ពូទីន គ្រោងពង្រឹងកម្លាំងវាយប្រហារ ដោយអាវុធ«នុយក្លេអ៊ែរ»
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២៨ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 28, 2016
- ប្រធានបទ: សង្គ្រាមត្រជាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ផ្ដើមចេញពីមេរៀន នៃការធ្វើអន្តរាគមន៍យោធា នៅក្នុងវិបត្តិស៊ីរី និងជម្លោះជាមួយក្រុងវ៉ាស៊ីនតោន លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ូស្ស៊ីច្រើនអាណត្តិ បានប្រកាសកាលពីសប្ដាហ៍កន្លងទៅ ពីអាទិភាពដ៏សំខាន់ៗ ជាច្រើនចំណុច របស់កងទ័ពរ៉ូស្ស៊ី សម្រាប់ឆ្នាំ ២០១៧ខាងមុខ មានជាពិសេស ដូចជា ការពង្រឹងសមត្ថភាពវាយប្រហារ ខាងអាវុធនុយក្លេអ៊ែរ ការធ្វើទំនើបកម្ម ទៅលើសម្ភារៈសិក និងការបង្កើនភាពប្រុងប្រយ័ត្ន នៅតាមបណ្ដោយព្រំដែន។
ថ្លែងនៅចំពោះមេដឹកនាំយោធា ជាច្រើនរយនាក់ កាលពីថ្ងៃព្រហស្បត្តិ៍ លោក ពូទីន បានលើកឡើងថា៖ «សព្វថ្ងៃនេះ យើងមានកម្លាំង ខ្លាំងជាងអ្នកឈ្លានពានណាទាំងអស់ ទោះអ្នកឈ្លានពានណាមួយនោះ អស្ចារ្យប៉ុណ្ណាក៏ដោយ។ ប៉ុន្តែបើយើងធ្វេសប្រហេស តែមួយភ្លែតនោះ (...) ស្ថានការណ៍អាចនឹងប្រែប្រួលភ្លាម»។
ការថ្លែងរបស់លោកប្រធានាធិបតី ទំនងជាសំដៅទៅ ការក្ដាប់ស្ថានការណ៍ បានសឹងតែទាំងស្រុង នៅក្នុងវិបត្តិស៊ីរី ពីសំណាក់កងទ័ពរ៉ូស្ស៊ី ដែលបានធ្វើអន្តរាគមន៍ ទម្លាក់គ្រាប់បែកយ៉ាងរន្ថាន់ ជួយដល់របបគ្រប់គ្រងស៊ីរីសព្វថ្ងៃ។ ហើយការលើកឡើង សម្រាប់ឆ្នាំខាងមុខៗ របស់លោក ពូទីន ក៏បានធ្វើឡើងដូចគ្នា នៅតែប៉ុន្មានសប្ដាហ៍ មុនការផុតតំណែង របស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែលបើតាមវិមានក្រឹមឡាំង កិច្ចសន្ទនារវាងមហាអំណាចទាំងពីរ បាន«គាំងស្ដូក»ទៅហើយ។
«មូលដ្ឋានគ្រឹះ»ថ្មី ជាមួយប្រធានាធិបតី ត្រាំ...
នៅក្នុងសភាពការណ៍នេះ ប្រទេសរ៉ូស្ស៊ីកំពុងរងចាំ ការចូលមកកាន់តំណែង របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដែលទើបជាប់ឆ្នោតថ្មី ដើម្បីអាចធ្វើដំណើរទៅមុខ ជាមួយនឹង«មូលដ្ឋានគ្រឹះ»ថ្មី និងកាត់បន្ថយភាពតានតឹង ដែលបានកើតឡើង តាំងពីពីរឆ្នាំមកហើយ រវាងវិមានក្រឹមឡាំង និងសេតវិមាន ជុំវិញវិបត្តិនៅអ៊ុយក្រែន និងនៅស៊ីរី។
លោក វ្លាឌីមៀរ ពូទីន បានថ្លែងបន្តទៀតថា៖ «យើងត្រូវពង្រឹងមុនគេបង្អស់ នូវយុទ្ធសាស្ត្រយោធា ខាងកម្លាំងអាវុធនុយក្លេអ៊ែរ ដោយមានជំនួយ ពីប្រព័ន្ធកាំជ្រួច ដែលមានលទ្ធភាពទម្លាយ ប្រព័ន្ធការពារប្រឆាំងមីស៊ីល ដែលមាននៅនឹងកន្លែង ឬអាចនឹងមាន ក្នុងពេលខាងមុខ»។
ការពារអ៊ឺរ៉ុប...
ជាការពិតហើយថា វិមានក្រឹមឡាំង បានសម្ដែងការខ្វាយខ្វល់របស់ខ្លួន នៅចំពោះការដាក់ពង្រាយ នូវប្រព័ន្ធការពារប្រឆាំងមីស៊ីល របស់មន្ទីរប៉ង់តាហ្គោន (Pentagone - ក្រសួងការពារជាតិអាមេរិក) ដែលបានតម្លើង នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសរ៉ូម៉ានី និងប្រទសប៉ូឡូញ។ ទីក្រុងម៉ូស្គូ គិតថា ប្រព័ន្ធការពារប្រឆាំងមីស៊ីលនេះ មានបំណងចង់ប្រឈម ដោយកម្លាំងសព្វាវុធ ទល់នឹងប្រទេសរ៉ូស្ស៊ី។
ប៉ុន្តែក្រុងវ៉ាស៊ីនតោនវិញ បានអះអាងថា ប្រព័ន្ធរបាំងការពារនេះ ត្រូវបានបង្កើតឡើង ដើម្បីការពារអ៊ឺរ៉ុប ទល់នឹងការគម្រាម ជាយថាហេតុណាមួយ ពីសំណាក់ប្រទេសអៀរ៉ង់។ ជាការអះអាង តាមបែបការទូតមួយ ដែលមិនបានធានាសូម្បីបន្តិច ដល់ប្រទេសរ៉ូស្ស៊ីឡើយ។ បើនិយាយម្យ៉ាងទៀត គេត្រូវពន្យល់ពីការដាក់តម្លើង នូវប្រព័ន្ធរបាំងការពារ ប្រឆាំងមីស៊ីនទាំងនេះ ថាមានបំណង ដើម្បីធានាសុវត្ថិភាព ទៅបណ្ដាប្រទេសទាំងឡាយ នៅតំបន់អ៊ឺរ៉ុបខាងកើត ជាពិសេសបណ្ដាប្រទេស នៅជុំវិញសមុទ្របាលទិក បន្ទាប់ពីប្រទេសរ៉ូស្ស៊ី បានកាត់យកទឹកដី គ្រីមៀរ (Crimée - ដែលជារបស់ប្រទេសអ៊ុយក្រែន) ដាក់ចូលទៅក្នុងទឹកដីរបស់ខ្លួន កាលពីឆ្នាំ ២០១៤នោះមក៕