ចាន់ សូវ៉េត ទទួលមរណៈភាពដោយជំងឺគាំងបេះដូង
- ដោយ: អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី១០ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 10, 2014
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមការបញ្ជាក់របស់លោក ណៃ វ៉ង់ដា អនុប្រធានផ្នែក និងមេធាវីតំបន់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា លោក ចាន់ សូវ៉េត បានផុតជីវិតលាចាកលោក ក្នុងរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ នេះ។ ចំពោះករណីលំអិតនៃការស្លាប់នេះ លោកសុំមិនធ្វើការអត្ថាធិប្បាយបានទេ ព្រោះនៅមិនមានការអនុញ្ញាត ពីក្រុមគ្រួសារនៃសពនៅឡើយ។
លោក ចាន់ សាវេត ជាមន្រ្តីស៊ើបអង្កេតដ៏ល្បីឈ្មោះ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ក្នុងរឿងដីធ្លី និងព្រៃឈើ។ មុនឈានទៅដល់ការទទួលមរណៈភាពនេះ លោកមានជំងឺលើសឈាម ហើយបានគាំងបេះដូង។ លោកបានទទួលមរណភាពវេលាម៉ោង២ និង៥៥នាទីរសៀល បន្ទាប់ពីលោកបានវិលត្រឡប់ពី ការចូលរួមក្នុងការប្រារព្ធពិធី ទិវាសិទ្ធិមនុស្ស ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤នេះ។
តាមប្រភពព័ត៌មាន ពីអ្នកយកការណ៍របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាលំនៅដ្ឋាននៃសព សង្កាត់បឹងកេងកង៣ ខណ្ឌ ចំការមន បានបញ្ជាក់តាមការអះអាងរបស់ភរិយាលោក ចាន់ សូវ៉េត ថា ពេលសំរាន្ដថ្ងៃត្រង់ជាធម្មតា ក្រោយបាយនោះ លោក ចាន់ សូវ៉េត បានសន្លប់ស្តូកស្តឹងជាងកន្លះម៉ោង។
លោក ចាន់ សូវ៉េត បានបន្សល់ទុក នូវការអាឡោះអាល័យជាច្រើន ដល់ប្រជាពលរដ្ឋដែលលោកធ្លាប់បានជួយសង្គ្រោះ តាមរយៈការតស៊ូមតិ ដើម្បីសិទ្ធិ និងលំនៅដ្ឋាន។ មុននេះតែមួយថ្ងៃប៉ុណ្ណោះ លោកបានព្រមានអាជ្ញាធរខេត្តពោធិ៍សាត់ ថានឹងបោះបង់កិច្ចសហការជាមួយអាជ្ញាធរខេត្តនេះ ក្នុងសកម្មភាពចុះស្រាវជ្រាវ និងដោះស្រាយរឿងដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិសង្គមថ្មី នៃឃុំថ្មដា ចំនួន២១គ្រួសារ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤នេះ។ ពិសេសលើទម្រង់សលាកបត្រព័ត៌មាន ដែលលោកចាត់ទុកថា ជានីតិវិធីផ្លូវច្បាប់មួយ ដើម្បីដោះស្រាយបញ្ហាដីធ្លីនេះនៅភូមិសង្គមថ្មី នៃឃុំថ្មដានោះ។ តែបញ្ហាសលាកបត្រព័ត៌មាននេះ មិនមានការគាំទ្រដោយប្រជាពលរដ្ឋនោះទេ ព្រោះពួកគាត់ជាម្ចាស់ទឹកដី និងរស់នៅជាយូរមកហើយ មិនចាំបាច់ធ្វើនោះឡើយ។
សកម្មជនការពារសិទ្ធិមនុស្សរូបនេះ ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនយ៉ាងហោចណាស់ក៏ម្ដងដែរ នៅក្នុងសំនុំរឿងដីធ្លីនាខេត្តក្រចេះ ដ៏ចម្រូងចម្រាស ពីបទជួយលាក់ និងការពារទំនុកបម្រុងដល់ជនជាប់ចោទ ដែលពាក់ព័ន្ធនឹងរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល តាមរយៈជម្លោះដីធ្លី នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ឲ្យរត់គេចខ្លួន កាលពីខែឧសភា ឆ្នាំ២០១២។ ព្រឹត្តិការណ៍នោះ ជាការបង់សំណាញ់ដ៏ធំមួយ របស់អាជ្ញាធររដ្ឋាភិបាល ប្រឆាំងនឹងក្រុមសកម្មជនការពារសិទ្ធិ និងពលរដ្ឋដែលហ៊ានងើបឡើងតវ៉ា ក្នុងនោះមានលោក ម៉ម សូណង់ដូ មួយរូបផង ក៏ត្រូវបានតុលាការចាប់ដាក់ឃុំក្នុងពន្ធនាគារដែរ។
សពរបស់លោក ចាន់ សូវ៉េត ត្រូវក្រុមគ្រួសារសម្រេចដឹកយកទៅធ្វើបុណ្យ នៅផ្ទះរបស់លោកផ្ទាល់ក្នុង ភូមិគល់ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ តាមការបញ្ជាក់របស់មន្រ្តី នៃសមាគមអាដហុក លោក ចាន់ សូវ៉េត បានបម្រើការងារផ្នែកសិទ្ធិមនុស្ស និងដីធ្លីនេះ ជាង១៥ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩៨មក៕
» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចលើទីនេះ។