ការ​បាញ់​បង្ក្រាប​ពលរដ្ឋ​នៅ​ក្រចេះ នឹង​អាច​ដាក់​បញ្ចូល​ក្នុង​បណ្ដឹង​ទៅ ICC

ហេតុការណ៍ នៃការបាញ់បង្ក្រាបពលរដ្ឋ អ្នកតវ៉ាផ្នែកដីធ្លី នៅក្នុងខេត្តក្រចេះ នឹងអាចក្លាយជាបន្ទុកថ្មីទៀត សម្រាប់ដាក់បញ្ចូល ទៅក្នុងសំនុំរឿងដែលមានស្រាប់ នៃបណ្ដឹងប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ឡើងទៅ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស «ICC» និងភាសាបារាំង «CPI»។ នេះ បើតាមការឲ្យដឹង របស់លោក ទូច វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង។
ការ​បាញ់​បង្ក្រាប​ពលរដ្ឋ​នៅ​ក្រចេះ នឹង​អាច​ដាក់​បញ្ចូល​ក្នុង​បណ្ដឹង​ទៅ ICC
ការិយាល័យកណ្ដាល របស់សាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិ នៅក្រុងឡាអេ ប្រទេសហូឡង់។ (រូបថត UN)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 10, 2018
  • ប្រធានបទ: ជម្លោះដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង លោក ទូច វិបុល បានថ្លែងឲ្យដឹងថា លោកបានបញ្ជូនហេតុការណ៍ នៃទង្វើបាញ់បង្ក្រាបពលរដ្ឋ អ្នកតវ៉ាផ្នែកដីធ្លី ពីសំណាក់​ក្រុមកម្លាំងប្រដាប់អាវុធ នៅក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃព្រហស្បត្តិ ទី៨ ខែមីនា ឆ្នាំ២០១៨នេះ ទៅឲ្យលោក រីឆាត រ៉ូជើរ (Richard Rogers) មេធាវីជាតិ​អង់គ្លេស ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តាមរយៈសំនុំរឿងនៃការរំលោភដីធ្លី ដ៏វែងអន្លាយនោះហើយ។

លោក ទូច វិបុល បានប្រកាសពីដំណឹងនេះ នៅលើបណ្ដាញសង្គម ដើម្បីតបទៅនឹងវីដេអូបង្ហោះផ្ទាល់មួយ របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលមានសង្ឃដីកាទាក់ទង នឹងហេតុការណ៍បាញ់ប្រហារខាងលើ។ លោក វិបុល បានសរសេរថា៖ «[ខ្ញុំ]ករុណាបានបញ្ជូនឧប្បត្តិហេតុនេះ ទៅឲ្យមេធាវីការពារសិទ្ធិមនុស្ស លោក "Richard Rogers" ដើម្បីបញ្ជូន[ឡើង]ទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា "ICC"»។

 

នៅក្នុងរបាយការណ៍បឋម ដែលផ្ដល់ឲ្យពលរដ្ឋ​ នៅនឹងកន្លែង បានអះអាងថា ក្រុមរបស់ខ្លួន បានរងការបាញ់ប្រហារ ពីសំណាក់កងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីពួកគេ បានធ្វើការបិទផ្លូវជាតិ លេខ ៧៦ ដើម្បីតវ៉ាករណីវិវាទ​ដី​ធ្លី​ របស់​ប្រជា​ពលរដ្ឋ​ ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​ នៅក្នុងតំបន់នោះ (​ឃុំ​ពីរ​ធ្នូ​ ស្រុក​ស្នូល ខែត្រ​ក្រចេះ)។ ពលរដ្ឋបាននិយាយថា គ្នីគ្នារបស់ផងខ្លួន មានយ៉ាងហោច ចំនួន៦នាក់ បានស្លាប់ និងច្រើនសិបនាក់ បានរងរបួស។

សេចក្តី​ប្រកាស ​របស់​រដ្ឋបាល​ខេត្ត​ក្រចេះ​ ចុះថ្ងៃ​ទី​៨ ខែ​មីនា​ ឆ្នាំ​២០១៨ បាន​ទទួលស្គាល់ការបាញ់ប្រហារ តែបានបដិសេធ​​ចំពោះ​ព័ត៌មាន ថាមានមនុស្សស្លាប់នោះ ថាជា​«ព័ត៌មាន​មិន​ពិត»។ សេចក្ដីប្រកាសបានពន្យល់ថា៖ «ក្នុង​ហេតុ​ការណ៍​នេះ​ គឺ​ពុំមាន​មនុស្ស​ស្លាប់​ទេ​ មាន​តែ​អ្នក​របួស​៩​រូប​ ក្នុង​នោះ​ ៧​រូប​ជា​សមត្ថ​កិច្ច»។

