ប្រ៊ែដ អាដាម៖ ភាពទន់ភ្លន់របស់អ៊ឺរ៉ុបចំពោះ ហ៊ុន សែន ជាពេលវេលាខ្ជះខ្ជាយ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 14, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះឥទ្ធិពលខ្លាំងក្លារបស់ខ្លួន សហភាពអ៊ឺរ៉ុបបានជ្រើសរើស ការបំបោសអង្អែលរដ្ឋាភិបាលលោក ហ៊ុន សែន ម្ដងហើយម្ដងទៀត ដើម្បីទទូចឲ្យរបបដឹកនាំរបស់លោក ងាកមករកមាគ៌ា នៃលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ។ ផ្ទុយទៅវិញ វិធីសាស្ត្រការទូតដ៏ទន់ភ្លន់ទាំងនោះ មិនត្រូវបានលោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក អើពើនោះទេ។ ជាលទ្ធផលក្នុងពេលកន្លងមក គឺបានត្រឹមតែជាការខ្ជះខ្ជាយ ពេលវេលាចោលឥតប្រយោជន៍ប៉ុណ្ណោះ។
លោក ប្រ៊ែដ អាដាម (Brad Adams) នាយកទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» បានសរសេរដូច្នេះ នៅក្នុងអត្ថបទមួយ មានចំណងជើងថា «Will EU suspend trade deal with Cambodia?» ដែលត្រូវបានសារព័ត៌មានមួយ ក្នុងទ្វីបអ៊ឺរ៉ុប យកទៅចុះផ្សាយ មុននឹងអត្ថបទដ័វែងអន្លាយ ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម យកទៅចែករំលែកព្រោងព្រាត នៅប៉ុន្មានថ្ងៃចុងក្រោយនោះ។
មន្ត្រីជាន់ខ្ពស់ នៃអង្គការដ៏ធំមួយនេះ បានសរសេររៀបរាប់ថា បន្ទាប់ពីរបបលោក ហ៊ុន សែន បានបង្វិលចង្កូតនាវាកម្ពុជា ឲ្យដើរចូលទៅក្នុងរបបដឹកនាំ តាមឯកបក្ស ដូចជាការរំលាយគណបក្សប្រឆាំង ចាប់មេដឹកនាំប្រឆាំងដាក់គុក រុករានរ៉ៅឆានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រិតត្បិតសិទ្ធិសេរីភាព សហជីព អង្គការសង្គមស៊ីវិល (...) សហភាពអ៊ឺរ៉ុបបានធ្វើប្រតិកម្ម ជាច្រើនដង និងច្រើនយន្ដការហើយ។
ប្រតិកម្មរបស់សហភាពអ៊ឺរ៉ុប ត្រូវបានធ្វើឡើង តាមរយៈអ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ ដែលចេញសេចក្ដីថ្លែងការណ៍ផ្ទាល់ផង ជួបផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសខ្មែរ និងឆ្លើយយទៅនឹងសំនួរជាច្រើន របស់សមាជិកសភាអ៊ឺរ៉ុបផង - ដំណោះស្រាយម្ដងហើយ ម្ដងទៀត របស់សភាអ៊ឺរ៉ុប ដែលអនុម័ត្រជាឯកច្ឆ័ន្ទ ដោយតំណាងរាស្ត្រអ៊ឺរ៉ុបភាគច្រើនបំផុត - និងតាមរយៈក្រុមប្រឹក្សាអ៊ឺរ៉ុប ដែលជាបណ្ដុំនៃរដ្ឋមន្ត្រីការបរទេស ពីសមាជិកសហភាពអ៊ឺរ៉ុប ទាំង២៨ប្រទេស។
ប្រតិកម្មទាំងនោះ បានគូសបញ្ជាក់ ច្រើនលើកច្រើនសារ ពីផលប៉ះពាល់ទៅលើប្រព័ន្ធអនុគ្រោះ «EBA (Everything but Arms - អ្វីៗទាំងអស់ លើកលែងតែអាវុធ)» របស់សហភាពអឺរ៉ុប ប្រសិនណាជាកម្ពុជា នៅតែបន្តធ្វើឲ្យធ្លាក់ចុះ នូវលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ដែលជាលក្ខខណ្ឌ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះខាងលើ ពីសហភាពអ៊ឺរ៉ុប។
