អ្នកជំនាញ អ.ស.ប ប្រាប់កម្ពុជាឲ្យចាប់យកសិទ្ធិមនុស្ស ជាជាងរបបផ្ដាច់ការ
«ប្រទេសកម្ពុជាមកដល់ផ្លូវបំបែកមួយ ដ៏សំខាន់ ហើយត្រូវតែចាប់យកសិទ្ធិមនុស្ស ដែលចាំបាច់មិនអាចខ្វះបាន ក្នុងការទ្រទ្រង់ដល់ការអភិវឌ្ឍ និងសន្តិភាព ដែលរកបានដោយពិបាក» នេះ ជាការលើកឡើង របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចលើកទីប្រាំ របស់អ្នកស្រី មកកាន់ប្រទេសកម្ពុជា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។
ដំណើរទស្សនកិច្ចរបស់អ្នកជំនាញ របស់អង្គការសហប្រជាជាតិ ធ្វើឡើងនៅខណៈ ដែលប្រទេសកម្ពុជា បានឆ្លងកាត់ព្រឹត្តិការណ៍នយោបាយជាច្រើន រាប់ចាប់តាំងពីខែសីហាកន្លងមក ដែលរួមមាន ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការចាប់ឃុំខ្លួន ប្រធានគណបក្សប្រឆាំង មុននឹងគណបក្សប្រឆាំង ត្រូវបានរំលាយ ដោយសាលដីកា របស់តុលាការកំពូល ការបែងចែកអាសនៈ របស់គណបក្សនេះ និងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា [...]