គ្មានភាគហ៊ុនខ្យល់និងអំពើពុករលួយ កម្មករនឹងទទួលបាន១៦០ដុល្លា?
បើគេចង់រកដំណោះស្រាយជូនកម្មករ គេពិតជាអាចរកបាន។ នោះគឺត្រូវលប់បំបាត់អំពើពុករលួយ សូកប៉ាន់ក្រោមតុ និងបំបាត់ចោលនូវភាគហ៊ុន«ខ្យល់» ដែលភាគហ៊ុនទាំងនោះ គ្រាន់តែឈរជាជំហរឲ្យរោងចក្រ តែអង្គុយចាំយកតែប្រាក់ចំណេញពីរោងចក្រមកវិញ។ នេះជាការលើកឡើង របស់មន្ត្រីអង្គការសង្គមស៊ីវិលមួយរូប ដែលធ្វើការស្និតនឹងសំនុំរឿង ជាពិសេសទាក់ទងនឹងសិទ្ធិកម្មករ។
ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)
វិបត្តិការងារ - ការតម្លើងប្រាក់ខែ១៦០ដុល្លា នៅជាបញ្ហាដែលស្មុកស្មាញ ពិបាកក្នុងការដោះស្រាយ រហូតមកទល់ពេលនេះ។ ក្រុមកម្មករដែលកំពុងធ្វើបាតុកម្ម-កូដកម្ម បានប្រកាសនូវគោលជំហរបស់ខ្លួន ម្ដងហើយម្ដងទៀតថា បើមិនបាន១៦០ដុល្លា ពួកគេនឹងមិនព្រមបញ្ឈប់បាតុកម្ម-កូដកម្មឡើយ។ ចំណែកឯរដ្ឋាភិបាលកម្ពុជាឯណោះវិញ បានបង្ហាញជំហរតាមរយៈសេចក្ដីថ្លែងការណ៍ ឬនៅតាមការផ្ដល់សម្ភាសទៅអ្នកសារព័ត៌មានថា ការតម្លើងប្រាក់ខែកម្មករ រហូតដល់១៦០ដុល្លារក្នុងឆ្នាំ២០១៤នេះ នឹងមិនអាចទៅរួចនោះទេ ហើយក៏គ្មានប្រទេសណា ដែលតម្លើងប្រាក់ខែកម្មករ ម្តងមួយរយភាគរយនោះដែរ។
ប៉ុន្តែសម្រាប់ លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូវិញ បានអះអាងថា បើគេចង់មានដំណោះស្រាយទាក់ទងបញ្ហនេះ ប្រាកដជាអាចធ្វើបាន។ លោកបានពន្យល់ ប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូថា៖ «ខ្ញុំគិតថាការដោះស្រាយវា អាចធ្វើទៅបានបើរដ្ឋាភិបាលអាច លុបបំបាត់ការសូកលុយក្រោមតុ និងកុំអោយមានភាគហ៊ុនខ្យល់នៅក្នុងរោងចក្រ។ ភាគហ៊ុនខ្យល់នេះមានន័យថា មនុស្សដែលឈឈ្មោះ នៅក្នុងរោងចក្រ ឬអ្នកដែលចាំការពារោងចក្រ ក៏អាចទទួលភាគលាភនៅក្នុងរោងចក្របានដែរ។ បើយើងយកលុយទាំងអស់នេះ មកចំណាយនោះលើប្រាក់ខែកម្មករ នោះវានឹងអាចធានាបាននូវប្រាក់ខែ ១៦០ដុល្លា។»
ដូច្នេះអ្វីដែលលោក អំ សំអាត បានពោលឡើងនេះ ជាបញ្ហាដែលប្រទេសកម្ពុជាខ្លួនឯង បានជាប់ជំពាក់ដោះស្រាយមិនចេញ នោះគឺអំពើ«ពុករលួយ»ដ៏ស្អុយអាសោធខ្លាំងជាងគេបង្អស់ ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន និងល្បីឈ្មោះរហូតជាប់ចំណាត់ថ្នាក់លេខពីរ នៅអាស៊ីទាំងមូល បន្ទាប់ពីប្រទេសកុម្មុយនីស កូរ៉េខាងជើង។ នេះបើគេពិនិត្យមើលតួលេខ ផ្ដល់ដោយអង្គការតម្លាភាពអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ កាលពីដើមខែធ្នូកន្លងមក។ បើដូច្នេះ គេត្រូវស្វែងយល់ទៀតថា តើពិតជាអំពើពុករលួយនេះឬ ដែលធ្វើឲ្យរដ្ឋាភិបាលរាទឹកក្ដៅ មិនអាចលើកតម្កើងជីវភាពរបស់កម្មករ តាមរយៈប្រាក់ឈ្នួលរបស់ពួកគេ?
