ស្ដ្រីម្នាក់បានធ្វើអត្តឃាត បន្ទាប់ពីបាញ់ប្រហារនៅស្នាក់ការ យូធូប
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ មេសា ២០១៨
- កែប្រែចុងក្រោយ: April 04, 2018
- ប្រធានបទ: បាញ់ប្រហារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល មានមនុស្សបួននាក់ បានរងរបួស តែមិនមានមនុស្សណាផ្សេងទៀត ទទួលគ្រោះដល់ជីវិត ក្រៅពីស្ត្រីដែលធ្វើសកម្មភាព បាញ់ប្រហារនេះទេ។
នាយនគរបាលក្រុង «San Bruno» លោក «Ed Barberini» បានអះអាងពីតុល្យភាព ក្នុងពេលភ្លាមៗ និងជាបណ្ដោះអាសន្ន ដោយបញ្ជាក់ថា ស្ត្រីសង្ស័យ ដែលជាអ្នកទទួលខុសត្រូវ ក្នុងការបាញ់ប្រហារ ត្រូវបានប្រទះឃើញស្លាប់ ដោយគ្រាប់កាំភ្លើង ដែលបាញ់ដោយខ្លួននាងផ្ទាល់ នៅក្នុងអាគាររបស់ យូធូ (YouTube)។
ហេតុការណ៍បានកើតឡើង នៅមុនម៉ោង១រសៀលបន្តិច ក្នុងថ្ងៃទី៣ ខែមេសា (ត្រូវជាម៉ោង១០យប់ ថ្ងៃទី៣ ខែមេសា ម៉ោងនៅបារាំង និងម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៤ ខែមេសា ម៉ោងនៅកម្ពុជា)។ សាក្សីមួយរូប បានថ្លែងប្រាប់បណ្ដាញទូរទស្សន៍ «CNN» ថា៖ «ស្ត្រីម្នាក់ហ្នឹង (ដែលបើកការបាញ់ប្រហារ) បានចេញធ្វើសកម្មភាព នៅពេលបុគ្គលិកកំពុងទទួលទានអាហារថ្ងៃត្រង់ ហើយមើលតាមទំនង ដូចជាបាញ់សំដៅ ទៅរកមនុស្សណាម្នាក់ ជាពិសេស»។
ទូរទស្សន៍ដដែល បានស្រង់សំដីសាក្សីផ្សេងទៀត មកបញ្ជាក់ថា នៅពេលកើតហេតុ បុគ្គលិកបានស្ទុះរត់គេចខ្លួន ចេញពីអាគារ យ៉ាងលឿន តាមតែអាចធ្វើទៅបាន។ សាក្សីបានថ្លែងថា៖ «មនុស្សម្នា បានស្រែកឆោឡោ នៅពេលដែលរត់គេចខ្លួន»។ សាក្សីម្នាក់ទៀត លោក «Todd Sherman» អ្នកគ្រប់គ្រងផ្នែកផលិត របស់យូធូប បានអះអាងឲ្យដឹង ពីស្លាកស្នាមឈាម នៅលើកម្រាលឥដ្ឋ និងនៅតាមជណ្ដើរ។
BREAKING NEWS: San Bruno, California, police tweet that they are responding to an active shooter at YouTube headquarters https://t.co/fwzEMbCOyK pic.twitter.com/ggdGbROp7m
— The Lead CNN (@TheLeadCNN) 3 avril 2018
កម្លាំងនគរបាលដ៏សន្ធឹកសន្ធាប់ បានមកដល់ទីកន្លែងកើតហេតុ ជាពិសេសនៅខាងមុខអាគារ ដែលកើតមានការបាញ់ប្រហារ ហើយទំនងជាគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង។ ជនរងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែស្ថានភាពរបួសរបស់ពួកគេ នៅមិនទាន់ឲ្យដឹងនៅឡើយ៕