ក្រុមហ៊ុន និង​អាជ្ញាធរ​មណ្ឌល​គិរី រួម​ដៃ​គ្នា​ដុត​ផ្ទះ​ពលរដ្ឋ​អស់​ ១៧២ ខ្នង

ជំលោះដណ្តើមដីធ្លី រវាងក្រុមហ៊ុន បីងភឿកមួយ និងប្រជាពលរដ្ឋ ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឈានដល់ការគាស់រំលើង និងដុតផ្ទះ របស់ជាពលរដ្ឋ កាលពីរសៀល ថ្ងៃទី ៣១ ខែមីនានេះ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ៣១ ខែមីនា ២០១៥
  • កែប្រែចុងក្រោយ: April 01, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កងកំលាំងប្រដាប់អាវុធ និងមន្ត្រីស្រុក កែវសីមា រួមទាំងកម្លាំង របស់ក្រុមហ៊ុន សរុបជាង ៧០នាក់ បាននាំគ្នាចាត់​វិធាន​ការ​ភ្លាមៗ ដោយដុត និងគាស់រំលើងផ្ទះ របស់ប្រជាពលរដ្ឋ ក្នុងភូមិចក់ចារ ដើម្បីយកដីដំណាំ កសិឧស្សាហកម្ម។ កង​កំលាំង​ទាំង​នោះ បានប្រើឡានអាអិច ឡានបាញ់ទឹក ឡានសារ៉ែន និងឡានផ្សេងៗទៀត សរុប ១៤គ្រឿង ដើម្បីធ្វើការ​បំផ្លាញ​​ផ្ទះ របស់ប្រជាពលរដ្ឋ។

រីឯពលរដ្ឋ ដែលជាម្ចាស់ផ្ទះ ជាង ១០០គ្រួសារ បានត្រឹមតែឈរមើល គេបំផ្លាញផ្ទះរបស់ខ្លួន តែប៉ុណ្ណោះ ដោយមិន​ហ៊ាន​ធ្វើអ្វី នោះឡើយ។ នេះតាមការបញ្ជាក់ របស់លោក ព្រប ជីព ប្រជាប្រជាពលរដ្ឋ រស់នៅតំបន់នោះ។ លោក​បាន​បញ្ជាក់ថា ជំលោះនៅថ្ងៃនេះ គ្មានអាជ្ញាធរណាម្នាក់ មកធ្វើអន្តរាគមន៍នោះទេ។

លោកបន្ថែមថា បើសិនជាខ្លួនទៅប្តឹង ក៍មិនដឹងថាទៅប្តឹងនៅឯណាដែរ ព្រោះពីមុនធ្លាប់បានប្តឹង ទៅច្រើនកន្លែងហើយ រាប់ទាំងតុលាការក្រុង តុលាកាផ្សេងៗទៀត ស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ និយាយរួមក្រុមពួកគាត់ បានដាក់ពាក្យ​បណ្តឹង គ្រប់កន្លែងអស់ហើយ ប៉ុន្តែមិនដែលមាន ដំណោះស្រាយ ឬកិច្ចអន្តរាគមន៍ ពីអ្នកណានោះទេ។ លោក ព្រប ជីព និយាយទាំងអស់សង្ឃឹមថា៖ «ខ្ញុំចង់ទៅប្តឹងស្តេច ទៅគាល់ស្តេចម្តង បើប្តឹងគ្រប់ក្រសួងអស់ហើយ គ្មានសល់ក្រសួង​ណា​ទៀត​នោះ»។

លោក ព្រប ជីព បានពន្យល់ថា ផ្ទះរបស់ប្រជាពលរដ្ឋខ្លះ គ្រាន់តែជារោង ឬខ្ទមតូចៗ ដែលពួកគេទៅសង់ សំរាប់ស្នាក់​នៅចាំដី ខ្លាចក្រុមហ៊ុនព័ទ្ធយក ប៉ុន្តែខ្លះទៀត ជាផ្ទះឈើធំៗ ដែលពួកគេស្នាក់នៅ ជាអចិន្ត្រៃយ៍នៅទីនោះ។ លោក បាន​បន្តឲ្យដឹងថា ពួកគេរស់នៅទីនោះ តាំងពីឆ្នាំ ១៩៩៨ មកម្លេះ ហើយទើបតែឆ្នាំ ២០១២ បានកើតមានជំលោះ ជាមួយ​ក្រុមហ៊ុន​បីងភឿកមួយ ដែលបានដណ្តើមយក ដីស្រែចំការ របស់ប្រជាពលរដ្ឋ នៅតំបន់នោះ។

