ស៊ីលវីយ៉ូ ប៊ែរលូស្កូនី ភ្ជាប់ពាក្យជាមួយនារីអាយុ ២៧ឆ្នាំ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: December 18, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី អាយុ៧៦ឆ្នាំ បានប្រកាសកាលពីថ្ងៃអាទិត្យទី១៦ធ្នូកន្លងមកនេះ តាមកញ្ចក់ ទូរទស្សន៍ នូវពិធីភ្ជាប់ពាក្យរបស់លោក ជាមួយនាងកញ្ញាពិធីការិនីទូរទស្សន៍ម្នាក់ នាងហ្វ្រង់សេស្កា ប៉ាស្កាល់ អាយុ២៧ឆ្នាំ។
នាង ហ្វ្រង់សេស្កា ប៉ាស្កាល់ និងលោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី។ រូបថត AGN/INFOPHOTO។
លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី នៅមិនទាន់លែងលះជាផ្លូវការជាមួយ នឹងភរិយាទីពីររបស់លោកនាង វ៉ែរ៉ូនីកា ឡារីយ៉ូ (Veronica Lario) នៅឡើយ តែឥឡូវនេះ លោកបានប្រកាសភ្ជាប់ពាក្យជាមួយ នឹងនារីម្នាក់ទៀត។ កាលពីយប់ថ្ងៃអាទិត្យ ក្នុងកម្មវិធី «ដូមីនិកា លៃហ្វ (Domenica Live) នៅលើប៉ុស្ត៍លេខប្រាំក្នុងប្រទេសអ៊ីតាលី បុរសដែលមានអាយុ៧៦ឆ្នាំរូបនេះ បានអោយដឹងថា លោកនឹងរៀបអាពាហ៍ពិពាហ៍ក្នុងពេលខាងមុខនេះ។ ស្ត្រីដែលលោកបានជ្រើសរើសនោះ មានឈ្មោះថា ហ្វ្រង់សេស្កា ប៉ាស្កាល់ (Francesca Pascale)។
«សម្រេចសម្រួលទៅ ខ្ញុំមានអារម្មណ៍ថាមិនសូវឯកោទៀតទេ។ ខ្ញុំបានភ្ជាប់ពាក្យជាមួយស្ត្រីម្នាក់ អាយុ២៧ឆ្នាំ (...) ជាស្ត្រីម្នាក់ដែលមានតម្លៃពិតប្រាកដ។ នាងមានរូបរាងស្អាត តែនៅខាងក្នុងចិត្តរបស់នាង មានរឿងល្អជាច្រើនទៀត។» លោក ប៊ែរលូស្កូនី បាននិយាយយ៉ាងដូច្នេះ។ លោកបានបន្ថែមថា កូនស្រីរបស់លោក ម៉ារីណា (Marina) ក៏បានយល់ព្រមនឹងចំណងទាក់ទង់នេះដែរ។ «អនាគតភរិយារបស់ខ្ញុំនេះ ជាមិត្តភ័ក្រជិតដិតជាទីបំផុត ជាមួយនឹងម៉ារីណា» លោកបានធានាអះអាងបន្ថែមថា «រវាងយើងមានគម្លាតអាយុ ៤៩ឆ្នាំ តែយើងបានស្គាល់គ្នាមានរយះពេល៧ឆ្នាំរួចហើយ។ នាងជានាយិការក្រុម “ស៊ីលវីយ៉ូ យើងនឹកអ្នក” នៅទីក្រុងណាប្ល៍ (Naples) (...) ហើយបន្តិចម្ដងៗ នាងបានចាប់ផ្ដើមធ្វើការជាមួយខ្ញុំ។»
កាលពីថ្ងៃពុធសប្ដាហ៍មុន កាសែតក្នុងស្រុក «ឡារឺពីប្លីកា (La Repubblica)» ធ្លាប់បានស្រង់សម្ដីលោកស្រី ដានីញ៉ែឡា សាតានឆែ (Daniela Santanchè) អតីតរដ្ឋលេខាធិការពីខែមិនា ២០១០ មកដល់វិច្ឆិកា២០១១ នៃរដ្ឋាភិបាល ប៊ែរលូស្កូនី ក៏បានបង្ហើបអោយដឹងដែរ ពីទំនាក់ទំនងរវាងគូរស្នេហាទាំងពីរ។ លោកស្រីនិយាយថា «តើពិតជា ហ្វ្រង់សេស្កា ប៉ាស្កាល់នោះមែនទេ? ប៊ែរលូស្កូនី បានឆ្លើយថា ជាសង្សារបស់គាត់។ តែសម្រាប់ខ្ញុំ វាជារឿងមួយល្អបំផុត។» តែបើទោះជាអ្នកទាំងពីរ មិនដែលប្រកាសជាផ្លូវការពីមុនមក ពីទំនាក់ទំនងរបស់គេទាំងពីរ ក៏អ្នកផងធ្លាប់បានឃើញ អ្នកទាំងពីរចេញដើរជាមួយគ្នាជាញយដង ជាពិសេសនៅតាមភោជ-នីយដ្ឋាន និងនៅពហុកីឡាដ្ឋាន ពេលមានប្រកួតកីឡាបាល់ទាត់។ ពីខែមករាមុន លោកបានបង្ហាញតម្រុយពាក្យ តាមរយះខ្សែរ វីដេអូមួយ ដែលផលិតសម្រាប់អ្នកបោះឆ្នោតជូនលោក អះអាងពីទំនាក់ទំនងមួយ «ស្ថិតស្ថេរ និងស្នេហាជាមួយមនុស្សម្នាក់»។
លែងលះពីរដង ... រឿងអាស្រូវស្នេហា ... បុរសសម្បូរស្នេហ៍ ...
