ចិនបង្ហោះផ្កាយរណប ដើម្បី«ឃ្លាំមើលឧស្ម័នកាបូនិក»
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៣ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: December 24, 2016
- ប្រធានបទ: អាវកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃព្រហស្បត្តិ៍នេះ ប្រទេសចិនបានបាញ់កាំជ្រួច ផ្កាយរណបដំបូង របស់ខ្លួន ដើម្បីឃ្លាំមើល ការបញ្ចេញសារជាតិពុល ឬឧស្ម័នកាបូនិក ទៅក្នុង បរិយាកាស។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានផ្លូវការ ឈ្មោះ«ចិនថ្មី»។
សារព័ត៌មានបានបញ្ជាក់ថា ផ្កាយរណបដ៏ទំនើបរបស់ចិនមួយនេះ នឹងជួយត្រួតពិនិត្យមើល ទៅលើកម្រិតកាត់បន្ថយ នៃការបញ្ចេញសារជាតិពុល របស់ ប្រទេស ដទៃទៀត ថាពិតជាបានសមស្រប ដូចដែលប្រទេសទាំងនោះ បានផ្ដល់សច្ចាប័នឬទេ។
ប្រទេសចិន ជាប្រទេសទីបី ដែលបានបាញ់កាំជ្រួចផ្កាយរណបប្រភេទនេះ ឡើងទៅក្នុងអាវកាស បន្ទាប់ពីសហរដ្ឋអាមេរិក និងជប៉ុន។ ប៉ុន្តែចិន ជាប្រទេស ទីមួយ ដែលបញ្ចេញឧស្ម័នកាបូនិក មកក្នុងបរិយាកាសច្រើនជាងគេ ក្នុងពិភពលោក។
សារព័ត៌មានផ្លូវការ បានបញ្ជាក់ទៀតថា ផ្កាយរណបមួយនេះ ដែលមានឈ្មោះ «TanSat» ត្រូវបានបាញ់ចេញ ពីមជ្ឈមណ្ឌលអាវកាស «Jiuquan» ដែលស្ថិតនៅកណ្ដាលវាលខ្សាច់ «Gobi» ភាគខាងជើងនៃប្រទេសចិន។ សារព័ត៌មានបានសរសេរថា៖ «កាំជ្រួច"TanSat" នឹងផ្ដល់សម្លេងដ៏ខ្លាំងមួយ មកឲ្យប្រទេសចិន នៅក្នុងការប្រឆាំង នឹងការផ្លាស់ប្ដូអាកាសធាតុ ក្នុងនោះការកាត់បន្ថយឧស្ម័នកាបូនិក និងនៅក្នុងការជជែកតវ៉ា ទាក់ទងនឹងការបញ្ចេញជាតិពុល មកក្នុងបរិយាកាស»។
ប្រទេសចិន និងអាមេរិក ដែលជាប្រទេស ដែលបញ្ចេញជាតិពុល មកក្នុងបរិយាកាសច្រើនជាងគេ នៅក្នុងពិភពលោក បានប្រកាសកាលពីខែកញ្ញា ពីការផ្ដល់សច្ចាប័នរបស់ផងខ្លួន នៅក្នុងកិច្ចព្រមព្រៀម នៃទីក្រុងប៉ារីស ស្ដីពីសីតុណ្ហភាព «COP21» ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសជាច្រើន កាលពីឆ្នាំ២០១៥ទៅម៉ិញ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង៕