យ៉ា ណាវុធ៖ កំណើន​ពលករ​ខ្មែរ​ចំណាក​ស្រុក ដោយ​សារ​កង្វះ​ទីផ្សារ​ការងារ​ក្នុង​ស្រុក

លោក យ៉ា ណាវុធ៖ កំណើនពលករយើង នៅតែកើនជារាងរាល់ថ្ងៃ ដោយសារតែកង្វះទីផ្សារការងារ នៅក្នុងស្រុក គួបផ្សំនឹងគោលនយោបាយ រាជរដ្ឋាភិបាលតាមរយៈ ក្រសួងការងារ ក្នុងការបញ្ជូនពលករខ្មែរ ទៅធ្វើការងារ នៅក្រៅប្រទេសផង និងដោយសារកត្តា អូសទាញមួយចំនួនផង។ ដូចជានៅក្នុងទឹកដីថៃក្តី ទឹកដីម៉ាឡេស៊ីក្តី គេត្រូវការកម្លាំងពលកម្មដែលមានតម្លៃថោក ដូច្នេះ ពលករយើងភាគច្រើន មិនសូវមានជំនាញទេ ទាំងអស់ហ្នឹងហើយ ជាកត្តាដែលធ្វើឲ្យ ប្រជាពលរដ្ឋយើង ធ្វើចំណាកស្រុក ទៅកាន់ប្រទេសទាំងបី (ថៃ ម៉ាឡេស៊ី និង កូរ៉េខាងត្បូង ។ (...)
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 19, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចអត្ថបទមុនរបស់ មនោរម្យព័ងអាំងហ្វូ ដែលធ្លាប់ជម្រាបជូនរួចហើយ ពីកំណើនកើនឡើងជាលំដាប់ នៃពលរដ្ឋខ្មែរ​ធ្វើ​ចំណាកស្រុក ក្នុងរយះពេល ១០ឆ្នាំចុងក្រោយនេះ។ មានពលរដ្ឋមួយចំនួនយល់ថា នឹងមានភាពងាយស្រួល និងទទួល​បានប្រាក់កម្រៃពលកម្មច្រើន ជាងការងារ​ក្នុងស្រុក។ មួយចំនួនទៀតបានរងគ្រោះ ដោយត្រូវមេខ្យល់ ទាក់ទាញដោយ​មធ្យោបាយផ្សេងៗ និយាយពីលាភសាក្ការៈ ដែលនឹងអាចទទួលបាននៅបរទេស។ មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាស​ជាមួយ លោក យ៉ា ណាវុធ ប្រធានអង្គការខារ៉ាមកម្ពុជា ដែលធ្វើការពាក់ព័ន្ធ នឹងបញ្ហានេះ ហើយបានលើកពីមូលហេតុ និង​ដំណោះស្រាយមួយចំនូន ដើម្បីកាត់បន្ថយ ចំនួនចំណាកស្រុកនៃពលរដ្ឋខ្មែរ។


លោក យ៉ា ណាវុធ ប្រធានអង្គការខារ៉ាមកម្ពុជា។ រូបថត MONOROOM.info/ អ, វ៉ារី។

មនោរម្យព័ងអាំងហ្វូ៖ តើមូលហេតុអ្វី ដែលធ្វើឲ្យមានកំណើន នៃពលករចំណាកស្រុក? 

លោក យ៉ា ណាវុធ៖ កំណើនពលករយើង នៅតែកើនជារាងរាល់ថ្ងៃ ដោយសារតែកង្វះទីផ្សារការងារ នៅក្នុងស្រុក គួបផ្សំនឹង​គោលនយោបាយ រាជរដ្ឋាភិបាលតាមរយៈ ក្រសួងការងារ ក្នុងការបញ្ជូនពលករខ្មែរ ទៅធ្វើការងារ នៅក្រៅប្រទេសផង និងដោយ​សារកត្តា អូសទាញមួយចំនួនផង។ ដូចជានៅក្នុងទឹកដីថៃក្តី ទឹកដីម៉ាឡេស៊ីក្តី គេត្រូវការកម្លាំងពលកម្មដែលមានតម្លៃថោក ដូច្នេះ ពលករយើងភាគច្រើន មិនសូវមានជំនាញទេ ទាំងអស់ហ្នឹងហើយ ជាកត្តាដែលធ្វើឲ្យ ប្រជាពលរដ្ឋយើង ធ្វើចំណាកស្រុក ទៅកាន់​ប្រទេសទាំងបី (ថៃ ម៉ាឡេស៊ី និង កូរ៉េខាងត្បូង) ។ (...)

