រ៉ុង ឈុន៖ ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល ជា​ការ​រំលោភ​សិទ្ធ​កម្មករ

«រាជរដ្ឋាភិបាល មិនអាចប្រើកម្លាំង និងចាប់បង្ខំគេឲ្យយល់ព្រមនោះទេ។ បើរដ្ឋាភិបាលធ្វើការចាប់បង្ខំយ៉ាងដូច្នេះ នោះជាការរំលោភសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ ដល់កម្មករ និងសហជីពយើងខ្ញុំហើយ។ ខ្ញុំមិនអាចទទួលយកបានទេ។ » នេះជាការលើកឡើងរបស់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជាឆ្លើយតបទៅនឹងលិខិតគម្រាមមួយដែលចេញដោយរដ្ឋមន្រ្តីក្រសួងការងារកាលពីថ្ងៃទី៣០ ខែធ្នូ ម្សិលម៉ិញនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«រាជរដ្ឋាភិបាល មិនអាចប្រើកម្លាំង និងចាប់បង្ខំគេឲ្យយល់ព្រមនោះទេ។ បើរដ្ឋាភិបាលធ្វើការចាប់បង្ខំយ៉ាងដូច្នេះ នោះជាការរំលោភសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ ដល់កម្មករនិងសហជីពយើងខ្ញុំហើយ។» នេះជាការលើកឡើង​របស់​លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ឆ្លើយតប​ទៅ​នឹងលិខិតគម្រាមមួយ ដែលចេញដោយរដ្ឋមន្រ្តីក្រសួងការងារកាលពីថ្ងៃទី៣០ ខែធ្នូ មួយថ្ងៃមុននេះ។

វិបត្តិការងារ - សូមរម្លឹកថា កាលពីថ្ងៃ ៣០ខែធ្នូ ទីស្តីការគណៈរដ្ឋមន្ត្រី ដោយតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិតជាផ្លូវការមួយដោយ«ចាប់បង្ខំ»ឲ្យកម្មករ និងសហជីពទាំងអស់ព្រម​ទទួលយកការ​ដំឡើង​ប្រាក់ខែដែលបានសម្រេចជាឯកតោភាគីដោយក្រសួងការងារកាលពីថ្ងៃទី២៤ ខែធ្នូ កន្លងមកនេះ។

ស្របពេលដែលស្ថានការនៃបាតុកម្មរបស់កម្មករ កំពុងតែតានតឹងក្នុងការទាមទារឲ្យមានប្រាក់ខែគោល១៦០ ដុល្លារ​ក្នុងមួយខែនោះ រដ្ឋាភិបាលមិនបានចេញមុខដោះស្រាយឲ្យតាមកាលៈទេសៈសមស្រប តែបែរជាប្រើអំណាច​«អាជ្ញា»បញ្ជាមកដាក់កំហិត ដល់កម្មករនិយោជិត និងសហជីពទៅវិញ។ ជាមួយនឹងការប្រើនូវអំណាច​អាជ្ញាសឹក​របស់រដ្ឋាភិបាលនេះ ត្រូវបានលោក រ៉ុង ឈុន ចោទថាជាការបង្ហាញនូវការរំលោភច្បាប់ និងសិទ្ធិមន្សយ៉ាងច្បាស់​ដោយរដ្ឋាភិបាលខ្លួនឯង។ «បើមិនមានការឈានទៅដល់កិច្ចព្រមព្រៀងមួយ មិនអាចប្រើកម្លាំង ឬប្រើអំណាច​ណា​មួយមកចាប់បង្ខំគេឲ្យយល់ព្រមទេ។ (…) យើងនៅតែបន្តការគាំទ្រ លើកទឹកចិត្តឲ្យកម្មករយើង។ ព្រោះជាឆន្ទៈ ជា​ចលនាពុះកញ្ច្រោល របស់កម្មករទាំងមូល។ (…) មិនមែនកម្មករបំរើឲ្យសមាគម ឬគណបក្សនយោបាយទេ គឺបំរើ​ឲ្យផលប្រយោជន៍គាត់ផ្ទាល់។ លំបាកបន្តិចមែនចំពោះមុខ តែនឹងប្រសើរនាថ្ងៃខាងមុខ។»

