អូបាម៉ា​ធ្វើ​កំប្លែង​ចំអក​ដាក់​អ្នក​ប្រឆាំង ... និង​ចំអក​ដាក់​ខ្លួន​ឯង (VDO)

ដូចជារាល់ឆ្នាំ ការទទួលទានអាហារពេលល្ងាចដ៏សំខាន់មួយ សម្រាប់អ្នកកាសែត ត្រូវបានរៀបចំឡើង នៅទីក្រុងវ៉ាស៊ីនតោន ហើយវាក៏ជាឱកាសមួយ ដើម្បីឲ្យប្រធានាធិបតីអាមរិក អាចបញ្ចេញ«សុន្ទរកថានៃគ្រឿងក្លែម»យ៉ាងពិសេសៗ គួរអោយចាប់អារម្មណ៍។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចពេលរាល់ឆ្នាំ ការទទួលទានអាហារពេលល្ងាចដ៏សំខាន់មួយ សម្រាប់អ្នកកាសែត ត្រូវបានរៀបចំនៅទីក្រុងវ៉ាស៊ីនតោន ហើយវាក៏ជាឱកាសមួយ ដើម្បីឲ្យប្រធានាធិបតីអាមរិក អាចបញ្ចេញ«សុន្ទរកថានៃគ្រឿងក្លែម»យ៉ាងពិសេសៗ គួរអោយ ចាប់អារម្មណ៍។


រូបភាពកាត់ត ដែលបញ្ចេញមកផ្សាយ ដោយលោកអូបាម៉ាខ្លួនឯង។

ក្នុងរាត្រីនោះ ពេលឡើងថ្លែងទៅកាន់បណ្ដាជន ប្រមាណជា៣០០០នាក់ នៅក្នុងសណ្ឋាគារដ៏ធំមួយ នៃទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) បានរៀបរាប់រឿងកំប្លែង ដែលនិយាយពីរូបលោក អ្នកដែល​ជម្ទាស់នឹងលោក និងពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ តែអ្វីដែលធ្វើអោយ រោងជំនុំទាំងមូលផ្ទុះសំណើចទប់មិនបាននោះ គឺ​ដោយសារលោកប្រធានាធិបតី បានបញ្ចេញរូបភាពបីបួនសន្លឹក ដែលគ្មាននរណានឹកស្មានដល់។

ជាដំបូង លោកអូបាម៉ាបានធ្វើរឿងសើចសប្បាយ ទៅលើព្រឹត្តិការណ៍បោះឆ្នោតប្រធានាធិបតី ដែល​លោកទើបនឹង​បាន​ជាប់ឆ្នោតសារជាថ្មី និងធ្លាប់ទទួលបានមួយសម្បកដប នៅក្នុងអាជីបការងារ ពីអតីតកាលរបស់លោក។ លោកបាន​និយាយថា «ថ្ងៃនេះ នៅពេលខ្ញុំសម្លឹងមើលខ្លួនខ្ញុំនៅក្នុងកញ្ចក់ ខ្ញុំដឹងខ្លួនថា ខ្ញុំលែងជាយុវជនសង្គមនិយម កាន់សាសនា​អ៊ីស្លាម មានសក់ក្រញ៉ាញ់នោះទៀតហើយ»។ ក្នុងឃ្លា ដែលថាលោកកាន់«សាសនាអ៊ីស្លាម» ទំនងជាលោកចង់ឆ្លើយតប ទៅនឹងការចោទប្រកាន់ទាំងឡាយ របស់ក្រុមអ្នក«មហា»អភិរក្សនិយម មកពីគណបក្សសាធារណរដ្ឋ ដែលតែងតែវាយ​ប្រហារលោកយ៉ាងចាស់ដៃ ក្នុងពេលឃោសនារកសម្លេងឆ្នោត។