មនោរម្យព័ងអាំងហ្វូ៖ តើការងារ ក្នុងបណ្តាប្រទេស ខាងលើមាន លក្ខ័ខ័ណ្ឌល្អយ៉ាងណាខ្លះ បានជាទាក់ទាញ កម្មករខ្មែរ​យើង ច្រើនយ៉ាងនេះ? 

លោក យ៉ា ណាវុធ៖ គឺទីមួយ ប្រាក់ខែខ្ពស់នៅ ក្នុងប្រទេសគេ។ (...) ទីពីរលក្ខ័ណ្ឌការងារ អាចមានលក្ខណៈប្រសើរ បើយើង​ប្រៀបធៀប ជាមួយប្រទេសកូរ៉េ វាមានលក្ខណៈ ប្រសើរជាង។ ហើយផ្គួបផ្សំគាត់ មិនមានជំនាញ និងគាត់មិនអាចរកការងារ នៅ​ក្នុងស្រុកបាន អញ្ចឹងដាច់ខាត គាត់ត្រូវតែបង្ខំខ្លួនឯង ដើម្បីធ្វើចំណាកស្រុក បើទោះបីពលករខ្លះ ដឹងថាធ្វើចំណាកស្រុក វាប្រឈម​មុខ ទៅនឹងបញ្ហាផ្សេងៗក៏ដោយ។ ប៉ុន្តែគ្មានជំរើសទេ (...) មានន័យថា តើសុខចិត្តស្លាប់នៅក្នុង ប្រទេសកម្ពុជា ដោយដាច់បាយ ឬក៏គាត់សុខចិត្ត ប្រថុយប្រថាន ធ្វើចំណាកស្រុក ទៅក្រៅប្រទេស។ ដរាបណាប្រទេសយើង មិនទាន់មានឧស្សាហកម្មធំៗ ឲ្យបាន​ច្រើនទេ ឬក៏យើងមិនអាចពង្រីក នូវសិប្បកម្មខ្នាតតូច ខ្នាតមធ្យម ឲ្យវាដើរដោយរលូនទេ មានន័យថា ពលករយើង នៅតែសម្រេច​ចិត្ត ធ្វើចំណាកស្រុក ទៅក្រៅប្រទេសអញ្ចឹង! ដោយសារអ្វី?

មនោរម្យព័ងអាំងហ្វូ៖ ក្នុងឆ្នាំ២០១២នេះ តើពលករចំណាកស្រុក ដោយខុសច្បាប់ មានចំនួនប៉ុន្មាននាក់? ច្រើនទៅ​ប្រទេស​ណាខ្លះ? ហើយគាត់អាចប្រឈមមុខអ្វីខ្លះ?

លោក យ៉ា ណាវុធ ៖ ពលករ ដែលបានចេញទៅ ក្រៅប្រទេស ភាគច្រើនជាងគេ គឺទីមួយ ទៅប្រទេសថៃ... ក្នុងចំណោមពលករ បីជនជាតិ មានភូមា ឡាវ និងកម្ពុជា ក្នុងនោះ មានកម្ពុជា ប្រហែលជា ១៥% ក្នុងចំណោមពលករសរុប ៣លាននាក់ ទាំងអ្នក​មាន​ឯកសារ និងអ្នកមិនមានឯកសារ(ពលករស្របច្បាប់ និងមិនស្របច្បាប់) ។ ទីពីរ គឺប្រទេសម៉ាឡេស៊ី។ មានពលករកម្ពុជា ដែល​ការងារ ជាជំនួយការមេផ្ទះ ប្រហែល ៣ម៉ឺននាក់ ទាំងអ្នកមានឯកសារ និងអ្នកមិនមានឯកសារ ក្នុងចំណោមជាង ៥ម៉ឺននាក់។ ទីបី ប្រទេស​កូរ៉េ។ បើតាមទិន្ន័យក្នុង២០១២ គឺអាចឡើង ទៅដល់ចំនួន ២ម៉ឺននាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ នៅក្នុងហ្នឹងដែរ យើង​សង្កេតឃើញថាពលរដ្ឋ ត្រូវបានគេជួញដូ ទៅកាន់បណ្តាប្រទេសផ្សេងៗ ក្នុងនោះមាន កោះតៃវ៉ាន់ ប្រហែលជា ប្រាំពាន់នាក់ (តាម​ទិន្ន័យក្នុងឆ្នាំ២០០៧-២០០៨) និងក៏មាន ការជួញដូទៅកាន់ ប្រទេសអាហ្រ្វិចខាងត្បូង ទៅប្រទេសឥណ្ឌូណេស៊ី និងទៅប្រទេស អារ៉ាប់ មួយចំនួន(ប៉ែកខាងមជ្ឍឹមបូព៌ា)។

មនោរម្យព័ងអាំងហ្វូ៖ តើការធ្វើលិខិតឆ្លងដែន សម្រាប់ពលករវិញ រដ្ឋាភិបាល មាននិតិវិធីយ៉ាងណាវិញ?

