ឥន្ទ្រីហោះឆាបឆក់យកទារកម្នាក់ ក្នុងសួននៅទីក្រុងម៉ុងរ៉េអាល់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: December 19, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាចជាខ្សែវីដេអូដ៏ខ្លីមួយ ដែលធ្វើអោយពិភពអាំងធើណែតរំជួយ នៅពេលចុងឆ្នាំនេះ។ ឥន្ទ្រីមួយក្បាល បានសាកល្បងនឹងឆាបឆក់យកទៅជាមួយខ្លួន នូវទារកម្នាក់ ក្នុងសួនកំសាន្តមួយ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ ទាំងខាងឪពុកម្ដាយទារក និងខាងអ្នកការពារសត្វ បានដកដង្ហើមបន្ធូរទ្រូង៖ ព្រោះទាំងទារក ទាំងសត្វឥន្ទ្រីនោះ មិនមានគ្រោះថ្នាក់អ្វីឡើយ។
រូបថតពីអេក្រង់វីដេអូនេះ បង្ហាញពេលឥន្ទ្រីឆក់ទារក។
វីដេអូនោះថតជាធម្មតាដំបូង នូវសត្វបក្សីនេះ ដែលកំពុងតែហោះហើរនៅលើវេហា។ តែភ្លាមៗនោះ «រាជបក្សី»បានបន្ទាបខ្លួន រួចចូលមកឆក់យកទារក ដោយបានខ្ញាំទាញពីលើអាវ បានបន្តិច មុននឹងទម្លាក់ទារកចោលនៅលើស្មៅវិញ។ គេបានស្ដាប់លឺ បុរសម្ចាស់វីដេរអូនេះ ដែលស្បថពីការពិតនៃហេតុការណ៍ បានរត់យ៉ាងលឿនសំដៅ ទៅជួយសង្គ្រោះកុមារ ដែលទំនងមិនមានរបួសអ្វីឡើយ។
គ្រាន់តែដាក់នៅលើ គេហទំព័រចែកផ្សាយវីដេអូ យូធូបភ្លាម មានមនុស្សប្រមាណជា ៨០០ ០០០នាក់បានចូលមកចុចទស្សនា តែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ នៅថ្ងៃអង្គារទី១៨ធ្នូនេះ។ អ្នកកាសែតបារាំងខ្លះ បានវិន្និច្ឆ័យថាវីដេអូនេះ មិនពិត។ មានអ្នកកាសែតខ្លះទៀត សរសើរថា «តែបើទោះវាមិនពិត ក៏វាបានបង្ហាញថា អ្នកផលិតវីដេអូនេះ មានទេពកោសល្យយ៉ាងខ្ពស់»។
រាជបក្សី «ឥន្ទ្រី» ជាប្រភេទសត្វស្លាប់ធំជាងគេ នៅទ្វីបអាមេរិកខាងជើង។ តាម ណាទ្យុងណល ជេអូហ្គ្រាហ្វី សូសៃអេធី អាមេរិក (US National Geographic Society) បាននិយាយថា សត្វស្លាបនេះ អាចហោះឆាប ចាប់ចំណីរបស់វាយ៉ាងលឿន ក្នុងល្បឿន ២៤០គម ក្នុងមួយម៉ោង៕
តែបើនិយាយពី ហេតុការណ៍ក្នុងខ្សែរវីដេអូនេះវិញ គេបានឃើញទារកនោះនៅតែឯង ដោយទុកអោយឥន្ទ្រី មានឱកាសឆាបឆក់យកទៅ គ្មានការការពារអ្វីពីឪពុកម្ដាយវាឡើយ។ បើវីដេអូនេះជាការពិត តើគេគួរទុកអោយទារករបស់ខ្លួន នៅតែម្នាក់ឯងយ៉ាងដូច្នេះ ឬយ៉ាងណា? សូមបង្កើនស្មារតី ប្រុងប្រយ័ត្ន អោយបានខ្លាំងជាងនេះបន្តិចឡើង នៅពេលលោកអ្នកមានបុត្រតូច ហើយធ្វើដំណើរ ទៅលេងកំសាន្តក្នុងធម្មជាតិផងនោះ។
សូមអញ្ជើញមើលរូបវីដេអូនេះ៖
------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