ជាមួយនឹងបញ្ហាលើកឡើងខាងលើនេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំការបញ្ជាក់បន្ថែម ពីមន្រ្តីអ្នកនាំ​ពាក្យរបស់រដ្ឋាភិបាលបានទេក្នុងល្ងាចនេះ។ តែតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តីខាងលើដដែល ចុះហត្ថលេខា​ដោយលោក ង៉ោ ហុងលី រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យក្រសួងការងារ​ឲ្យរៀបចំវេទិកា​តុមូល​អំពីគោលការណ៍ដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត មានលក្ខណៈសមស្របដែលអាចអនុវត្តបាន។

ក្នុងលិខិតខាងលើ គេសង្កេតឃើញថារដ្ឋាភិបាលមិនបានបង្ហាញ ពីការយកចិត្តទុកដាក់ដល់កម្មករនយោជិកឡើយ តែបែរជាលេចចេញ នូវការផ្គាប់ចិត្តដល់ថៅកែរោងចក្រទៅវិញ តាមរយៈពាក្យមួយឃ្លាថា «ការទាមទារដម្លើង​ដល់ ១៦០ដុល្លារ ភ្លាមៗ គឺមិនអាចអនុវត្តបានឡើយ»។ «ការបញ្ជា» ឲ្យកម្មករព្រមទទួលយកត្រឹនតែ៩៥ដុល្លា ក្នុង​មួយ​ខែនោះ វាបានរំលោភយ៉ាងច្បាស់ទៅលើការស៊ើបអង្កេត និងស្រាវជ្រាវនៃក្រុមការងាររបស់ខ្លួនផ្ទាល់ ដែល​បាន​រក​ឃើញថាកម្មករអាចរស់នៅបានសមរម្យ ស្មើនឹងបន្ទាត់នៃភាពក្រីក្រចន្លោះពី១៥២ដុល្លា ទៅ១៦៧ ដុល្លាក្នុង​មួយ​ខែ។ នេះបញ្ជាក់បានថា រដ្ឋាភិបាលខ្លួនឯង​ មិនបានអនុវត្តទៅតាមអ្វី ជាការឆ្លើយតបទៅនឹង​សេដ្ឋកិច្ចទីផ្សារ​ជាក់​ស្តែង​ឡើយ។

លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ប្រាប់​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូថា លោកមានការអបអរសារទរ ចំពោះការស្រាវជ្រាវរបស់ក្រសួង ដែលបានរកឃើញថា សម្រាប់ការរស់នៅរបស់កម្មករ និងនយោជិកក្នុងចន្លោះ១៥២ ដុល្លា ទៅ១៦៧ដុល្លា ស្របតាមអ្វីដែលកម្មករ​កំពុង​តែទាមទារនោះ។ ប៉ុន្តែលោកបានបង្ហាញ នូវការសោកស្តាយចំពោះការសម្រេចរបស់ក្រសួង ដែលមិនបាន​ឆ្លើយ​ត​ទៅតាមការស្រាវជ្រាវរបស់ខ្លួន។ លោកបានបញ្ជាក់ថា «ក្រសួងការងារត្រូវធ្វើអធិការកិច្ចមួយទៀត​ ទាក់ទង​នឹង​រោងចក្រមួយផ្ទាល់ៗតែម្តង។ (…) ត្រូវលប់បំបាត់អំពើពុករលួយ ក្នុងក្រុមហ៊ុននីមួយៗ នោះនឹងរកឃើញថា តើការ​តម្លើងប្រាក់ខែចន្លោះពី១៥២ដុល្លា ទៅ១៦៧ដុល្លា បានអត់? អាហ្នឹងទើបយើងអាចធ្វើការសម្រេចបាន។»

មន្រ្តីសង្គមស៊ីវិលរូបនេះបន្តរថា ការសម្រេចឲ្យប្រាក់ខែតិច ដោយគ្រាន់តែយោងលើឃ្លាខ្លីមួយប៉ុណ្ណោះថា ​«រោង​ចក្រមិនមាន​លទ្ធភាព»។ លោកបានបន្ទោសដល់ក្រសួងការងារថា មិនបានមើលទៅតាមលទ្ធភាព ដែលមាន​ច្រើន​ក្នុងការដោះស្រាយបញ្ហាចំពោះមុខនោះ៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...