បង្កើត​គណៈកម្មការ​ចម្រុះ មិន​មែន​ជា​សមត្ថកិច្ច​របស់​គ.ជ.ប ទេ

គណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផល នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៥នេះ ក្រោយពីការប្រកាសរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតកាលពីយប់ថ្ងៃទី២៨ ខែកក្កដា។ ការច្រាន​ចោលនេះ​ធ្វើឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្នុងសន្និសិទកាសែតនាទីស្នាក់ការគណបក្ស កាលពីថ្ងៃទី២៩ កក្កដា ក្រោយ​ពី​ការបោះឆ្នោតត្រូវបានបញ្ចប់ទៅមួយថ្ងៃមុន។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: July 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផល នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៥នេះ ក្រោយពីការប្រកាសរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតកាលពីយប់ថ្ងៃទី២៨ ខែកក្កដា។ ការច្រាន​ចោលនេះ​ធ្វើឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្នុងសន្និសិទកាសែតនាទីស្នាក់ការគណបក្ស កាលពីថ្ងៃទី២៩ កក្កដា ក្រោយ​ពី​ការបោះឆ្នោតត្រូវបានបញ្ចប់ទៅមួយថ្ងៃមុន។


លោក សម រង្ស៊ី និងកឹម សុខា ធ្វើសន្និសិទរួមគ្នា នៅទីស្នាក់ការកណ្ដាលគណបក្ស។ (រូបថត MONOROOM.info/ O.Vary)

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងសន្និសិទកាសែត ដែលមានវត្តមានលោក កឹម សុខា អនុប្រធានបក្ស និងលោក សុន ឆ័យ រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ លោកប្រធានបក្សរូបនេះបានបញ្ជាក់ជាថ្មី នូវគោលជំហររបស់ខ្លួន ដោយមិនពឹងផ្អែកទៅលើការតថ្លៃដើម្បីមុខតំណែងណាមួយ ជាមួយនឹងគណបក្សប្រជាជន នោះ​ឡើយ។ លោក សម រង្ស៊ី ថា «លើកនេះមិនដូចលើកមុនទេ (…) សង្គ្រោះជាតិអត់ឆិនឆៃ មិនតថ្លៃដើម្បីបានតំណែងទេ និង​កុំយកបទពិសោធន៍មុនៗមកនិយាយ»។

លោក សម រង្ស៊ី និងលោក កឹម សុខា និយាយថា ក្រុមលោកនឹងស្នើឲ្យមាន ការបង្កើតគណៈកម្មការចម្រុះ ដែលមាន​សមាសភាពមកពីគណបក្សទាំងពីរ អង្គការសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ ដើម្បីធ្វើការស៊ើប​លើកបញ្ហា​ឈ្មោះ​ប៉ោង បាត់ឈ្មោះ ឈ្មោះខ្មោច ឈ្មោះស្ទូន និងអ្នកមិនបានបោះឆ្នោត។

បន្ទាប់ពីបញ្ចប់សន្និសិទកាសែតភ្លាមៗនោះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់មិន​ទទួលយកការប្រកាសលទ្ធផល ដោយ គ.ជ.ប ដោយសារតែគណបក្សនេះបានរកឃើញ នូវភាពមិនប្រក្រតី​យ៉ាងធ្ងន់ធ្ងរ​ជាច្រើន។ ក្នុងសេចក្តីថ្លែងការណ៍នេះបានសរសេរថា «គណបក្សសង្គ្រោះជាតិ ទាមទារឲ្យបង្កើតគណៈកម្មការ ចម្រុះ​មួយ​ជាបន្ទាន់ ដើម្បីធ្វើការស៊ើបអង្កេត និងធ្វើរបាយការណ៍ពី ភាពមិនប្រក្រតីទាំងនេះ។ គណៈកម្មការចម្រុះនេះ អាចមាន​សមាសភាពចូលរួមពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តំណាង​អង្គការសហប្រជាជាតិ តំណាងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ដែលធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោត។ គណៈកម្មការចម្រុះនេះ ត្រូវធ្វើការស៊ើបអង្កេត និងផ្តល់របាយការណ៍ចុងក្រោយ មិនឲ្យហួសថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣​ឡើយ។»

