២១ឆ្នាំកន្លងទៅហើយ ឯណាទៅឃាតករ?
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 18, 2017
- ប្រធានបទ: មនុស្សឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពី២១ឆ្នាំមុន ក្នុងថ្ងៃដដែលនេះ លោក ធុន ប៊ុនលី អ្នកសារព័ត៌មាន និងជាបណ្ណាធិការកាសែត ឧត្ដមគតិខ្មែរ ត្រូវបានជនមិនស្គាល់មុខ ប្រដាប់ដោយអាវុធពីរនាក់ បាញ់សម្លាប់ ខណៈលោកកំពុងជិះម៉ូតូ នៅតាមដងផ្លូវមួយ កណ្ដាលរាជធានីភ្នំពេញ។ ជនដៃដល់ ដែលប្រព្រឹត្តិអំពើមនុស្សឃាតនេះ មិនដែលត្រូវអាជ្ញាធរកម្ពុជា ចាប់យកមកផ្ដន្ទាទោសនោះទេ រហូតមកដល់ថ្ងៃនេះ ហើយគ្រួសារជនរងគ្រោះ ក៏មិនដែលត្រូវបានគេនឹកនារ ដើម្បីនិយាយពីយុត្តិធម៌នោះដែរ។
អង្គការអន្តរជាតិមួយ ឈ្មោះ គណៈកម្មការការពារអ្នកកាសែត (The Committee to Protect Journalists) ដែលមានទីស្នាក់ការធំ នៅក្នុងទីក្រុង ញ៉ូយក សហរដ្ឋអាមេរិក បានកត់ត្រាពីឃាតកម្ម ទាំងកណ្ដាលថ្ងៃ ទៅលើលោក ធុន ប៊ុនលី ថាត្រូវបានធ្វើឡើង ដោយការបាញ់ប្រហារ ចំនួន៣គ្រាប់កាំភ្លើង៖ ១គ្រាប់ចំដៃ និងពីគ្រាប់ទៀត ចំដងខ្លួនផ្នែកខាងលើ។ ក្រោយពីធ្វើសកម្មភាពរួច ឃាតករទាំងពីរនាក់ បានជិះម៉ូតូគេចខ្លួន បាត់ស្រមោលសូន្យឈឹង។
កំណត់ត្រារបស់អង្គការអន្តរជាតិ បានបញ្ជាក់បន្តថា ការបាញ់សម្លាប់នេះ បានកើតឡើងក្នុងថ្ងៃតែមួយ នៃការបើកសាខាថ្មី នៅក្រៅរាជធានីជាលើកដំបូង របស់គណបក្សជាតិខ្មែរ (អតីតគណបក្សប្រឆាំង ដែលក្រោយមកក្លាយជាគណបក្ស សម រង្ស៊ី) ដែលរូបលោក ធុន ប៊ុនលី គឺជាអ្នកគាំទ្រឈានមុខមួយរូប។
គណៈកម្មការការពារអ្នកកាសែត បានពន្យល់ថា កាសែតឧត្ដមគតិខ្មែរ របស់លោក ធុន ប៊ុនលី ត្រូវបានបិតឲ្យឈប់ផ្សាយ ដោយរដ្ឋាភិបាល ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីពីររូប (ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ និងលោក ហ៊ុន សែន)។ លោក ធុន ប៊ុនលី ផ្ទាល់ ត្រូវបានតុលាការកម្ពុជានៅពេលនោះ ផ្តន្ទាទោសលោក ពីបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ ដោយបង្គាប់ ឲ្យបង់ជាប្រាក់ពិន័យ ចំនួន ១៥លានរៀល។ ប៉ុន្តែលោកបានប្ដឹងសារទុក្ខ ឡើងទៅតុលាការកំពូល ពីការផ្ដន្ទាទោសនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ហៅជាភាសាអង់គ្លេស «Human Rights Watch» បានចាត់ទុកការបាញ់សម្លាប់ ទៅលើលោក ធុន ប៊ុនលី ជាការសម្លាប់ក្រៅប្រព័ន្ធតុលាការ ដែលមិនត្រូវបានធ្វើការ ស៊ើបអង្កេត ឬធ្វើការផ្តន្ទាទោស យ៉ាងពិតប្រាកដ ដោយអាជ្ញាធរកម្ពុជាទេ។ នេះ បើតាមការរៀបរាប់យ៉ាងលំអិត ស្ដីពីអំពើឧក្រិដ្ឋទាំងឡាយ ដែលបានកើតឡើង រវាងពីឆ្នាំ១៩៩២ មកទល់នឹងឆ្នាំ២០១២ នៅក្នុងរបាយការណ៍មួយ របស់អង្គការខាងលើ ចេញផ្សាយក្នុងឆ្នាំ ២០១២ ដែលមានចំណងជើងថា «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ (សំដីរបស់លោក ហ៊ីង ប៊ុនហៀង អតីតមេបញ្ជាការរង នៃអង្គភាពអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)» ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានទីស្នាក់ការ ក្នុងទីក្រុងញ៉ូយក បានបញ្ជាក់ទៀតថា ជារឿយៗ អ្នកទទួលខុសត្រូវ ក្នុងទង្វើឧក្រិដ្ឋទាំងនោះ តែងត្រូវបានគេស្គាល់មុខ តែអ្នកទទួលខុសត្រូវទាំងនោះ មិនដែលត្រូវបានអាជ្ញាធរកម្ពុជា ចាប់ឲ្យមកទទួលទោសឡើយ។
រាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៧នេះ មានអ្នកសារព័ត៌មានមិនតិចជាង ១២នាក់ទេ ដែលត្រូវបានបាញ់សម្លាប់។ ជនរងគ្រោះទាំងនោះ មានជាអាទិ៍ លោក ទូ ឆោមមង្គល កាសែត “អន្តរាគមន៍” (១៩៩៤) លោក នន់ ចាន់ និពន្ធនាយកកាសែត “សំឡេងយុវជនខ្មែរ” (១៩៩៤) លោក ចាន់ ដារា កាសែត “កោះសន្តិភាព” (១៩៩៤) លោក ធុន ប៊ុនលី កាសែត “ឧត្ដមគតិខ្មែរ” (១៩៩៦) លោក ពេជ្រ ឯម អ្នកយកព័ត៌មានស្ថានីយ៍ទូរទស្សន៍ ក្នុងក្រុងព្រះសីហនុ (១៩៩៧ ត្រូវបានបាញ់សម្លាប់ ដោយគ្រាប់បេ៤០) លោក មៃឃើល សេន័រ (Michael Senior) អ្នកកាសែតឯករាជ្យ (១៩៩៧) លោក ជួ ជាដ្ឋារិទ្ធិ វិទ្យុ “តាព្រហ្ម” (២០០៣) លោក ឃឹម សំបូរ កាសែត “មនសិការខ្មែរ” (២០០៨) និងលោក ហង្ស សិរីឧត្តម កាសែត”វរជនខ្មែរ” (២០១៣ នៅខេត្តរតនគិរី) ជាដើម។
បើទោះជាក្នុងប៉ុន្មានឆ្នាំចុងក្រោយ ការបាញ់សម្លាប់អ្នកសារព័ត៌មាន មានការថយចុះ ឬមិនត្រូវធ្វើឡើង ក្នុងហេតុផលនយោបាយក៏ដោយ តែក្ដីបារម្ភទាក់ទងនឹងសេរីភាពសារព័ត៌មាន នៅតែបន្តមានដដែល។ ក្នុងឆ្នាំ២០១៧នេះ សន្ទស្សន៍សេរីភាពសារព័ត៌មានសកល ចេញផ្សាយ ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា លេខ១៣២ ក្នុងចំណោម ប្រទេសចំនួន ១៨០ នៅលើពិភពលោក ដែលជាចំណាត់ថ្នាក់អន់ជាង ៤លេខ បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៦។
ចំណែកឯអង្គការឃ្លាំមើលសេរីភាពសារព័ត៌មាន «Freedom House» វិញ បានហៅប្រទេសកម្ពុជា ថាជាប្រទេស «គ្មានសេរីភាព» សម្រាប់វិស័យសារព័ត៌មាន និងបានពន្យល់ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសកម្ពុជាអាចក្លាយជាទិសដៅថ្មី នៃការបង្ក្រាប ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