ផៃ ស៊ីផាន ប្រតិកម្ម​តប កឹម សុខា លើ​ពាក្យ «ដៃ​គូ​សន្ទនា»

បើតាមលោក ផៃ ស៊ីផាន៖ «“ដៃគូសន្ទនា” ជាវប្បធម៌ថ្មីមួយ ដែលជាទស្សនៈទាន របស់សម្តេចតេជោ នៅក្នុងបំណងបំពេញ និងពង្រឹងបន្ថែម នូវសណ្តាប់ធ្នាប់នយោបាយ នៃគោលដៅអភិវឌ្ឍន៍ ប្រជាធិបតេយ្យ ក្នុងតម្លៃផ្សះផ្សាជាតិ គៀងគរកម្លាំងជាតិ និងពង្រឹងនីតិរដ្ឋ។»
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣១ មីនា ២០១៥
  • កែប្រែចុងក្រោយ: April 01, 2015
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមពាក្យសម្ដី នៅតែបន្តភាគមិនចេះដាច់ រវាងលោក លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ជាមួយនឹងលោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ។ ដើម្បី​ចូលមកបញ្ចប់ខែមីនា ម្សិលម៉ិញនេះ លោក ផៃ ស៊ីផាន បានសរសេរពន្យល់បក ទៅលោក កឹម សុខា តាមទំព័រ​ហ្វេសប៊ុក របស់លោកថា៖ «ដៃគូសន្ទនា មិនមានសារធាតុនៃកិច្ចធានា ក្នុងកិច្ចរំលោភនីតិរដ្ឋ នោះឡើយ។ ក៏ប៉ុន្តែ ក៏បាន​ផ្តល់ឱកាស ក្នុងការបញ្ចប់នូវភាពឧទ្ទាម និងបង្កើននូវក្រមសីលធម៌ និងការទទួលខុសត្រូវ នៃសណ្តាប់​ធ្នាប់​នយោបាយ។ ភាពសុចរិត និងជំនឿលើ “សេរីពហុបក្ស” ត្រូវតែជាមនោគមន៍វិជ្ជា ដែលរាជរដ្ឋាភិបាល ដឹកនាំដោយ​សម្តេច​តេជោ បានខំប្រឹងប្រែង ប្រមែប្រមូល គ្រប់និន្នាការ រាប់តាំងពីក្នុងព្រៃភ្នំ ពីក្រៅប្រទេស មករួមគ្នាកសាងជាតិ ដែលសម្តេចតេជោ យល់ឃើញថា “ជាកម្លាំងជាតិ”។»

ការលើកឡើង របស់លោក ផៃ ស៊ីផាន នាពេលនេះ បានធ្វើឡើង បន្ទាប់ពីលោក កឹម សុខា បានថ្លែង ក្នុងពិធីរំលឹកខួប លើកទី១៨ នៃការបោកគ្រាប់បែក នៅមុខអតីតរដ្ឋសភាថា ក្នុងភាពជាដៃគូសន្ទានា របស់គណបក្សសង្គ្រោះជាតិ ជា​មួយ​គណបក្សប្រជាជនកម្ពុជា លោក នឹងស្នើឲ្យ មានការធ្វើវិសោធកម្មច្បាប់ទាំងបី ដែលទាក់ទងនឹងតុលាការ ដើម្បី​ភាព​ឯករាជ្យ និងនីតិរដ្ឋនៅកម្ពុជា។ លោក កឹម សុខា បានថ្លែងនៅពេលនោះថា៖ «ក្រោយការកែច្បាប់បោះឆ្នោត កែ គ.ជ.ប ហើយនេះ យើងនឹងធ្វើការកែទម្រង់ ស្ថាប័នជាតិ ដើម្បីពង្រឹងតុល្យភាព នៃអំណាចទាំងបី។ (…) និង​វិសោធនកម្ម ច្បាប់ទាំងបីទាក់ទងនឹងតុលាការ… ដែលនឹងអាចជម្រុញ ឲ្យតុលាការឯករាជ្យបាន។ (…) គណបក្ស​សង្គ្រោះ​ជាតិ និង​ស្នើទៅគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ក្នុងនាមគណបក្សជាដៃគូ ដែល​បាន​សន្យា​ថា នឹង​ចាប់​ដៃ​គ្នា ធ្វើការកែទម្រង់ ប្រទេសជាតិទៅមុខ។»