គួរបញ្ជាក់ថា រហូតមកទល់ល្ងាចថ្ងៃទី៣១ ខែមីនានេះ កងកំលាំងនៅមិនទាន់ដកចេញ ពីកន្លែងកើតហេតុនៅឡើយ​នោះ​ទេ ហើយប្រជាពលរដ្ឋ ក៍មិនអាចចូល ទៅយកអីវ៉ាន់ នៅក្នុងផ្ទះបានដែរ ហើយស្ថានភាពនេះ ប្រហែលជាអាចបន្ត ដល់យប់ក៍ថាបាន ព្រោះប្រជាពលរដ្ឋខ្លះ នៅមានកំហឹង និងខ្លះទៀត នៅឈរយំទួញសោក ស្តាយផ្ទះសំបែង និងទ្រព្យ​សម្បត្តិរបស់ពួកគេ។

មិនអាចទាក់ទង សុំការបកស្រាយ ពីមន្ត្រីទទួលខុសត្រូវ នៅសាលាខេត្តមណ្ឌលគិរី បានទេ នៅពេលនេះ។

ដោយឡែក លោក សុខ រដ្ឋា អ្នកសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំ ខេត្តមណ្ឌលគិរី បាន​ប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ករណីនេះ ភាគីទាំងសងខាង ធ្លាប់បានប្តឹងផ្តល់គ្នា ទៅវិញទៅមក ប៉ុន្តែមិនទាន់​មាន​ដំណោះស្រាយ ពីតុលាការឲ្យបានត្រឹមត្រូវនៅឡើយ។ ហើយតុលាការ ក៏មិនទាន់ចេញ សាលក្រមសម្រេច ឲ្យ​អ្នកណាចាញ់ឈ្នះ នៅឡើយដែរ។ ប៉ុន្តែអាជ្ញាធរ បែជាធ្វើសកម្មភាពក្តៅ ដាក់ប្រជាពលរដ្ឋទៅហើយ លោកថា ការធ្វើ​ដូច្នេះ ហាក់បីដូចជារំលោភ ចំពោះស្ថាប័នតុលាការ។

លោក រដ្ឋា បានបញ្ជាក់ទៀតថា រដ្ឋាភិបាលបានផ្តល់ដីសម្បទាន ឲ្យក្រុមហ៊ុននេះ ដាំដំណាំកៅស៊ូ នៅក្នុងស្រុក​កែវ​សីមា ប៉ុន្តែនៅរយៈពេលក្រោយនេះ ស្រាប់តែក្រុមហ៊ុន បានធ្វើការពង្រីករំលោភយកដី ប្រជាពលរដ្ឋបន្ថែមទៀត នៅ​ភូមិ ចក់ចារ នេះ។

មន្ត្រីរបស់សមាគមអាដហុក បានបន្ថែមថា ការប្រើអំពើហឹង្សារ និងបំផ្លាញជំរក របស់ប្រជាពលរដ្ឋដូច្នេះ វាជាការ​រំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ សិទ្ធិទទួលបានជំរក សិទ្ធបញ្ចេញមតិ និងសិទ្ធិស្វែងរកដំណោះស្រាយ តាមប្រព័ន្ធ​តុលាកា។ លោកសង្ឃឹមថា មន្ត្រី និងអាជ្ញាធរ នៅខេត្តមណ្ឌលគិរី ថាគួរតែបញ្ឈប់ការប្រើអំពើហឹង្សា និងប្រើវិធីក្តៅ ដាក់ប្រជាពលរដ្ឋបន្តទៀត ព្រោះការធ្វើដូច្នេះ វាមិនមែនជាវិធីសាស្ត្រ ដោះស្រាយបញ្ហានោះទេ ប៉ុន្តែវាបានធ្វើឲ្យ​មាន​ការ​ធ្លាក់ចុះ នូវប្រជាប្រិយភាពរបស់មន្ត្រីខ្លួនឯងទៅវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...