាឆ្នាំមុន «មិនមែនសម្រាប់លក់ទេ»។ នេះជាសម្តីរបស់លោកគ្រូបង្វឹកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលបាននិយាយ កំឡុងពេលគាត់ដឹកនាំក្រុមមកប្រកួតមិត្តភាពនៅតំបន់អាស៊ីកន្លងទៅ។
នៅពេលដែលសួរនាំពីល្វីស លោកម៉ូរីញ៉ូ បាននិយាយថា៖ «គាត់ជាកីឡាករដែលមានសក្តានុពល មានកម្លាំងខ្លាំង និងជាកីឡាករដ៏អស្ចារ្យ។ ជាពិសេសគាត់ជាខ្សែការពារដ៏រឹងមាំមួយរូប។»
ប៉ុន្តែទោះជាយ៉ាងណា ល្វីសត្រូវបានក្លិបយក្សធំៗរបស់អ៊ឺរ៉ុបជាច្រើនផ្សេងទៀតកំពុងតែចង់បាន។
កាលពីថ្ងៃសៅរ៏ កាសែតអេស្ប៉ាញ បានរាយការណ៏ថា ក្លិបអ្នកមានបុណ្យបាសេឡូណា បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីដេញថ្លៃយក ដេវីដ ល្វីស ដែលកីឡាកររូបនេះបានផ្ទេរពីក្រុម បិនហ្វីកា (Benfica) មកកាន់ក្រុមឆែលស៊ី ក្នុងតម្លៃ២៥លានផោន កាលពីខែមករា ឆ្នាំ២០១១។
ដោយឡែក ក្លិបបាល់ទាត់បារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ក៏បាននិយាយថា ពួកគេចាប់អារម្មណ៏ ល្វីសដែរ បើសិនជាក្រុមបាសេឡូណា ទិញយកខ្សែការពារ ធីអាហ្គូ ស៊ីលវ៉ា (Thiago Silva)។
ល្វីស ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករឆែលស៊ី ៦រូបដែលជាប់ភារកិច្ច ក្នុងការប្រកួតពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) ខណៈដែលពួកគេទាំងនោះ ខកខានមិនបានមកជួយក្រុម ក្នុងការប្រកួតនៅតំបន់អាស៊ី ប៉ុន្តែពេលនេះពួកគេបានត្រឡប់មកហ្វឹកជាមួយក្រុមវិញហើយ ដើម្បីត្រៀមខ្លួនទៅប្រកួតយកពានរង្វាន់នៅទឹកដីសហរដ្ឋអាមេរិក៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