អ៊ីតាលី៖ ប្រធានាធិបតីបង្ខំ ក្រុមនយោបាយធំទាំងពីរ អោយរកដំណោះស្រាយ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រមុខរដ្ឋរបស់ប្រទេសអ៊ីតាលី បានច្រានចោលនូវគ្រប់ការលាលែងចេញពីដំណែង នៅមុនអាណត្តិរបស់គាត់ ដែលនឹងបញ្ចប់ នៅថ្ងៃទី១៥ឧសភាក្រោយនេះ។
ប្រធានាធិបតីអ៊ីតាលី លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ។
ប្រធានាធិបតីអ៊ីតាលី លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (Giorgio Napolitano) បានប្រកាសនៅថ្ងៃសៅរ៍ទី៣០ខែមិនា ពីការសម្រេចចិត្តរបស់លោក ក្នុងការបង្ខំឲ្យ ក្រុមនយោបាយសំខាន់ទាំងពីរ រកដំណោះស្រាយ និងផ្ដល់អោយប្រទេសអ៊ីតាលី នូវរដ្ឋាភិបាលមួយ បន្ទាប់ពីការបោះឆ្នោតសកល កាលពីមួយខែមុន។ លោកប្រមុខរដ្ឋ បានច្រានចោល នូវគ្រប់លទ្ធភាពនៃការលាលែងចេញពីដំណែង នៅមុនការបញ្ចប់អាណត្តិរបស់គាត់ នៅថ្ងៃទី១៥ខែឧសភាខាងមុខ ដោយបានគិតរួចជាស្រេច ថានឹងរិះរកគ្រប់មធ្យោបាយ ដើម្បីទម្លាយភាពទាល់ច្រក ដែលបានធ្វើអោយប្រទេស មានការជាប់គាំងខាងនយោបាយរហូតមក។
សេចក្ដីប្រកាសនេះ បានដាក់បញ្ចប់នូវបេសកកម្ម តាំងពីមួយសប្ដាហ៍មុន របស់ប្រធានគណបក្សកណ្ដាលនិយមឆ្វេងឈ្នះឆ្នោត លោក ពីយ៉េ ល្វីជី ប៊េសានី ដែលបានខិតខំស្វែងរក ដំណោះស្រាយ ជាមួយកម្លាំងនយោបាយផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលមួយឡើងនោះ។
ក្នុងការជួបនិយាយជាមួយ នឹងដៃគូរអន្តរជាតិ លោកប្រធានាធិបតី ណាប៉ូលីតាណូ បានគូសបញ្ជាក់ថា ប្រទេសលោក មិនមែនគ្មានរដ្ឋាភិបាល ហើយក៏មិនមានទិសដៅច្បាស់លាស់នោះដែរ។ «រដ្ឋាភិបាលមុន បើទោះជាបានលាលែងពីដំណែងក៏ដោយ នៅតែកាន់ការរបស់ខ្លួន ហើយរដ្ឋាភិបាលនេះ មិនត្រូវបានទទួលសម្លេងភាគតិច នៅក្នុងសភាឡើយ» លោកណាប៉ូលីតាណូ ដែលមានអាយុ៨៦ឆ្នាំរូបនេះ មានគេគោរពយ៉ាងខ្លាំង នៅប្រទេសអ៊ីតាលី។ លោកបានអះអាងថា អំណាចនិតិប្រតិបត្តិ របស់អតីតស្នងការអ៊ឺរ៉ុប ម៉ារីយ៉ូ ម៉ុងទី (Mario Monti) កំពុងស្ថិតនៅចំណុចនៃការរៀបរៀង នូវវិធានការបន្ទាន់មួយ សម្រាប់សេដ្ឋកិច្ច ដោយមានការយល់ព្រមពីសហគមន៍អ៊ឺរ៉ុប និងមានជ្រោមជ្រែងយ៉ាងសំខាន់ពីសភាថ្មី។
ប្រភពស្និតនឹងប្រធានាធិបតីបាននិយាយថា សមាជិកក្រុមប្រឹក្សាព្រឹទ្ធបុរសជាតិ នឹងត្រូវជ្រើសតាំងដោយប្រធានាធិបតី ហើយនឹងធ្វើការងាររបស់ខ្លួន ក្នុងរយះពេលមិនកំណត់មួយ ដើម្បីស្នើសុំគម្រោងមួយ ឈានទៅរកការបង្កើតរដ្ឋាភិបាលថ្មី ដែលចេញពីលទ្ធផលបោះឆ្នោតផង ការធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតផង និងដោះស្រាយលើបញ្ហាសង្គមសេដ្ឋកិច្ចផង។ គេនៅមិនទាន់ដឹងថា សមាជិកព្រឹទ្ធបុរសទាំងនោះ នឹងចេញពីស្ថាប័នជាន់ខ្ពស់របស់ប្រទេស ឬជាថ្នាក់ដឹកនាំគណបក្សនយោបាយសព្វថ្ងៃ ឬយ៉ាងណានោះនៅឡើយ។
សូមបញ្ជាក់ថា អ៊ីតាលីបានស្ថិតក្នុងភាពជាប់គាំងនយោបាយមួយ តាំងពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ថ្ងៃទី២៤-២៥ខែកុម្ភះនោះមក។ លទ្ធផលនៃការបោះឆ្នោត បានអនុញ្ញាតអោយគណបក្សកណ្ដាលនិយមឆ្វេង ឈ្នះយ៉ាងលើល-លប់នៅសភាជាន់ទាប តែបានឈ្នះយ៉ាងប្រផិតប្រផើយ នៅឯព្រឹទ្ធសភា ដែលជាហេតុធ្វើអោយការបង្កើតរដ្ឋាភិបាល ស្ថិតនៅជាការប្រទាញប្រទង់គ្នា រហូតមកដល់សប្ដាហ៍មុននេះ៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