បារាំង-អាល់ហ្សេរី៖ ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង ដើម្បី​ទំនាក់​ទំនង​ធម្មតា​ឡើង​វិញ

ពីមុនមក តាំងពីរដ្ឋបាលនៃប្រធានាធិបតី ហ្វ្រង់ស៊័រ មីតេរ៉ង់ (François Mitterrand) មកទល់នឹងនីកូឡា ស្សាកូហ្សី (Nicolas Sarkozy) ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ឬតំណាងសំខាន់ៗ ល្បីៗ របស់ថ្នាក់ដឹកនាំនៅពេលនោះ ក្នុងការហុចដៃមក​ស្ដារ​ទំនាក់ទំនង បារាំង-អាល់ហ្សេរី មិនសូវជាទទួលបានផ្លែផ្កា ជាដុំកំភួនប៉ុន្មាននោះទេ។ ប៉ុន្តែនៅលើកនេះ លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ប្រធានាធិបតីបារាំង តាំងពី៦ខែមកនោះ មានបំណងយ៉ាងមុតមាំ នឹងធ្វើអោយទទួលបានជោគជ័យ នូវឆន្ទះ​នយោបាយមួយ ដើម្បីទំនាក់ទំនងធម្មតាឡើងវិញ ជាមួយប្រទេសអាល់ហ្សេរី។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 20, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីក្រុងអាល់ហ្សេ ទំនងបានហុចដៃមករកទីក្រុងប៉ារីស ក្នុងការរៀបចំទទួលប្រធានាធិបតីបារាំង ទៅធ្វើទស្សនកិច្ចក្នុងប្រទេសខ្លួន តែឆ្លៀតក្នុងឱកាសនេះ ទីក្រុងប៉ារីសចង់ប្រើប្រាស់មធ្យោបាយការទូតសំខាន់ៗ ដើម្បីផ្សះផ្សារចំណងទាក់ទង រវាងប្រទេស​ទាំងពីរ​ឡើងវិញ។ ហើយទស្សនកិច្ចរបស់ប្រធានាធិបតី លោកហ្វ្រង់ស៊័រ ហូឡង់ នៅប្រទេសអតីតទឹកដីរបស់បារាំង នៅពេលនេះ មិនមែន​ជារឿងមួយចៃដន្យនោះទេ។


រូបភាពកាត់ត​ រវាងប្រធានាធិបតីអាល់ហ្សេរី អាបដែឡាហ្សីស ប៊ូតេផ្លីកា និងប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់។
រូបថតរបស់ រ៉យទ័រ។

តាំងពីរដ្ឋបាលនៃប្រធានាធិបតីលោក ហ្វ្រង់ស៊័រ មីតេរ៉ង់ (François Mitterrand) មកទល់នឹងលោក នីកូឡា ស្សាកូហ្សី (Nicolas Sarkozy) ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ឬតំណាងសំខាន់ៗ របស់ប្រទេសបារាំងនៅពេលនោះ ក្នុងការហុចដៃមក​ស្ដារ​ទំនាក់ទំនង បារាំង-អាល់ហ្សេរី ហាក់មិនសូវជាទទួលបានផ្លែផ្កា ជាដុំកំភួនប៉ុន្មាននោះទេ។ ប៉ុន្តែនៅលើកនេះ លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ប្រធានាធិបតីបារាំងថ្មី តាំងពី៦ខែមកនោះ បានបង្ហាញបំណងយ៉ាងមុតមាំ ថានឹងធ្វើអោយ​ទទួល​បានជោគជ័យ នូវឆន្ទះ​នយោបាយមួយ ដើម្បីទំនាក់ទំនងធម្មតាឡើងវិញ ជាមួយប្រទេសអាល់ហ្សេរី។

ជម្លោះប្រវត្តិសាស្ត្រ

សូមបញ្ជាក់ថា ប្រទេសអាល់ហ្សេរី ធ្លាប់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសបារាំង ចាប់តាំងពីឆ្នាំ ១៨៣០មក។ នៅក្រោយពេលចេញ​ផុតពីសង្គ្រាមលោកទីពីរ ប្រទេសនេះបានងើបឡើង ប្រយុទ្ធតស៊ូប្រកបដោយឈាម ទាមទារឯករាជ្យពីប្រទេសបារាំង​បាន​មក​វិញ នៅឆ្នាំ១៩៦២ ដែលគេបានសរសេរនៅក្នុងប្រវត្តិសាស្ត្រ នៃសង្គ្រាមប្រទេសអាល់ហ្សេរី (ពីឆ្នាំ១៩៥៤ មកទល់នឹង១៩៦២) នោះ។