លោកមេធាវី រីឆាត រ៉ូជើរ ជាមេធាវីមកពីក្រុមហ៊ុនមេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) និងមេធាវីជាតិអាមេរិក លោក មូរតុន ក្លារ (Morton Sklar) បាន​ដាក់​បណ្ដឹង​ម្នាក់​មួយ​ កាល​ពី​ឆ្នាំ​២០១៤ ប្តឹង​រដ្ឋាភិបាល​កម្ពុជា និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ទាក់ទងនឹងសំនុំរឿងជាច្រើន ក្នុងនោះមានការ​ជ្រៀតជ្រែក ​កិច្ចការ​សាលាក្ដី​ខ្មែរ​ក្រហម ការ​ធ្វើ​ទុក្ខបុកម្នេញ​​ លើ​មន្ត្រី​គណបក្ស​ប្រឆាំង ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​រឹប​អូស​ដីធ្លី និង​បង្ខំ​បណ្តេញ​ប្រជាពលរដ្ឋ​ ពី​លំនៅឋានជាដើម។

ពាក្យបណ្ដឹងទាំងនោះ តែងត្រូវបាន​មន្ត្រីរដ្ឋាភិបាលកម្ពុជា​ច្រានចោល ដោយចាត់ទុកការប្ដឹងផ្ដល់ ពីសំណាក់មេធាវីទាំងពីរ គ្រាន់តែជាយុទ្ធនាការប្រឆាំងរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើឲ្យផលប្រយោជន៍​នយោបាយប៉ុណ្ណោះ។

យ៉ាងណា នៅក្នុងកិច្ចសម្ភាសផ្សេងគ្នា កាលពីដើមខែមករា ជាមួយនឹងវិទ្យុអាស៊ីសេរី មេធាវីទាំងពីរសុទ្ធតែបានអះអាង ប្រហាក់ប្រហែលគ្នាថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹងអាចបើកការស៊ើបអង្កេត ជុំវិញ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ បន្ទាប់ពីតុលាការអន្តរជាតិមួយនេះ រួចដៃពីសំនុំរឿងដ៏បន្ទាន់ផ្សេងទៀត ដែលទាក់ទង​នឹងប្រទេសអាហ្វហ្គានីស្ដង់ និងប្រទេស ​ប៊ូរុនឌី (Burundi)។

កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៧កន្លងមក អន្តរដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺអ្នកស្រី ហ្វាទូ បិនស៊ូដា (Fatou Bensouda) បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​បឋម​មួយ លើកឡើងថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ដាក់​រដ្ឋាភិបាល​កម្ពុជា ក្នុង​បញ្ជី​នៃ​រឿងក្តី​ចំនួន ១២ ដែល​ត្រូវ​ពិចារណា​ស៊ើប​អង្កេត​បន្ទាន់។ លោកអ្នកអាចចូលទៅអានរបាយការណ៍នេះ នៅទីនេះជាភាសាអង់គ្លេស និងទីនេះជាភាសាបារាំង។

តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលមានការទទួលស្គាល់ ពីអង្គការ​សហ​ប្រជាជាតិ ត្រូវ​បាន​បង្កើត​ឡើង តាមរយៈ​អនុសញ្ញា​ក្រុង រ៉ូម (ប្រទេស​អ៊ីតាលី) ក្នុង​​ឆ្នាំ​១៩៩៨ តែ​អនុសញ្ញា​នេះ ចាប់​មាន​​សុពល​ភាព និង​ការ​អនុវត្តន៍ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ ពោល​គឺ៤ឆ្នាំ ក្រោយ​ការ​ចុះ​ហត្ថលេខា។ នៅ​ពេល​ចាប់​ផ្ដើមដំបូង ប្រទេសចំនួន ៦០ បាន​ផ្ដល់​​សច្ចាប័ន លើ​អនុសញ្ញា​ខាង​លើ។ តែ​រហូត​មក​ដល់​ឆ្នាំ​២០១៨នេះ ប្រទេសដែលបានចូល ជាសមាជិក​​អនុសញ្ញា មានចំនួន​​ឡើង​ដល់ ១២៣ប្រទេស (រាប់ទាំងកម្ពុជា)។

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ឬតុលាការឧក្រិដ្ឋកម្មអន្តរជាតិ) នេះ ខុសគ្នា ពីសាលាក្ដី​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​​ឡេអេ (ប្រទេស​​ហូឡង់) ដែល​ជា​ស្ថាប័ន​​អន្តរជាតិ​​មួយ​​ទៀត បង្កើតឡើង​តាំង​ពី​ឆ្នាំ ១៩៤៥ និង​​មាន​​អំណាច ត្រឹមតែផ្ដល់​​យោបល់ ទៅ​លើ​ជម្លោះ​រវាងរដ្ឋ និង​រដ្ឋ​ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...