ISIS បង្ហោះចម្រៀងឃោសនាជាភាសាចិន ជាលើកទីមួយ
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៩ ធ្នូ២០១៥
- កែប្រែចុងក្រោយ: December 10, 2015
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចម្រៀងឃោសនា ជាភាសាចិន កុកងឺ នេះ មានលក្ខណៈជាចម្រៀងប្រពៃណី មានរយៈពេលជិត៤នាទី និងមានចំណងជើងថា «Mujahid»។ ចម្រៀងត្រូវបានយកមកបង្ហោះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដាញអ៊ិនធើណែត ដោយមជ្ឈមណ្ឌល «Al Hayat» ដែលជាស្ថាប័នផ្សព្វផ្សាយ និងទំនាក់ទំនង ជាភាសាបរទេស របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។
ក្រុមភេរវជន បានដង្ហោយហៅ តាមរយៈចម្រៀងនោះ ទៅកាន់«បងប្អូនម៉ូស្លីម»ទាំងអស់ ឲ្យ«ភ្ញាក់ឡើង» ដៃកាន់អាវុធដើម្បី«ប្រយុទ្ធ»។ បើតាមការបកប្រែក្រៅផ្លូវការ ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ចម្រៀងនោះ បានបញ្ជាក់ដូច្នេះថា៖ «ពលីជីវិត ក្នុងពេលប្រយុទ្ធនៅសមរភូមិ ជាក្ដីសុបិន្ដរបស់យើង»។
«ជ្រើសរើសជនសកម្មប្រយុទ្ធថ្មីទៀត»
បើទោះជាចម្រៀងនេះ មិនបាននិយាយដល់ ពីមុខសញ្ញារបស់ក្រុមរដ្ឋអ៊ីស្លាម ដែលពួកនេះចង់ឃោសនា ទាក់ទាញនោះក៏ដោយ តែការផ្សព្វផ្សាយចម្រៀង ជាលើកទីមួយ ជាភាសាចិនរបៀបនេះ បានធ្វើឲ្យក្រុមអ្នកវិភាគយល់ភ្លាមថា វាជាយុទ្ធសាស្ត្រថ្មី ក្នុងការជ្រើសរើសជនសកម្មប្រយុទ្ធបន្ថែមទៀត ពីប្រទេសចិន ជាពិសេសពីបណ្ដាជន ដែលកាន់សាសនាអ៊ីស្លាម នៅភាគខាងលិចនៃប្រទេស។ ការពន្យល់មួយ របស់គេហទំព័រ «SITE» ដែលមានជំនាញខាងតាមដាន ការផ្សព្វផ្សាយរបស់ក្រុមរដ្ឋអ៊ីស្លាម ត្រូវបានសារព័ត៌មាន «Wall Street Journal» ដកស្រង់យកមកអះអាងថា៖ «ការថតចម្រៀង ឬសម្លេងឃោសនា ជាភាសាចិន អះអាងពីគំរូថ្មីមួយ របស់ក្រុមរដ្ឋអ៊ីស្លាម ក្នុងការស្វែងរកមធ្យោបាយ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន»។
ក្រុមរដ្ឋអ៊ីស្លាម ទំនងជាចង់ឆ្លៀតយកឱកាស ពីការបែងចែកពលរដ្ឋច្រើនជាតិសាសន៍ ជាពិសេស ពីការរើបម្រះដើម្បីសេរីភាព របស់ក្រុមជនជាតិ អ៊ុយហ្គួរ (Ouïghours) ដែលភាគច្រើន ជាអ្នកកាន់សាសនាអ៊ីស្លាម ឲ្យធ្វើការកាន់អាវុធ ដើម្បីងើបឡើងប្រឆាំងនឹងប្រទេសចិន។ រហូតមកដល់ម៉ោងនេះ រដ្ឋាភិបាលក្រុងប៉េកាំង នៅមិនទាន់មានប្រតិកម្មអ្វីជាដុំកំភួន ទាក់ទងនឹងការផ្សាយចម្រៀងនេះនៅឡើយ។ ប៉ុន្តែសម្រាប់អ្នកតាមដានព្រឹត្តិការណ៍ បានលើកឡើងថា ការលលេងចាក់ចង្កេះ ឲ្យប្រទេសចិនរសើបលោតឡើងបែបនេះ មិនមែនជាជម្រើសល្អទេ សម្រាប់ក្រុមភេរវជន៕