បាញ់រះនៅមុខវិមានរដ្ឋាភិបាលអ៊ីតាលី៖ ប្រតិកម្មនៃក្ដីអស់សង្ឃឹម
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបាញ់រះមួយបានកើតឡើងនៅថ្ងៃអាទិត្យនេះ នៅពីមុខវិមានរដ្ឋាភិបាល ខណៈពេលរដ្ឋាភិបាលថ្មី ដឹកនាំដោយលោក អង់រីកូ ឡេតា (Enrico Letta) កើតចេញពីគណបក្សនិយមឆ្វេង និងស្ដាំ កំពុងស្បថចូលកាន់តំណែង។
ជនរងគ្រោះ ដោយការបាញ់រះរបស់ជន«អស់សង្ឃឹមម្នាក់»។ (រូបថត AP)
គ្រាប់កាំភ្លើងជាច្រើនគ្រាប់ បាញ់ចេញពីកាំភ្លើងរបស់មនុស្សម្នាក់ ដែលចាត់ទុកជាមនុស្សអស់សង្ឃឹម និងឯកោនោះ ត្រូវបានវាយតម្លៃដោយរដ្ឋមន្ត្រីមហាផ្ទៃថ្មី លោកអង់ជឺលីណូ អាហ្វាណូ (Angelino Alfano) យ៉ាងដូច្នេះថា «សកម្មភាពឧក្រិដ្ឋកម្មយ៉ាងរន្ទត់ កើតចេញពីមនុស្សគ្មានការងារធ្វើម្នាក់ ដែលចង់សម្លាប់ខ្លួន»។ លោក អាហ្វាណូ បានបញ្ជាក់នៅមុខអ្នកសារព័ត៌មានថា «ស្ថានភាពទូទៅនៃសុវត្ថិភាពសាធារណៈ មិនគួរអោយមានការព្រួយបារម្ភទេ បើទោះជានៅក្រោយ ហេតុការណ៍នេះក៏ដោយ»។ ប៉ុន្តែលោកសង្កតធ្ងន់ថា «ការត្រួតពិនិត្យទៅលើករណី ដែលអាចបង្កជាគ្រោះថ្នាក់ ត្រូវបានពង្រឹកទ្វេឡើង»។
ខណៈពេលដែលលោកនាយករដ្ឋមន្ត្រីអង់រីកូ ឡេតា ចេញពីគណបក្សប្រជាធិបតេយ្យ (ឆ្វេងនិយមកណ្ដាល) និងសមាជិករដ្ឋាភិបាលទាំង២១នាក់ កំពុងស្បថចូលកាន់តំណែង នៅចំពោះរដ្ឋធម្មនុញ្ញអ៊ីតាលីនោះ នៅចម្ងាយ១គីឡូម៉ែត្រពីទីនោះ និងវេលាម៉ោងប្រមាណជា៩និង៤០នាទីព្រឹកដដែល ជនម្នាក់បានបាញ់រះជាច្រើនគ្រាប់ ធ្វើអោយរបួសនគរបាលពីរនាក់ ដែលកំពុងឈរយាម នៅមុខវិមានរដ្ឋាភិបាលឈីជី (Chigi) របស់អ៊ីតាលី។
នៅតាមស្ថានីយ៍ទូរទស្សន៍ គេឃើញបញ្ចាំងរូបភាពពីការស្បថចូលកាន់តំណែង របស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ម្នាក់ម្ដងៗ ប្រកបដោយទឹកមុខរីករាយ និងធូរស្បើយពីវិបត្តិនយោបាយ ជាប់គាំងជាងពីរខែមកហើយ។ តែរំពេចនោះ ពួកអ្នកធ្វើអត្ថាធិប្បាយតាមទូរទស្សន៍ បានរាយការណ៍ពីការបាញ់រះនេះ ដែលធ្វើអោយមានជនរងគ្រោះយ៉ាងហោចពីរនាក់ នៅមុខវិមានរដ្ឋាភិបាល។
តាមសាក្សីនៅនឹងកន្លែង ជនខ្មាន់កាំភ្លើងឈ្មោះ ល្វីជី ព្រីយ៉េទី (Luigi Prieti) មានអាយុ៤៩ឆ្នាំ បានស្លៀកពាក់ក្រវាត់ករ និងអាវធំស្អាតបាត ហើយដើរចូលមកពីមុខវិមានរដ្ឋាភិបាល រូចចាប់ផ្ដើមបាញ់រះ ទៅលើភ្នាក់ងារការពារសន្តិសុខ ដែលស្ថិតនៅចម្ងាយពីខ្លួន តែប្រាំម៉ែត្រប៉ុណ្ណោះ។ អភិបាលក្រុងរ៉ូម លោក ជីយ៉ានី អាឡឺម៉ាណូ (Gianni Alemanno) បាននិយាយថា ជាសកម្មភាពរបស់ជនមានសតិមិនគ្រប់ម្នាក់ ហើយបានបញ្ជាក់ថា ជនរងគ្រោះ មិនស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។ អ្នកកាសែតអ៊ីតាលីម្នាក់ បានពន្យល់នៅក្នុងអត្ថបទរបស់ខ្លួនថា «ប៉ុន្តែវាជារឿងគួរអោយព្រួយបារម្ភ។ គេត្រូវមើលថា តើជននេះជានរណា ហើយថាតើហេតុអ្វីបានជាបុរសនេះ បានជ្រើសរើសយកវេលានេះ និងទីកន្លែងនេះដើម្បីធ្វើសកម្មភាព? វាមិនមែន ជារឿងមួយចៃដន្យនោះទេ។»
បងប្អូនប្រុសម្នាក់ របស់ជនខ្មាន់កាំភ្លើង បានបញ្ជាក់ប្រាប់អ្នកកាសែតក្នុងស្រុកមួយថា ល្វីជី ព្រីយ៉េទី មិនមានបញ្ហាខាងរោគផ្លូវចិត្តនោះទេ ហើយក៏មិនមែនជាភេវរជនដែរ។ កាសែតក្នុងស្រុកបានរាយការណ៍ថា ជននេះជាជាងកំបោរម្នាក់ ដែលបានបាត់បង់ការងាររបស់ខ្លួន ហើយបានវិលមករស់នៅតែម្នាក់ឯង ក្នុងក្រុងកាឡាប្រ៍ (Calabre ផ្នែកខាងត្បូងនៃអ៊ីតាលី) បន្ទាប់ពីបានចាកចេញពីភរិយាខ្លួន និងកូនប្រុសម្នាក់អាយុ១០ឆ្នាំ នៅក្នុងទីក្រុងមួយទៀតផ្នែកខាងជើងនៃប្រទេស៕
ខាងក្រោមនេះ ជារូបភាពមួយចំនួន ជុំវិញព្រឹត្តិការណ៍បាញ់រះនេះ៖
នៅចម្ងាយ១គីឡូម៉ែត្រ ពីកន្លែងកើតហេតុ នាយករដ្ឋមន្ត្រីកំពុងស្បថចូលកាន់តំណែង។ (រូបថត AP)
ជនរងគ្រោះនឹងការបាញ់រះ ជានគរបាលម្នាក់ ពីចំណោមនគរបាលពីររូប កំពុងឈរយាមនៅមុខវិមានរដ្ឋាភិបាលអ៊ីតាលី។ (រូបថត AP)
ជនខ្មាន់កាំភ្លើង ដែលត្រូវបានបង្ក្រាបដោយ សមត្ថកិច្ចភ្លាមៗនោះ។ (រូបថត AP)
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