ទួរគី៖ ប្រៀប​ប្រធានាធិបតី​ទៅ​នឹង​តួ Gollum ត្រូវ​ជាប់​ទោស​!

ការសិក្សាវិភាគមួយ ត្រូវបានបង្គាប់ឲ្យធ្វើ ដោយតុលាការនៃប្រទេសទួរគី ដើម្បីកំណត់ថា តើតួអង្គ «Gollum» នៅ​ក្នុង​ភាពយន្ដ​អាមេរិកដ៏ល្បីល្បាញ រឿង «លោកម្ចាស់ចិញ្ចៀន (បារាំងហៅ Seigneur des Anneaux អង់គ្លេស​ហៅ Lord of the Rings) គឺ​ជា​តួអង្គចិត្តអាក្រក់ ឬយ៉ាងណា។ ការកំណត់ពីនិស្ស័យតួអង្គ «Gollum» នឹងធ្វើឲ្យតុលាការ​អាច​វិន្និច្ឆ័យ​ទោស ទៅ​លើ​សាស្ត្រាចារ្យ​មួយរូប ដែលបានកាត់ត យករូបភាពតួអង្គ «Gollum» មកដាក់ទន្ទឹមគ្នា នឹង​រូបភាព​ប្រធានាធិបតី​ទួរគី។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី៦ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 09, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោសកំហុស របស់សាស្ត្រាចារ្យមួយរូប ដែលបានកាត់ត យករូបភាពប្រធានាធិបតី នៃប្រទេសទួរគី លោក «Recep Tayyip Erdogan» ទៅដាក់ទន្ទឹម (ឬប្រៀបធៀប) ជាមួយនឹងតួអង្គ «Gollum» ដែលមាន​រូប​រាង​ដ៏​ចម្លែក នៅក្នុងភាពយន្ដ «លោកម្ចាស់ចិញ្ចៀន» ដ៏ល្បីរបស់ផលិតករ «Peter Jackson» នឹងត្រូវ​អាស្រ័យ​ទៅ​លើ​លទ្ធផល នៃការសិក្សាស្រាវជ្រាវមួយ របស់ក្រុមអ្នកជំនាញ ដើម្បីបញ្ជាក់ថា តើ​តួ​អង្គ​មួយ​នេះ មាន​និស្ស័យ​ល្អ ឬ​មាន​ចិត្តអាក្រក់។

តុលាការនៃប្រទេសទួរគី បានបង្គាប់ឲ្យមានការសិក្សានេះ មុននឹងធ្វើការវិន្និច្ឆ័យទោស ក្នុងខែកុម្ភៈ​ខាងមុខ ទៅលើលោក «Bilgin Çiftç» សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ បន្ទាប់ពីលោក «Bilgin Çiftç» បាន​បង្ហោះ​រូបភាព​ប្រៀបធៀប នៃតួអង្គខាងលើ និងប្រធានាធិបតីទួរគី នៅលើបណ្ដាញសង្គម។

ពលរដ្ឋទួរគី លោក «Bilgin Çiftç» បានជាប់បណ្ដឹងនៅតុលាការនេះ ពីបទម៉ាក់ងាយប្រមាថ ទៅលើប្រមុខ​រដ្ឋ​របស់​ខ្លួន។ បើទោះជារូបភាព មានលក្ខណៈកំប្លែងសើចសប្បាយក៏ដោយ តែច្បាប់របស់ប្រទេសទួរគី មិន​អនុញ្ញាត ឲ្យធ្វើការប្រមាថម៉ាក់ងាយ ទៅលើប្រធានាធិបតីឡើយ។ លោកសាស្ត្រាចារ្យ ដែលត្រូវ​បាន​បណ្ដេញ​ចេញ ពីមុខងារសាធារណៈរបស់ខ្លួន នៅក្រោយការបង្ហោះរូបភាពនោះ អាចនឹងត្រូវជាប់ឃុំ ៦ខែ​នៅ​ក្នុង​ពន្ធនាគារ ទៅតាមការស្នើសុំរបស់រដ្ឋអាជ្ញា។ ប៉ុន្តែទោសនេះ នឹងអាចបន្ថែមរហូតដល់២ឆ្នាំ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក «Bilgin Çiftç» មានបំណងទុច្ចរិតអ្វីផ្សេង។

នៅក្នុងរឿង «លោកម្ចាស់ចិញ្ចៀន» តួអង្គ «Gollum» មានដើមកំណើត ជាក្រុមមនុស្សកណ្ដុល (Hobit) និង​មាន​មុខ​របរ​ជាអ្នកនេសាទ ឬស្ទូចត្រី ដោយស្លូតត្រង់តែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីបានស្គាល់ចិញ្ចៀន «អសុរកាយ» ដែលបង្កើតឡើង ដោយក្រុមសភាវៈអាក្រក់ នៃមហាចក្រវាឡ «Mordor» តួអង្គ «Gollum»​ បាន​ឈ្លក់​វង្វេង និងត្រូវបានគ្រប់គ្រង់ចិត្ត ដោយអំណាចដ៏ឃោឃៅ នៃចិញ្ចៀននេះ រហូតដល់តួអង្គ លែង​គិត​ពីអ្វី​ដែលល្អ និងអាក្រក់ ហើយមានគំនិតតែម្យាង នោះគឺធ្វើយ៉ាងណា ដណ្ដើមយកចិញ្ចៀននេះ មក​កាប់​កាប់​វិញ ឲ្យខាងតែបាន។

«សេរីភាពនៃការបញ្ចេញមតិ»

នៅក្នុងរយៈពេលនៃការរង់ចាំ ថ្ងៃបើកសវនាការសម្រេចក្ដី ការសិក្សាស្រាវជ្រាវមួយ ត្រូវបានបង្គាប់ឲ្យធ្វើ ដើម្បី​រកមើលថា តើការប្រៀបធៀបរូបភាពនេះ បានបង្កឲ្យមានផលប៉ះពាល់ ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូ​របស់​ប្រធានាធិបតី​ឬទេ។ សមាជិកចូលរួម នៅក្នុងការសិក្សានោះ មានចំនួន៥នាក់ ដោយរួមមាន អ្នកជំនាញ​ខាង​ចិត្ត​សាស្ត្រ​​ម្នាក់ និងអ្នកជំនាញខាងភាពយន្ដ និងខាងសោតទស្សន៍ម្នាក់ផង។

សម្រាប់មេធាវីការពារក្ដីវិញ បានលើកឡើងពី «សេរីភាពនៃការបញ្ចេញមតិ» នៃទង្វើរបស់កូនក្ដីរបស់ខ្លួន។ ករណីនេះ មិនមែនជាលើកទីមួយទេ ព្រោះសំនុំរឿងប្រមាណជា ជាង២០០ កំពុងស្ថិតក្នុងការស៊ើបអង្កេត រវាងពីខែសីហា ឆ្នាំ២០១៤ មកដល់ខែមីនា ឆ្នាំ២០១៥ ទាក់ទងនឹងការប្រមាថប្រមុខរដ្ឋ នៃប្រទេសទួរគី៕

» រូបភាពប្រៀបធៀប ដែលត្រូវបានជាប់ចោទ ថាបានប្រមាថប្រធានាធិបតីទួរគី៖

--------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...