លោក យ៉ា ណាវុធ៖ ពាក់ពន្ធ័នឹងលិខិតឆ្លងដែន សម្រាប់ពលករខ្មែរ ទៅធ្វើការងារ នៅក្រៅប្រទេស កាលពីមុនគេយកតម្លៃ ថ្លៃ​លិខិតឆ្លងដែន ប៉ុន្តែក្រោយមក ... គឺរដ្ឋាភិបាលចេញឲ្យ ប៉ុន្តែគាត់បង់តែថ្លៃរដ្ឋបាល ប្រហែលជាជាង ២០ដុល្លា (ជាង៨ម៉ឺនរៀល) បន្តិចបន្តួចទេ នោះបើនិយាយពីពលករត្រូវបង់។ ឯស្ថានភាព ការអនុវត្តជាក់ស្តែង យ៉ាងម៉ិច វាជារឿងមួយផ្សេងទៀត ប៉ុន្តែប្រសិន បើពលករ លោកចង់ទៅប្រទេសក្រៅ ដូចជាប្រទេសថៃ ម៉ាឡេ កូរ៉េ គាត់ចង់ទៅតាមមេខ្យល់ ពឹងពាក់ ក្នុងការធ្វើ លិខិតឆ្លងដែន មានន័យថា មេខ្យល់ អាចយកតម្លៃ ខ្ពស់ជាងតម្លៃ ដែលរដ្ឋបានកំណត់ គឺអាច ១០០ដុល្លា (ជាង ៤០ម៉ឺន) ឬអាចច្រើនជាងហ្នឹង ដោយសារតែតាមការចចារ (...)។ នោះបើគាត់សម្រេច ចិត្តទៅក្នុងនាមជាអ្នកទេសចរ ។ ប៉ុន្តែ បើគាត់ទៅ តាមស្របច្បាប់ ទៅតាម​ក្រុមហ៊ុន ជ្រើសរើសពលករ ទៅថៃ ឬម៉ាឡេ តម្លៃលិខិតឆ្លងដែន មិនត្រូវបានគិតឡើយ។

មនោរម្យព័ងអាំងហ្វូ៖ តើប្រទេសទាំងនោះ មានវិធានការ យ៉ាងដូចម្តេចដែរ ចំពោះពលករ ចំណាកស្រុក ដោយខុសច្បាប់? 

លោក យ៉ា ណាវុធ៖ ចំពោះពលករទាំងឡាយណា ដែលចូលក្នុងទឹកដីគេ ដោយមិនមាន លិខិតស្នាមត្រឹមត្រូវ ជាទូទៅប្រទេស​ទទួល គេតែង អនុវត្តច្បាប់អន្តោប្រវេសន៍ ជាជាងការអនុវត្តច្បាប់ ជួញដូរមនុស្ស បើទោះបីជាគាត់ ត្រូវបានគេជួញដូរ ហើយ​ក៏​ដោយ។ ប៉ុន្តែលុះណាតែគាត់ បង្ហាញភស្តុតាង មានសាក្សី មានការអន្តរាគមន៍ ពីខាងណាមួយ តែបើអត់ទេ គាត់នឹងត្រូវបានចោទ ចូលទឹកដី គេដោយខុសច្បាប់។ ប្រទេសខ្លះអាចត្រូវទទួល ការធ្វើទារុណ្ឌកម្ម ប្រទេសខ្លះទៀត ត្រូវជាប់ពន្ធនាគារផង ។

មនោរម្យ៖  តើប្រទេសណាខ្លះ នឹងបញ្ជូនពលករខ្មែរ ខុសច្បាប់មកកម្ពុជាវិញ ? 

