«បើមេពន្ធដារពុករលួយបែបនេះ តើរដ្ឋាភិបាលសប្បាយចាយលុយយ៉ាងណា?»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 14, 2018
- ប្រធានបទ: អំពើពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកពាក់ព័ន្ធនឹងរឿងពន្ធដារ មានតែបីភាគីទេ៖ ពលរដ្ឋក្រុមហ៊ុនសហគ្រាស ដែលជាអ្នកបង់ពន្ធ - នាយកដ្ឋានពន្ធដារ ដែលគ្រប់គ្រងការទារ និងការបង់ពន្ធ ខណៈរដ្ឋាភិបាល គឺជាភាគីអ្នកយកលុយ ដែលទទួលបានពីការបង់ពន្ធនេះ ទៅចាយ។ តែនៅពេលដែលរឿងអាស្រូវ ទាក់ទងនឹងអំពើពុករលួយ បានផ្ទុះឡើងចេញពីមេដឹកនាំស្ថាប័នពន្ធដារ សំនួរជាច្រើនក៏បានចោទឡើងដែរ ជាពិសេសពីសំណាក់ពលរដ្ឋ ដែលជាអ្នកបង់ពន្ធ។
នោះហើយ ដែលលោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ បានលើកជាសំនួរឡើង ដោយមិនចំឈ្មោះថា៖ «បើអ្នកទទួលខុសត្រូវគ្រប់គ្រងលុយ គាត់ប្រព្រឹត្តអំពើពុករលួយ បែបនេះហើយនោះ តើក្រុមអ្នកចាយលុយ គេសប្បាយចាយប៉ុណ្ណាទៅ?»។
កម្មវិធី «101 East» របស់បណ្ដាញទូរទស្សន៍ «Al Jazeera» បានទម្លាយឲ្យដឹង កាលពីថ្ងៃទី១២ ខែកក្កដាថា លោក គង់ វិបុល មនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេពន្ធដារ របស់កម្ពុជា មានប្រាក់រាប់លានដុល្លារ និងមានបើកក្រុមហ៊ុនជាច្រើន ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី។
បើទោះជាទូរទស្សន៍ បានបង្ហាញពីអំណះអំណាង ដ៏ជាក់លាក់នោះក៏ដោយ តែលោក គង់ វិបុល សមាជិកគណៈកម្មាធិការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា បានផ្ដល់កិច្ចសម្ភាស សម្រាប់ទូរទស្សន៍ខាងលើ បដិសេធថា រឿងនេះមិនពិត ឬមិនបាន ធ្វើបច្ចុប្បន្នភាព សម្រាប់ពេលនេះទេ។
យ៉ាងណា ទូរទស្សន៍ «Al Jazeera» បានដកស្រង់សម្តីលោក ម៉ាក វើនហ្ស៉ាក់ ដែលជាអ្នកជំនាញ ខាងការប្រឆាំងការលាងលុយកខ្វក់ ក្នុងប្រទេសអូស្រ្តាលី មកចុះផ្សាយថា ក្រុមរបស់លោក កំពុងធ្វើការស៊ើបអង្កេត លើមនុស្សជំនិតរបស់លោក ហ៊ុន សែន ខាងលើ ដែលមានប្រាក់បៀវត្សន៍ មិនដល់១០០០ដុល្លារផង តែបែរជាមានប្រាក់បង្វិល យ៉ាងក្រាសក្រែល ដល់ទៅរាប់លានដុល្លារ ផ្ញើចេញទៅឲ្យក្រុមហ៊ុនខាងលើ និងថែមទាំងមានផ្ទះសម្បែង ដែលមានតម្លៃប្រមាណជា ៧ទៅ៨លានដុល្លារថែមទៀត នៅលើកោះអូស្រ្តាលី។
» អត្ថបទដែលទាក់ទង៖ «គង់ វិបុល ពាក់ព័ន្ធនឹងលុយកខ្វក់រាប់លានដុល្លារនៅអូស្ត្រាលី»
លោក មាស នី បានបន្តសំនួរទៀតថា៖ «តើតួនាទីរបស់អាជ្ញាធរ ប្រឆាំងអំពើរពុករលួួយ គាត់គិតយ៉ាងម៉េច បើដឹងហើយ? យើងនៅចាំបានថា គ្រាន់តែប្រាក់៤០០ដុល្លារ មានមនុស្សជាប់គុករាប់ឆ្នាំ ចុះទំរាំដល់រាប់លាន (ដុល្លារ) ខ្ញុំគិតថាអាជ្ញាធរ ប្រហែលមិននៅស្ងៀមទេ មើលទៅ?»។
ប៉ុន្តែសំនួររបស់អ្នកវិភាគផ្នែកសង្គម និងនយោបាយរូបនេះ បានបញ្ចប់ទៅ ដោយក្ដីអស់សង្ឃឹម។ លោកថា៖ «ចេះតែថាទៅ ទោះបីមិនសូវមានជំនឿក៏ដោយ!»៕