អីតាលី៖ អង់រីកូ លេតា ទទួលជោគជ័យ ក្នុងការរៀបចំរដ្ឋាភិបាលមួយឡើង
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សសំខាន់ទីពីរនៃគណបក្សប្រជាធិបតេយ្យ បានវាយសម្រុក ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដើម្បីរៀបចំរដ្ឋាភិបាលមួយ ដែលមានប្រធានគណបក្សប្រជាជននិងសេរីភាព លោកស៊ីលវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី។
លោកប្រធានាធិបតី ហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (ខាងឆ្វេង) និងលោកអង់រីកូ លេតា នាយករដ្ឋមន្ត្រីអ៊ីតាលីថ្មី។
ប្រធានាធិបតីរបស់ប្រទេស ដែលទើបនឹងមកកាន់តំណែងសារជាថ្មីកាលពីសប្ដាហ៍ដែរនោះ បានថ្លែងថា «រដ្ឋាភិបាលនេះ ជារដ្ឋាភិបាលនយោបាយមួយ ដែលមានតែផ្លូវនេះមួយប៉ុណ្ណោះ»។ សមាជិកទាំងអស់នៃរដ្ឋាភិបាល នឹងត្រូវចូលស្បថកាន់តំណែង នៅព្រឹកថ្ងៃអាទិត្យនេះ ហើយប្រធានក្រុមប្រឹក្សាថ្មីនេះ នឹងត្រូវដាក់ទៅសុំការទទួលទុកចិត្ត ពីរដ្ឋសភា នៅថ្ងៃច័ន្ទខាងមុខនេះ។
រដ្ឋាភិបាល ដែលសម្បូរទៅដោយសមាជិកជាស្ត្រី
លោក អង់ជឺលីណូ អាហ្វាណូ (Angelino Alfano) អគ្គលេខានៃគណបក្សប្រជាជននិងសេរីភាព (គណបក្សរបស់លោក ប៊ែលូស្កូនី) ដែលជាអនុប្រធានក្រុមប្រឹក្សា នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្រសួងសេដ្ឋកិច្ច ត្រូវបានធ្លាក់ទៅលើ លោកអគ្គនាយកធនាគារជាតិអ៊ីតាលី លោក ហ្វាប្រ៊ីស៊ីយ៉ូ សាកូម៉ានី (Fabrizzio Saccomanni)។ រីឯលោកស្រី អ៊ែលម៉ា បូនីណូ (Emma Bonino) អតីតស្នងការអ៊ឺរ៉ុប បានទទួលគ្រប់គ្រងផ្នែកការបរទេសរបស់ប្រទេស។ អតីតរដ្ឋមន្ត្រីមហាផ្ទៃក្នុងសម័យ ម៉ារីយ៉ូ ម៉ុងទី លោកស្រី អាណាម៉ារីយ៉ា កងសែលីយ៉េរី (Annamaria Cancellieri) ត្រូវបានតែងតាំងជាថ្មី ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ពីរខែនៅក្នុងភាពជាប់គាំង
លោកអង់រីកូ លេតា (Enrico Letta) ដែលជាមនុស្សសំខាន់ទីពីរ នៃគណបក្សប្រជាធិបតេយ្យ ត្រូវបានជ្រើសតាំងដោយលោក ហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (Giorgio Napolitano) ដើម្បីទទួលភារកិច្ចជាអ្នករៀបចំរដ្ឋាភិបាល និងដាក់បញ្ចប់នូវភាពជាប់គាំងនយោបាយ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីខែកុម្ភះមុននេះ។ លោកជាប្រធានក្រុមប្រឹក្សារដ្ឋ ដែលអាចនិយាយម្យ៉ាងទៀត នាយករដ្ឋមន្ត្រីអ៊ីតាលី។ អ្នកសង្កេតការណ៍មើលឃើញ កតព្វកិច្ចនៅចំពោះមុខរបស់រដ្ឋាភិបាលនេះ ដែលត្រូវដោះស្រាយ ជាពិសេសបញ្ហាវិបត្តិនៅក្នុងតំបន់ចាយលុយអ៊ឺរ៉ូ និងនយោបាយត្បិតត្បៀត សន្សំសំចៃ ដែលរដ្ឋាភិបាលមុនបានកំណត់រួចមកហើយ៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