តបទៅនឹងបញ្ហាខាងលើនេះ លោក ទេព នីថា បានបញ្ជាក់ប្រាប់អ្មកសារព័ត៌មានថា នោះជាសិទ្ធិរបស់គណបក្សប្រឆាំង។ ឯការស្នើសុំបង្កើតគណៈកម្មការចម្រុះនោះ មិនមែនជាសមត្ថកិច្ចរបស់គ.ជ.ប ទេ។ លោកបានពន្យល់ថា «ជាសិទ្ធិរបស់គាត់ យើងធ្វើការជាធម្មតា ម្សិលមិញ យើងបានរាប់ពីការិយាល័យបោះឆ្នោតហើយ ហើយបញ្ជូនមកគណៈកម្មការ​ឃុំ-​សង្កាត់​រៀបចំការបោះឆ្នោត ហើយព្រឹកនេះ យើងបូកសរុបការងារនៅក្រុមប្រឹក្សាឃុំ-សង្កាត់រៀបចំការបោះឆ្នោត»។

លោក បានបន្តថា ចំពោះលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ក្រោយការបូកសរុបនៅថ្នាក់ឃុំសង្កាត់ហើយ ត្រូវបញ្ជូន​មក​ថ្នាក់ខេត្ត-រាជធានី និងបញ្ជូនបន្តរមកកាន់គ.ជ.ប។ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន យូរបំផុតត្រឹមថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០១៣ ។ បើមានបណ្តឹងទាស់ ត្រូវរង់ចាំដល់ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចចុងក្រោយ ហើយលទ្ធផល​បោះឆ្នោត​ជាផ្លូវការ នឹងត្រូវប្រកាសនៅខែកញ្ញា ឆ្នាំ២០១៣ខាងមុខ។

ស្របពេលជាមួយគ្នានេះ អង្គការជាតិ និងអន្តរជាតិមួយចំនួនដែលបានចូលរួម ឃ្លាំមើលការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តនីតិកាលទី៥ ក៏បានធ្វើសន្និដិទកាសែត ក៏បានបង្ហាញពីស្ថានភាពមិនប្រក្រតីមួយចំនួន នៃការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១​៣ នេះដែរ។

អង្គការទាំងនោះបានបង្ហាញពីភាពមិនប្រក្រតីទាំងនោះ រួមមានការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងពេលបោះឆ្នោត​មាន​ត្រឹម​តែ ៦៨ភាគរយ ។ គ.ជ.ប មិនទទួលទូរស័ព្ទ នៅពេលដែលប្រជាពលរដ្ឋមួយចំនួន ហៅទៅសាកសួររកឈ្មោះ។ ការផ្អាក​ចាក់ផ្សាយ ព័ត៌មានរបស់វិទ្យុបរទេស ដោយសារតែម្ចាស់ ស្ថានីយទាំងនោះមានការភ័យខ្លាច។

ឯគណបក្សប្រជាជនកម្ពុជាវិញ បានចេញនូវសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៨ ខែកក្កដានេះ ស្វាគមន៍ចំពោះ​ប្រជា​ពលរដ្ឋទាំងអស់ ដែលបានគាំទ្រឲ្យគណបក្សប្រជាជន បានបន្តរកាន់តំណែងនេះក្នុងរយៈពេលប្រាំឆ្នាំទៀត។ សេចក្តី​ថ្លែងការណ៍ បានស្នើរសុះឲ្យពលរដ្ឋទាំងអស់ រក្សាភាពស្ងៀមស្ងាត់ ដើម្បីឲ្យ គ.ជ.ប បន្តរដំណើរការរបស់ខ្លួនបាន​ចប់​សព្វគ្រប់។

លទ្ធផលបោះឆ្នោតផ្លូវការ មិនទាន់មាននៅឡើយទេ។ បើតាមការផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៨ ខែកក្កដា យប់ម៉ិញ តាមទូរទស្សជាតិម្ពុជា បានបង្ហាញពីការប្រដេញសម្លេងគ្នារវាង គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ។ តែ​សម្រាប់ មណ្ឌលខេត្ត-រាជធានីចំនួនបួនដែលមានអាសនៈច្រើន ដូចជាខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តព្រៃវែង និងនៅរាជធានី គណបក្សសង្គ្រោះជាតិបាននាំមុខលើគណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច​របស់នាយករដ្ឋមន្ត្រី​ចាំផ្ទះ​បច្ចុប្បន្នលោក ហ៊ុន សែន៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...