ស្រង់សម្ដីដោយកាសែតឆ្វេងនិយមបារាំង លីប៊េរ៉ាទីយ៉ុង (Libération) ទីប្រឹក្សាម្នាក់ នៃវិមានប្រធានាធិបតីបារាំង បានទទួលស្គាល់​ថា «នៅក្នុងចំណងទាក់ទងរវាងប្រទេសទាំងពីរ បារាំង អាល់ហ្សេរី វាមានភ្ជាប់មកផង នូវជម្លោះប្រវត្តិសាស្ត្រមួយ។ (...) និយាយ​បែបនេះ មិនមានន័យថា យើងត្រូវផាត់ចោល ឬធ្វើមិនដឹង ពីអតីតកាលនោះទេ។ ជាពិសេសនោះ គេមិនគួរជជែកគ្នា តែពីបញ្ហា​ដដែលៗ ដែលមិនចេះចប់មិនចេះហើយនោះដែរ ផ្ទុយទៅវិញ គេត្រូវសាងសង់នូវចំណងមេត្រីភាពមួយ ដើរឆ្ពោះទៅអនាគត។» អ្នកការទូត​រូបនោះដដែល បានលើកពីបញ្ហាពិបាកខ្លះៗ យ៉ាងដូច្នេះថា «វាស្មុគ្រស្មាញណាស់ នៅពេលដែលរាល់ដង អាជ្ញាធរ​របស់ប្រទេសនេះ មិន​ចង់អើពើ ស្នើទៅប្រទេសបារាំង នូវសំនួរទាំងអស់នេះ។ តែក្នុងពេលជាមួយគ្នានោះ ពួកគេរងចាំពីកាយវិការ​ដែលមានស្រាប់ពីយើង»។

ទំនាក់ទំនងឈ្នះ-ឈ្នះ

ប៉ុន្តែបញ្ហាដែលមានកន្លងមក រវាងប្រទេសបារាំង ជាមួយប្រទេសអាល់ហ្សេរី មិនមាននៅតែខាងប្រទេសអាល់ហ្សេរី ដែលស្ថិតនៅ​ផ្នែកខាងជើងនៃទ្វីបអាហ្វ្រិកនេះទេ។ អតីតប្រធានាធិបតី ហ្សាក់ ឆៀរ៉ាក់ ធ្លាប់មានបំណងចង់ចុះហត្ថលេខាមិត្តភាព ជាមួយប្រទេស​អាល់ហ្សេរី នៅឆ្នាំ២០០៥ម្ដងហើយ តែកិច្ចជជែកពិភាក្សាមួយ ដែលកាលនោះមានចរិក អាណានិគមនិយម ក្នុងរដ្ឋសភាបារាំង បានធ្វើអោយវិបត្តិការទូត នៅតែមានជាបន្តទៀត។ មកដល់ឆ្នាំ២០០៧ ទស្សនកិច្ចរបស់អតីតប្រធានាធិបតីបារាំង ស្សាកូហ្សី នៅ ប្រទេសអាល់ហ្សេរី បានធ្វើ​ការ​លើកទឹកចិត្តយ៉ាងខ្លាំង ដល់ការរឹតចំណងមេត្រីភាព រវាងប្រទេសទាំងពីរឡើងវិញ។ តែពេលត្រឡប់​មកទីក្រុងប៉ារីសវិញ អតីត​ប្រធានាធិបតី​រួបនេះ បានទទួលជួបក្រុមអ្នកតំណាងមួយ ដែលស្និតនឹងការប្រឆាំង ឯករាជ្យភាពរបស់​ប្រទេសអាល់ហ្សេរីពីអតីតកាល ដែលជាហេតុធ្វើ​អោយ​កកស្ទះវិញ ស្ទើតែទាំងអស់ នូវអ្វីៗ ដែលបានជជែកក្នុងដំណើរទស្សនកិច្ច របស់អតីតប្រធានាធិបតី។

រដ្ឋមន្ត្រីក្រសួងអតីតយុទ្ធជន លោក កាដេ អារីហ្វ (Kader Arif) បានលើកឡើងថា «ត្រូវជៀសវាងធ្វើចរិក ជាអ្នកផ្ដល់មេរៀន ទៅ​អោយប្រទេសអាល់ហ្សេរី។ គោលបំណងនៃដំណើរទស្សនកិច្ច មិនមែនសម្រាប់ តែធ្វើការចាប់ដៃហើយ ក្លាយជាដុំថ្ម​មិនបានការ​នោះទេ។»

មេដឹកនាំម្នាក់ នៃរណសិរ្យរំដោះជាតិអាល់ហ្សេរី (Front de libération nationale "Algérie") លោក អាលដែលហាមីដ ស៊ី អាហ្វីហ្វ (Abdelhamid Si Afif) បាននិយាយសរសើប្រធានាធិបតីបារាំងយ៉ាងដូច្នេះថា «មានជំហរសន្តិភាពនិយម និងច្បាស់លាស់ ពីបញ្ហា​ប្រវត្តិសាស្ត្រ មិនដូចអតីតប្រធានាធិបតី ស្សាកូហ្សី ដែលនៅតែចង់ធ្វើជាអ្នកទោស នឹងប្រធានបទគួអោយក្ដៅក្រហាយនោះទេ»។ ខាងវិមានប្រធានាធិបតីបារាំង ក៏បានពន្យល់ផងដែរពីជំហររបស់ខ្លួន ក្នុងការសាងសង់ នូវទំនាក់ទំនងឈ្នះ-ឈ្នះមួយ រវាងប្រទេស​ទាំងពីរ ជាពិសេសនៅលើវិស័យសេដ្ឋកិច្ច។ គេរំពឹងថា នឹងមានកិច្ចសន្យាមិនតិចជាង១៥ទេ នឹងត្រូវបានគេចុះហត្ថលេខា ក្នុងពេល​ដំណើរទស្សនកិច្ចរបស់លោកហ្វ្រង់ស៊័រ ហូឡង់នេះ៕

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...