លោក អំ សំអាត បានពន្យល់បន្តទៀតថា ប្រទេសកម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍន៏ ហើយក៏សមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោកដែរ ពន្ធនៃការនាំចេញមួយចំនួន ត្រូវបានលើកលែង។ លោកបន្តថា «យើងឃើញ ថាប្រទេសកម្ពុជាត្រូវបានអនុគ្រោះ យើងនាំចេញទៅដោយមិនគិតពន្ធ។ (...) បើយើងក្រលេកទៅមើល ប្រទេសជិតខាងយើងឃើញថា ប្រាក់ខែគោលមិនមែន៩៥ដុល្លាទេ គឺវាអាចដល់១៥០ ទៅ១៦០ដុល្លាឯណោះ។ ហេតុអីបានជាប្រទេសវៀតណាម និងប្រទេសជិតខាងអាចធ្វើបាន ចុះហេតុអីកម្ពុជាមិនអាចធ្វើបាន?»
ពាក់ព័ន្ធនិងរឿង«ពុករលួយស៊ីរូងសង្គម»នេះ ទស្សនាវដ្ដីមិនអាចសុំការស្រាយបំភ្លឺ ពីតំណាងរដ្ឋាភិបាលកម្ពុជា បានទេនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤នេះ ដោយសារតែជាថ្ងៃបុណ្យឈប់សម្រាក។ ប៉ុន្តែ«ការប្តេជ្ញាចិត្ត»ជាថ្មី របស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន អាណត្តិនេះ បានថ្លែងលើកឡើងពីការកែទម្រង់«ស៊ី»ជម្រៅ ទាក់ទងនឹងការបំបាត់អំពើពុករលួយ ដូចបានបង្ហាញក្នុងយុត្តិសាស្រ្ត«ចតុកោណដំណាក់កាលទីបី» ដែលបានសន្យាថានឹងពង្រឹងអភិបាលកិច្ចល្អ និងគណនេយ្យភាពក្នុងស្ថាប័នសាធារណៈ រួមទាំងការដោះស្រាយ នូវរាល់ទម្រង់នៃអំពើពុករលួយទាំងអស់។
យ៉ាងណាក៏ដោយ ក៏ការសង្កេតជាទូទៅ បានធ្វើឲ្យគេឃើញថា «ការប្ដេជ្ញាចិត្ត»ខាងលើ ទំនងជាត្រូវប្រើរយៈពេល«ច្រើន»អាណត្តិទៅមុខទៀត ដោយសារតែក្នុងអាណត្តិមុនៗ ជានិច្ចជាកាលគេក៏តែងតែលឺសូររួចហើយដែរ នូវការប្ដេជ្ញាចិត្តរបៀបនេះ។ តើនោះ វាដូចទៅនឹងអ្វីដែលក្រុមអ្នករិះគន់តែងលើកមកនិយាយថា ជា«ការប្ដេជ្ញាចិត្ត»នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍«ជំហានគីង្គក់» ដែលត្រូវប្រើរយៈពេលជាច្រើនខែឆ្នាំ មុននឹងលោតមួយជំហានទៅមុខ?
រាល់អត្ថបទដែលទាក់ទងនឹងប្រធានបទ «ពុករលួយ» អាចរកអានបាននៅលើខ្សែភ្ជាប់ទីនេះ៕
--------------------------------------------------
ដោយ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