លោក យ៉ា ណាវុធ៖ កន្លងមក ប្រទេសថៃក៏ធ្លាប់តែអនុវត្ត បញ្ជូនពលករ ដែលមិនមាន ឯកសារឆ្លងចូល ទឹកដីថៃខុសច្បាប់ដែរ នៅតាមច្រកប៉ោយប៉ែត និងច្រកផ្សេងៗទៀត នេះជារឿងធម្មតា។ ប៉ុន្តែថ្មីៗនេះ ការសែតនៅក្នុង ទីក្រុងបាងកក បានប្រកាសថា ឱសានវាទ ការបញ្ជាក់សញ្ជាតិ ផុតនៅថ្ងៃទី១៤ ធ្នូ នេះ។ យោងទៅតាមសេចក្តីសម្រេច របស់ខុទ្ធកាល័យ ពលករមិនបានចុះ​បញ្ជី​ត្រឹមត្រូវ មិនបានបញ្ជាក់សញ្ជាតិ អាចនឹងត្រូវចាប់បញ្ជូន ត្រឡប់មកវិញ។ ប៉ុន្តែមិនមានការចាប់បញ្ជូន គំហុកនោះទេ ព្រោះ​ថា​ការ​ចាប់បញ្ជូន ចំនួនយ៉ាងច្រើនរហូតដល់ទៅជាង ១៦ម៉ឺននាក់នោះ វាអាចនឹងធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចប្រទេសថៃ ពីព្រោះថា​រោងចក្រឧស្សាកម្មធំៗ ជាច្រើននៅក្នុងប្រទេសថៃ ពឹងផ្អែកទៅលើ កម្លាំងពលកម្មដ៏ថោក ពីប្រទេសជិតខាង គឺមានប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសភូមា (...) ។ មួយវិញទៀត បើសិនជាមាន ការចាប់បញ្ជូនយ៉ាងគំហុក វាអាចនឹងមានបញ្ហា ការរំលោភសិទ្ធិ​មនុស្សផ្សេងៗ កើតឡើង ហើយពលករមួយចំនួន អាចនឹងរត់លាក់បំពួន នៅប្រទេសថៃ (...) ។

មនោរម្យ៖ តើយើងត្រូវធ្វើយ៉ាងណា ដើម្បីកាត់បន្ថយ នូវពលករកម្ពុជា ចំណាកស្រុក ដោយខុសច្បាប់? 

លោក យ៉ា ណាវុធ៖ ដើម្បីកាត់បន្ថយ ការធ្វើចំណាកស្រុកដ៏ច្រើន របស់ប្រជាពលរដ្ឋ ទៅកាន់បណ្តាប្រទេសផ្សេងៗនោះ លុះត្រា​តែកម្ពុជា ទីមួយបង្កើនការទាក់ទាញ វិនិយោគក្រៅប្រទេសមកកម្ពុជាឲ្យបានច្រើន។ ទីពីរ ធ្វើការបណ្តុះបណ្តាល ពលករយើងពី​មិនមានជំនាញ ឲ្យទៅជាមានជំនាញ (...)។ ទីបី ពលរដ្ឋភាគច្រើនជាកសិករ ដរាបណាបញ្ហាដីធ្លីមិនបានដោះស្រាយ ឲ្យបាន​លឿន​ទេ វានឹងទទួលផលប៉ះពាល់ សម្រាប់កសិករ។ កាលណា មានដីធ្លីហើយ ឥឡូវគាត់មិនអាច ធ្វើស្រែពឹងលើមេឃទេ យើងត្រូវការ​ឲ្យមាន គោលនយោបាយទឹក គ្រប់គ្រាន់ ជាពិសេសខេត្ត នៅឆ្ងាយៗ។ ចំណុចមួយទៀត យើងអាចធ្វើការពង្រីក ផ្នែកសេវាកម្ម ដូចជាសេវាកម្មផ្នែក សណ្ឋាគារ សេវាកម្មផ្នែកភោជនីដ្ឋាន យើងបណ្តុះបណ្តាលអ្នកទាំងហ្នឹង ឲ្យមានជំនាញ នោះអាចប្រើ កម្លាំង​ពលកម្មនៅក្នុងស្រុក ដោយមិនចាំបាច់យកពីក្រៅប្រទេសមកទេ ។ (...) ជាងនេះទៅទៀត ពង្រីកសក្តានុពល ផ្នែកទេសចរណ៍ ក៏ជាកត្តាមួយជំរុញ មិនឲ្យមានពលករ ធ្វើចំណាកស្រុកទៅ ក្រៅប្រទេសដែរ ឯផ្នែកសហគ្រាសខ្នាតតូច ខ្នាតមធ្យម បើរដ្ឋមាន​លទ្ធភាព ឬខាងធានាគារផ្តល់ ជាប្រាក់កម្ចីរ យកការប្រាក់ទាប ឬជួយជាបច្ចេកទេស ដើម្បីឲ្យសិប្បកម្ម ទាំងនោះរីក នៅតាមស្រុក​ឆ្ងាយៗ ខេត្តឆ្ងាយៗ។ ដើម្បីត្រៀមខ្លួន ក្នុងការប្រគួតប្រជែង ជាមួយ បណ្តាប្រទេស អាស៊ាន គឺយើងត្រូវបណ្តុះបណ្តាល ធនធាន​មនុស្ស ត្រៀមចាប់ពីឥឡូវ ធ្វើយ៉ាងណា បង្កើនប្រពន្ធ័អប់រំ យើងឲ្យបានល្អ(...)៕

---------------------------------------------------------
ទទួលជួបសម្ភាសដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...