កាសែតក្នុងស្រុកមួយទៀតឈ្មោះ តេលេហ្គ្រាហ្វ (Telegraph) បាននិយាយថា ជីវិតអតីតនាយករដ្ឋមន្ត្រីរូបនេះ មានរឿងបីសំខាន់៖ «គ្រួសារ នយោបាយ និងរឿងផ្ទាល់ខ្លួនរបស់គាត់»។ កាសែតបានដកស្រង់សម្តីរបស់តំណាងរាស្ត្រម្នាក់ទៀត មកនិយាយថា «នាងហ្វ្រង់សេស្កា ប៉ាស្កាល់ ធ្លាប់ជាអ្នកជិតស្និតបំផុតជាមួយនឹង លោកប៊ែរលូស្កូនី គឺជិតជាងអ្វី ដែលគ្រាន់តែជាទំនាក់ទំនងមិត្តភ័ក្រធម្មតា»។ ស្ត្រីវ័យក្មេង អាយុ២៧ឆ្នាំនេះ ទំនងបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការក្លាយជាស្ត្រីទីមួយ នៃប្រទេសអ៊ីតាលី ដោយហេតុថា លោកប៊ែរលូស្កូនី ក៏ងាកត្រឡប់មកឈរឈ្មោះ សម្រាប់ការបោះឆ្នោតជាទូទៅនៅប៉ុន្មានខែខាងមុខ។
នាង ហ្វ្រង់សេស្កា ក៏ត្រូវបានកាសែតនិយាយផងដែរ ថាបានលាងជម្រះ នូវមន្ទិលបេះដូងខ្លះៗ ឬសត្រូវស្នេហា ដែលមានជាប់ទាក់ទង នឹងគូរស្នេហ៍វ័យចំណាស់របស់នាង ថែមទៀតផង។ នៅក្នុងហេតុផលប្រច័ណ្ឌ នាងធ្លាប់បានហាមលោក ប៊ែរលូស្កូនី មិនអោយជួប នាងម៉ារ៉ា កាហ្វាញ៉ា (Mara Carfagna) អតីតអ្នកបង្ហាញម៉ូត តែក្លាយជារដ្ឋមន្ត្រីក្រសួងសមភាពនៃភ័ពវាសនាម្នាក់ ដែលជ្រើសតាំងដោយ លោកប៊ែរលូស្កូនី ខ្លួនឯងពីមុន។ លោកប៊ែរលូស្កូនី ក៏ត្រូវនាងហ្វ្រង់សេស្កា សុំអោយផ្ដាច់ទំនាក់ទនងជាមួយ នឹងនាងនីកូល មីណេទី (Nicole Minetti) ដែរ ដោយហេតុតែនាងនីកូល ធ្លាប់ញញឹមដាក់លោក ប៊ែរលូស្កូនី និងក៏ដូចជានាង សាប៊ីណា ប៊ើហ្គេន (Sabina Began) ដែលធ្លាប់ប្រកាសថា មានផ្ទៃពោះដោយចៃដន្យមួយ មុននឹងកូននោះត្រូវរលូតមក។
លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី ធ្លាប់រៀបការពីរដងរួចមកហើយ នៅឆ្នាំ១៩៦៥ ជាមួយនឹងអ្នកស្រី កាឡា ម៉ារីយ៉ា អេវីរ៉ា ដែល អូគ្លីយ៉ូ (Carla Maria Elvira Dell’Oglio) មានបុត្រចំនួន ២នាក់ នៅឆ្នាំ ១៩៨០ លោកបានជួបនឹងអ្នកស្រី វែរ៉ូនីកា ឡារីយ៉ូ (Veronica Lario) ម្នាក់ទៀត ហើយលោកបានលែងលះភរិយាទីមួយ មុននឹងរៀបការជាមួយអ្នកស្រី វែរ៉ូនីកា ជាមួយនឹងកូនពីរនាក់ទៀត។ ដោយទ្រាំមិនបាននឹងអត្តចរិករបស់ប្ដី អ្នកស្រី វែរ៉ូនីកា ឡារីយ៉ូ ក៏បានសុំលែងស្វាមីអ្នកស្រីនេះ នៅឆ្នាំ២០០៩ទៀត ហើយបានទាមទាររហូតមកទល់បច្ចុប្បន្ន នូវទឹកប្រាក់ ៣០០ ០០០អ៊ឺរ៉ូក្នុងមួយខែ សម្រាប់ចិញ្ចឹមជីវិត។
គ្រប់ៗគ្នា សង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងនាង ហ្វ្រង់សេស្កា អាយុ២៧ឆ្នាំ លោក ប៊ែរលូស្កូនី រកបាននូវគូរជីវិត ជាទីគាប់ចិត្តរបស់លោក ហើយនឹងផ្អាកនូវរាល់សកម្មភាព «ប្រលោមស្នេហ៍»របស់លោក នៅក្នុងជីវិតចុងក្រោយនេះ៕
------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