អង្គរក្សប្រធានាធិបតីតួកគីបញ្ចេញក្បាច់គុន នៅវ៉ាស៊ីនតោន
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៧ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 18, 2017
- ប្រធានបទ: តួកគី-អាមេរិក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពនៅក្នុងវីដេអូ អាចបង្កការប៉ះពាល់ ទៅដល់អារម្មណ៍អ្នកទស្សនា។ ហេតុការណ៍ នៃអំពើហិង្សា បានកើតឡើង កាលពីថ្ងៃអង្គារទី ១៦ ខែឧសភានេះ រវាងក្រុមបាតុករ ដែលមានដើមកំណើត គួដ និងកងរក្សាសន្តិសុខ របស់ប្រធានាធិបតី តួកគី នៅខាងមុខលំនៅដ្ឋាន របស់ឯកអគ្គរដ្ឋទូត តួកគី ប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោក «Recep Tayyip Erdogan» និងលោក ដូណាល់ ត្រាំ (Donald Trump) បានជួបគ្នាជាលើកដំបូង បន្ទាប់ពីលោក ត្រាំ បានចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក។ ជំនួបនេះ មានបំណងដើម្បីកាត់បន្ថយភាពតានតឹង ដែលបានកើតឡើង តាំងពីច្រើនថ្ងៃមកហើយ ជុំវិញការបំពាក់អាវុធ ពីសំណាក់ក្រុង វ៉ាស៊ីនតោន ទៅឲ្យក្រុមយុទ្ធជនជាតិ គួដ ដែលកំពុងវាយប្រយុទ្ធ ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) ក្នុងប្រទេសស៊ីរី។
ជាលទ្ធផល បាតុករ៩នាក់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ក្នុងនោះ បាតុករម្នាក់ បានស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ នេះ បើតាមទិន្នន័យ ដែលផ្ដល់ដោយក្រុមអ្នកជួយសង្គ្រោះ។ ក្នុងពេលភ្លាមៗ កម្លាំងនគរបាល បានគ្រប់គ្រងស្ថានការណ៍បានវិញ ហើយបានចាប់ខ្លួនមនុស្សពីរនាក់ ពីក្នុងហេតុការណ៍ខាងលើ។
សាក្សីនៅនឹងកន្លែង បាននិយាយថា គឺក្រុមអង្គរក្ស ថែរក្សាសន្តិសុខឲ្យប្រធានាធិបតី តួកគី ជាអ្នកបញ្ចេញ «ក្បាច់គុណ រន្ទះដៃជើងឥតមេត្តា» ទៅលើក្រុមបាតុករ ដែលបានមកប្រមូលផ្ដុំគ្នា នៅទីនោះ ដើម្បីបញ្ចេញសម្លេងទាមទារ របស់ពួកគេ។ ភស្ដុតាងជាវីដេអូមួយចំនួន ដូចខាងក្រោម៖