បន្ទាប់មកទៀត លោកបានបង្ហាញពីរូបថតមួយចំនួន ដែលបានធ្វើការកាត់ត ហើយឃើញនៅក្នុងនោះ លោកបានត្រាប់​តាមភរិយារបស់​លោក លោកស្រីមីឆែល អូបាម៉ា (Michelle Obama) ជាមួយនឹងសក់សេះទម្លាកមកមុខ។ លោកបានឌឺដង ឲ្យមហាសេដ្ឋីម្នាក់ឈ្មោះ សែលដុន អាដែលស៊ុន (Sheldon Adelson) ដែលគេដឹងថា បានគាំទ្រហិរញ្ញវត្ថុ​ចំនួន១០០លាន ដុល្លាទៅលោក ម៊ីត រ៉ូមនី (Mitt Romney) បេក្ខជនសាធារណរដ្ឋ នៅក្នុងពេលឃោសនា​បោះឆ្នោត​ប្រធានាធិបតីកន្លងមក ដោយលោកមិនភ្លេចផងទេ នូវការបញ្ឆិតបញ្ចៀង ដាក់អោយប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងសមាជិក​សភាជាច្រើននាក់ផង។

លោកក៏បានបង្ហាញ ពីភាពម៉ត់ចត់របស់លោក ក្នុងរឿងមួយចំនួនដែរ ដូចជាថាលោកជាអ្នកអន្តរាគមន៍មុនគេ នៅក្នុង​ភេវរកម្មបំផ្ទុះគ្រាប់បែកពីរគ្រាប់នៅប៊ូស្តុន និងការផ្ទុះរោងចក្រធ្វើជី នៅរដ្ឋតិចសាស ជាពិសេសលោកបានបង្ហាញពី ការ​គោរពវិញ្ញាណខ័ន ដល់ជនរងគ្រោះទាំងអស់។

ការចូលរួមពីតារា

តាំងពីប៉ុន្មានឆ្នាំមកហើយ ដែលរាត្រីទទួលទានអាហារនេះ បានទទួលភ្ញៀវជាអ្នកកាសែត នាយកនិពន្ធ និងចាងហ្វាង​កាសែត ឲ្យមកគោះកែវជាមួយនឹង សមាជិករដ្ឋាភិបាលអាមេរិក ហើយបានក្លាយជារាត្រីមួយ សម្រាប់ពួកអ្នកមាន​មុខ​មានមាត់ និងមានឈ្មោះល្បី ចូលមកជួបប្រជុំគ្នាដែរ។ កម្មវិធីដ៏សប្បាយនេះ ត្រូវ​បានក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយធំៗ ដូចយ៉ាង ប្លូមប៊ើរ (Bloomberg) ជាដើម ទទួលយកទៅឧបត្ថម្ភ។

នៅឆ្នាំនេះ គេសង្កេតឃើញ មានការចូលរូម ពីតារាចម្រៀងអន្តរជាតិកូរ៉េខាងត្បូង ព្សាយ (PSY) តារាភាពយន្ដធំៗ របស់ ហូលីវូដ និងសមិទ្ធិករភាពយន្ដល្បីៗ មកចូលរូមដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រធានសមាគម«អ្នកឆ្លើយឆ្លង ព័ត៌មាននៅសេតវិមាន» ដែលបានរៀបចំកម្មវិធីនេះ លោក អេដ ហង់រី (Ed Henry) មានបំណងចង់បញ្ជៀសកម្មវិធីនេះ ពីឥទ្ធិពលរបស់ហូលីវូដ ដោយបានរក្សាទុកតុមួយចំនួន សម្រាប់ប្រព័ន្ធសារព័ត៌មានណា ដែលនិយាយពីសេតវិមាន​ច្រើន​ជាងគេ។ បន្ថែមពីលើនេះ លោកថា រាត្រីទទួលទាននេះ នឹងរៃអង្គាសលុយបានជាច្រើនពាន់ដុល្លា ដើម្បីយកទៅទំនុប​បម្រុងកម្មវិធីបង្រៀននិស្សិត ខាងវិជ្ជាជីវះសារព័ត៌មាន៕

សូមទស្សនាវីដេអូ ស្ដីពីសុន្ទរកថារបស់លោក បារ៉ាក់ អូបាម៉ាខាងក្រោមដូចតទៅ៖

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...