កម្ពុជា៖ សម រង្សី ឈប់តតាំងក្តី នៅសាលាឧទ្ធណ៍ និងតុលាការកំពូល
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាលក្រមនានា ដែលដាក់បន្ទុកលើមេដឹកនាំគណបក្សប្រឆាំង ចេញដោយតុលាការក្នុងប្រទេសកម្ពុជា នឹងចូលជាស្ថាពរ ដោយហេតុមេដឹកនាំនិរទេសខ្លួនរូបនេះ បានសម្រេចចិត្តដកពាក្យបណ្តឹង តាមរយៈមេធាវីរបស់លោក នៅមុនមួយថ្ងៃ ដែលសាលាឧទ្ធរណ៍នឹងបើកសវនា។
ក្បួនដង្ហែឃោសនាបោះឆ្នោត របស់គណបក្សសម រង្សី កាលពីឆ្នាំ២០០៨។
សវនាកាកាត់ទោសកំបាំងមុខលោក សម រង្ស៊ី ក្នុងសំណុំរឿងក្តីបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត លើរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ត្រូវបានចៅក្រមតុលាការសាលាឧទ្ធរណ៍ សម្រេចប្រកាស«លុបចោល» នៅព្រឹកថ្ងៃអង្គារ ទី១២ មីនានេះ។ ការសម្រេចចិត្តនេះ ដោយសារការដកពាក្យបណ្ដឹង របស់មេធាវីការពារក្ដីលោក សម រង្ស៊ី កាលពីព្រឹកថ្ងៃទី ១១ ខែមីនា មុនមួយថ្ងៃ នៃសវនាការសាលាឧទ្ទរណ៍។
ពាក្យបណ្តឹងនេះ បានប្តឹងជំទាស់នឹងសាលក្រម របស់តុលាការក្រុងភ្នំពេញ ដែលបានផ្តន្ទាទោសកំបាំងមុខលោក សម រង្ស៊ី ដាក់ពន្ធនាគារ ២ឆ្នាំ នៅក្នុងសំនុំរឿងមួយ ដែលលោក សម រង្ស៊ី បានចោទប្រកាន់លោក ហោ ណាំហុង ថាជាមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម។ តែឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានចាត់ទុកថា ជាចេតនា ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក និងបានប្ដឹង មេគណបក្សប្រឆាំងទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ។
តាមច្បាប់របស់ប្រទេសកម្ពុជា ការបោះបង់ចោលផ្លូវតវ៉ា ទៅកាន់តុលាការសាលាឧទ្ទរណ៍ និងតុលាការកំពូល មានន័យស្មើរនឹងការទទួលស្គាល់ សាលក្រុមដែលចេញដោយសាលាដំបូង។ តែមេដឹកនាំគណបក្សប្រឆាំង លោកសម រង្សី តែងបានចាត់ទុកថា គ្រប់រឿងទាំងអស់ ដែលតុលាការកម្ពុជា ដាក់បន្ទុកទៅលើរូបលោក សុទ្ធសឹងមាន«ចរិកនយោបាយ» និងជា«គម្នាប»មួយ ដែលរដ្ឋាភិបាលសព្វថ្ងៃ បានប្រើតាមរយះតុលាការ ដាក់ទៅលើលោក ដើម្បីហាមមិនអោយលោកមកចូលរួម ក្នុងការបោះឆ្នោតខែកក្កដាខាងមុខ ។
លោកមេធាវី ជួង ជូងី ការពារក្តីមេដឹកនាំគណបក្សប្រឆាំង បាននិយាយប្រាប់មនោរម្យព័ងអាំងហ្វូថា លោកសម រង្សី មិនមានន័យថា លោកទទួលយកសាលក្រម របស់សាលាដំបូងទេ។ តែការដកពាក្យ«បណ្តឹងឧទ្ធណ៍»នេះ ព្រោះលោកបានឈ្នះក្តី នៅក្នុងតុលាការប្រទេសបារាំងរួចទៅហើយ ដូច្នេះលោកមិនចង់ឲ្យរឿងនោះវែងឆ្ងាយ និងឆាប់ចប់។
សូមរម្លឹកថា លោកសមរង្ស៊ី ត្រូវបានតុលាការសម្រេចផ្តន្ទាទោស កំបាំងមុខលើសំណុំរឿងចំនួនបី ដែលរូបលោកត្រូវប្រឈម នឹងការជាប់ពន្ធនាគាជាងដប់ឆ្នាំ។ សំណុំរឿងទាំងបី មានការដកបង្គោលព្រំដែនកម្ពុជា-វៀតណាម, សំណុំរឿងក្លែងឯកសារផែនទី និងសំណុំរឿងបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា។ ទាក់ទងសំនុំរឿងក្លែងឯកសារផែនទី តុលាការកំពូល ក៏សម្រេចរួចហើយដែរ។ នៅចុងឆ្នាំ២០១២ លោកសម រង្សី បានដាក់ពាក្យបណ្តឹង សើរើរឿងនេះ ឡើងវិញ។ តែបច្ចុប្បន្ន មេដឹកនាំគណបក្សប្រឆាំង ក៏បាន«ដកបណ្តឹងសើររើ» ទាំងនោះ ដែលជាហេតុធ្វើអោយ សាលក្រមរបស់តុលាការខេត្តស្វាយរៀង បានចូលជាស្ថាពរដូចគ្នា។
មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត បានបញ្ជាក់ថា ដើមបណ្តឹងមានសិទ្ធិប្តឹង និងក៏មានសិទ្ធិដកនូវបណ្តឹងនោះគ្រប់ពេល។ ឯការដកពាក្យបណ្តឹងរបស់លោក សម រង្សី នេះមានន័យ ស្មើរនឹងគាត់«បញ្ចប់បណ្តឹងឧទ្ធណ៍»។ លោកបន្តថា តាមផ្លូវច្បាប់ ការដកបណ្តឹងឧទ្ធណ៍ ជាការទទួលស្គាល់ នូវ«ការសម្រេច»របស់សាលាដំបូង ដូច្នេះចាប់ពីថ្ងៃដកពាក្យបណ្តឹងនេះមួយខែ សាលក្រមសាលាដំបូង នឹងចូលជាធរមាន។
អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិជាច្រើន យល់ថា នេះជារឿងនយោបាយ ដូច្នេះគេប្រាកដជាអាចពិភាក្សាគ្នា តាមបែបនយោបាយបាន។ «វត្តមាន» នៃមេបក្សប្រឆាំងរូបនេះ ក្នុងការបោះឆ្នោតថ្ងៃខាងមុខ នឹងអាចបង្ហាញ នូវភាពរស់រវើក នៃ«លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» និងការបោះឆ្នោតឆ្នាំ២០១៣ ប្រកបដោយសេរី យុត្តិធម៌ ព្រមទាំងមានការប្រកួតប្រជែងគ្នា ដោយតម្លាភាពនោះផង៕
-------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