អត្ថបទរបស់លោក ប្រ៊ែដ អាដាម បានដកស្រង់តួលេខមួយចំនួន នៃការធ្វើពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងអ៊ឺរ៉ុប ថាមានកម្រិតប្រមាណជា ៥,៨៦ពាន់លានអ៊ឺរ៉ូ ក្នុងឆ្នាំ ២០១៧ កន្លងមកនេះ។ លោក អាដាម សរសេរថា៖ «ការនាំចេញរបស់កម្ពុជា ត្រូវបានគ្របដណ្ដប់ ដោយសម្លៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្ម។ ប្រទេសកម្ពុជាបាននាំចេញកង់ ចំនួនជាង ១,៤២ លានគ្រឿង កាលពីឆ្នាំមុន លើសកោះតៃវ៉ាន់ ដែលធ្លាប់នាំមុខគេ ក្នុងការនាំផលិតផលដូចគ្នានេះ ទៅកាន់សហភាពអឺរ៉ុប។»។
ក្រុមអ្នកជំនាញ ក្នុងប្រទេសកម្ពុជាជាច្រើន បានសំដែងការព្រួយបារម្ភរបស់ពួកគេ ប្រសិនណាជាប្រព័ន្ធអនុគ្រោះ របស់សហភាពអ៊ឺរ៉ុប ត្រូវបានព្យួរ ឬលុបចេញ។ អ្នកដែលសំដែងការព្រួយបារម្ភនេះ ក៏មានផងដែរ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឱ្យថៅកែរោងចក្រកាត់ដេរ និងស្បែកជើង ប្រហែល ៦០០ នៅក្នុងប្រទេស។
លោក អាដាម ពន្យល់ថា៖ «ពួកគេមានសិទ្ធិ ក្នុងការសំដែងការបារម្ភ ព្រោះសូម្បីរបាយការណ៍ របស់រដ្ឋាភិបាលកម្ពុជាខ្លួនឯង ដែលចេញផ្សាយ ក្នុងឆ្នាំ ២០១៤ បានឱ្យដឹងថា ៨០% នៃកំណើននៃការនាំចេញរបស់កម្ពុជា ចាប់តាំងពីឆ្នាំ ២០០៧ មក ត្រូវបានកំណត់គោលដៅ សម្រាប់ទិសដៅ ទៅកាន់ទីផ្សារដែលទទួលបានការអនុគ្រោះ (Editor's note: គឺទីផ្សារអ៊ឺរ៉ុប និងអាមេរិក)»។
ប៉ុន្តែវាជាការខ្ជះខ្ជាយពេលវេលា ដោយសារតែលោក ហ៊ុន សែន ដែលកាន់អំណាច តាំងពីឆ្នាំ១៩៨៥ និងជា «មេដឹកនាំផ្ដាច់ការមួយ ពីក្នុងចំណោម មេដឹកនាំផ្ដាច់ការប្រាំនាក់ នៅលើពិភពលោក» មិនបានខ្វល់ខ្វាយ ពីការអនុវត្តន៍ នូវកាតព្វកិច្ចរបស់កម្ពុជា ដែលជាថ្នូរនឹងប្រព័ន្ធអនុគ្រោះ «EBA» នោះទេ។ លោក ប្រ៊ែដ អាដាម បានសរសេរថា៖ «វិធីសាស្ត្រការទូតដ៏ទន់ភ្លន់ ពីសំណាក់ក្រុមមន្ត្រីមួយចំនួន នៅក្នុងសហភាពអឺរ៉ុប បានទទួលលទ្ធផលមកវិញ គ្រាន់តែជាពេលវេលាខ្ជះខ្ជាយប៉ុណ្ណោះ»។
នាយកទទួលបន្ទុកកិច្ចការអាស៊ី របស់អង្គការអន្តរជាតិ បានសរសេរថា៖ «លោក ហ៊ុន សែន បានគ្រប់គ្រងតែម្នាក់ឯង ទៅលើស្ថាប័នជាតិ ស្ទើរតែទាំងអស់ នៅក្នុងប្រទេស ដែលរួមមានទាំងកងទ័ព នគរបាល តុលាការ និងស្ថាប័នរៀបចំការបោះឆ្នោត។ អ្វីដែលលោក ហ៊ុន សែន និយាយចេញពីមាត់របស់លោក គឺជាច្បាប់កម្ពុជា ដ៏មានប្រសិទ្ធភាព។»។
«របាយការណ៍ជាច្រើន និងម្ដងហើយម្ដងទៀត ចេញពីអង្គការសហប្រជាជាតិ និងក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបង្កឲ្យមានភាពភ្ញាក់ផ្អើល តាំងពីច្រើនឆ្នាំមកហើយ ប៉ុន្តែលោក ហ៊ុន សែន នៅតែបន្តការអនុវត្តន៍ កណ្ដាប់ដៃដែករបស់លោក និងបង្ក្រាបកាន់តែខ្លាំងឡើង ទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន។» លោក ប្រ៊ែដ អាដាម សន្និដ្ឋានថា៖ «កម្ពុជា មិនដែលទាំងអើពើ ក្នុងការអនុវត្តន៍កាតព្វកិច្ចរបស់ខ្លួន នៅចំពោះលក្ខខណ្ឌ របស់ប្រព័ន្ធអនុគ្រោះ "EBA"នោះផងទេ»៕