ចំពោះការលើកឡើងខាងលើ របស់លោក កឹម សុខា នេះ បានបង្កើត ជាចម្ងល់យ៉ាងខ្លាំង ដល់លោក ផៃ ស៊ីផាន ដោយ​លោកបានចោទសួរដូច្នេះថា «ឯ.ឧ អនុប្រធានទី១ តើ ឯ.ឧ មានសុចរិតភាព ក្នុងភាពជាដៃគូសន្ទនានោះទេ? នៅក្នុង​រយៈកន្លងមក អ្វីដែលឃើញនោះ ខ្ញុំយល់ថា ឯ.ឧ ជាតួអង្គ ក្នុងការប្រឆាំង និងសណ្តាប់ធ្នាប់នយោបាយ ព្រមទាំង​បង្កើត​ឲ្យមានវិបត្តិ នៃភាពរអាក់រអួល នៃដំណើរការលទ្ធិប្រជាធិបតេយ្យ ព្រមទាំងនយោបាយប្រជាធិបតេយ្យ ដែលមានចែង​នៅក្នុងរដ្ឋធម្មនុញ្ញ។»

រដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្រ្តី រូបនេះបានបន្តថា៖ «នៅក្នុងមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យ ឆន្ទៈរាស្ត្រជា​មូល​ដ្ឋាន​គ្រឹះ គឺមិនមែនកម្លាំងរាស្ត្រ ដើម្បីផ្លាស់ប្តូរនោះទេ។ មូលដ្ឋាននេះ គឺមូលដ្ឋាន នៃឆន្ទៈភាគច្រើន និងឆន្ទៈភាគតិច នៅ​ក្នុង​រដ្ឋសភា ដែលជាក្រឹត្យក្រម នៃដំណើរការប្រជាធិបតេយ្យ។ នេះ គឺមិនមែនអារម្មណ៌ ឬការយល់ឃើញ របស់​បុគ្គល​ខ្លួនឯងនោះទេ។ ការទាមទារ ធ្វើវិសោធនកម្មមាត្រា ដែល ឯ.ឧ កឹម សុខា មានបំណងនោះ គឺពិតប្រាកដ​ចង់​បាន​យុត្តិធម៌ ជូនដល់មហាជនពិតប្រាកដ ឬមួយ គ្រាន់តែជាការផ្សាយពាណិជ្ជកម្ម វាយប្រហារប៉ុណ្ណោះ ឬយ៉ាងដូចម្តេច?»

លោក ផៃ ស៊ីផាន បានស្រង់សម្តីពីលោក សុខ ឥសាន ប្រិយមិត្តម្នាក់ នៅក្នុងហ្វេសប៊ុក មកសរសេរថា៖ «“តំណាង​រាស្ត្រ គណបក្សសង្គ្រោះជាតិ អាចធ្វើតាមនីតិវិធីផ្ទៃក្នុង របស់រដ្ឋសភា ដោយស្នើទៅរដ្ឋសភា ដើម្បីធ្វើវិសោធន​កម្ម​មាត្រា ដែលខ្លួនចង់ធ្វើវិសោធនកម្ម”។ អាស្រ័យ ដោយគោលគំនិតស្រប ដើម្បីហេតុផល យុត្តិធម៌ ជូនប្រជាពលរដ្ឋ និងសាង​សន្តិភាព សម្រាប់ប្រទេសជាតិនោះ។»

មន្ត្រីរដ្ឋាភិបាល ដែលល្បីខាងវោហាស័ព្ទ យ៉ាងហូហែរូបនេះ បានឌឺដង ត្រឡប់ទៅលោក កឹម សុខា វិញទៀតថា៖ «ខ្ញុំ​ជឿជាក់​ថា ឯ.ឧ នៅក្នុងឧត្តមគតិនេះ (នឹងធ្វើតាម) ការកោះហៅរបស់តុលាការ ដែលបង្គាប់ឲ្យចូលខ្លួន នៅថ្ងៃទី៨ ខាង​មុខ។ នេះ គឺជាឧទាហរណ៌មួយ សម្រាប់ហេតុផល ដែលកើតចេញ ពីសកម្មភាពរបស់ ឯ.ឧ។ ជាពិសេស គឺសម្រាប់​ផល​ប្រយោជន៍ យុត្តិធម៌ និងសន្តិភាព ដែលជាសេចក្តីចង់បាន របស់កម្ពុជា ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជា​ឆន្ទៈ​ជាក់​ស្តែង របស់មហាជនផងដែរ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...